កីឡាជាតិ
ជាតិ
អ្នកចាំទី គឹម មករា អាច​អវត្តមាន​១​រដូវ​កាល ដោយសារ​របួស​ដាច់​ស​រ​សៃ​ជង្គង់​
28, Jan 2019 , 8:59 pm        
រូបភាព
កីឡាករ គឹម មករា សម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ក្រោយវះកាត់រួច,​ រូបភាពពីក្លិបបឹងកេត
កីឡាករ គឹម មករា សម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ក្រោយវះកាត់រួច,​ រូបភាពពីក្លិបបឹងកេត
ដោយ:
​អ្នកចាំទី​ដៃ​ទី​១​របស់​ក្លិប​បឹងកេត គឹម មករា អាច​បាត់​មុខ​ពី​ទីលាន​ប្រកួត​ពេញ​មួយ​រដូវ​កាល ក្រោយ​រងរបួស​ដាច់​ស​រ​សៃ​ជង្គង់​អំឡុងពេល​ហ្វឹកហាត់​កាលពី​ចុងឆ្នាំ​២០១៨​។ បច្ចុប្បន្ន មករា កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​វៀតណាម ក្រោយ​វះកាត់​របួស​ដោយ​ជោគជ័យ​កាលពី​ចុង​សប្តាហ៍​មុន​។ លោក ហៅ សុជាតិ បាន​លើកឡើងថា ការ​អវត្តមាន​អ្នកចាំទី​ដៃ​ទី​១​រូបនេះ អាច​ប៉ះពាល់​តិចតួច​ដល់​ក្លិប សម្រាប់​ការត្រៀម​រដូវ​កាល​ថ្មី​។​

 
​ក្រោយ​វះកាត់​របួស​ដាច់​សរសៃ​ជង្គង់​ខាងស្តាំ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែមករា អ្នកចាំទី​ដៃ​ទី​១​របស់​ក្លិប​បឹងកេត គឹម មករា អាច​ចំណាយពេល​១​ឆ្នាំ​ក្នុងការ​សម្រាក​ព្យាបាល​របួស​ឲ្យ​ជាសះស្បើយ​។ បច្ចុប្បន្ន​អ្នក​ចាំ​រូបនេះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​វៀតណាម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្លិប​បឹងកេត​។   
 
​ក្នុងន័យនេះ​អ្នកចាំទី គឹម មករា អាច​អវត្តមាន​ពេញ​មួយ​រដូវ​កាល​ឆ្នាំ​២០១៩ ដែល​នឹង​បើក​រជ្ជកាល​ថ្មី​នៅ​ខែមីនា ជាមួយ​ក្លិប​ម្ចាស់​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៧​មួយ​នេះ​។ លោក ហៅ សុជាតិ បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​អវត្តមាន​អ្នកចាំទី​ដៃ​ទី​១​រូបនេះ ព្រោះ​លោក​យល់ថា វា​អាច​ជះឥទ្ធិពល​មិនល្អ​តិចតួច​ដល់​ក្លិប ខណៈ​បច្ចុប្បន្ន​ក្លិប​បឹងកេត​ពុំទាន់​រកឃើញ​អ្នកចាំទី​ថ្មី ដើម្បី​ជំនួស​តំណែង​នេះ​នៅឡើយ​ទេ​។ 
 
​កាលពីពេល​កន្លងទៅ​ថ្មីៗ គេ​សង្កេតឃើញ​អតីត​អ្នកចាំទី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន Alex You បានបង្ហាញ​វត្តមាន​ក្នុង​ក្រុម​បឹងកេត ដែល​ធ្វើ​ឲ្យ​មានការ​សន្និដ្ឋានថា កីឡាករ​រូបនេះ​ទំនងជា​មក​រួមរស់​ជាមួយ​ក្លិប​បឹងកេត​។ ពាក់ព័ន្ធ​បញ្ហា​នេះ គ្រូបង្វឹក​ដឹកនាំ​ក្លិប​បឹងកេត​ឲ្យ​ឈ្នះ​ជើងឯក​នៅ​ឆ្នាំ​២០១៧​ខាងលើ បាន​ទទួលស្គាល់ថា Alex You ពិតជា​បាន​បង្ហាញមុខ​ក្នុង​ក្រុម​បឹងកេត​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ការបង្ហាញ​វត្តមាន​របស់ Alex គ្រាន់តែ​ជាការ​ធ្វើតេស្ត​សមត្ថភាព​ប៉ុណ្ណោះ ហើយ​វា​កំពុងស្ថិត​ក្នុងការ​ពិចារណា​។​
 
​ទោះបី​គ្មាន​ការឯកភាព​គ្នា​ឈានដល់​ចុះកិច្ចសន្យា​ជាមួយ​អ្នកចាំទី​ខ្មែរ​-​បារាំង​រូបនេះ​ក៏ដោយ លោក ហៅ សុជាតិ បាន​អះអាងថា លោក​នឹង​ព្យាយាម​ប្រើប្រាស់​ធនធាន​កីឡាករ​របស់​ក្លិប​ឲ្យ​អស់ពី​លទ្ធផល​ភាព​។ បច្ចុប្បន្ន​បឹងកេត​មាន​អ្នកចាំទី​ពីររូប​រួមមាន​កីឡាករ សាន គឹម​ហ៊ុយ (​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី​) និង​កីឡាករ លី សា​ម៉េ​ត (​មកពី​វេ​ស្ទើ​ន​ភ្នំពេញ​)​។ 
 
​គួររំលឹកថា អ្នកចាំទី គឹម មករា បាន​រងរបួស​ដាច់​ស​រ​សៃ​ជង្គង់​ខាងស្តាំ​ក្នុងអំឡុងពេល​ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨​។ រូបគេ​បាន​ទៅ​វះកាត់​របួស​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​វៀតណាម​កាល​ពីថ្ងៃ​សៅរ៍ ទី​២៦ ខែមករា ឆ្នាំ​២០១៩​។ សម្រាប់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ជា​បន្ទុក​របស់​ក្លិប​បឹងកេត ហើយ​រូបគេ ក៏​ទទួលបាន​ប្រាក់ខែ​ដូច​កីឡាករ​ដទៃ​ផងដែរ​។ គឹម មករា ត្រូវបាន​ក្លិប​បឹងកេត​ដំឡើង​ពី​អ្នកចាំទី​ដៃ​ទី​២​មក​ដៃ​ទី​១​នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៨ ក្រោយ​អ្នកចាំទី​ដៃ​ទី​១ ស៊ូ យ៉ា​ទី ផ្ទេរ​ទៅ​ក្លិប​ណាហ្គា​វើ​ល​៕  
 

Tag:
 ហៅ សុជាតិ​
  គឹម មករា​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com