ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ឃ្លាន​មិន​ឈប់ អាច​បណ្ដាលមកពី​មូលហេតុ​ទាំងនេះ​
05, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​មាន​អ្វី​កើត​ឡើងទៅ​ប្រសិនបើ​អ្នក​ចេះតែ​ចង់​ទំពារ ឬ​ឃ្លាន​រហូត​មិន​ឈប់​សោះ​? ដំបូង​អ្នក​ត្រូវ​ដឹង ឬ​យល់ថា​តើ​ហេតុអ្វី​បានជា​អ្នក​ឃ្លាន ហើយ​ឃ្លាន​បែបណា​ជាមុនសិន​។​ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូល​ហេតុដែល​បណ្ដាលឱ្យ​អ្នក​ចេះតែ​ឃ្លាន​មិន​ឈប់ ហើយ​ថា​តើ​គួរ​ដោះស្រាយ​បែបណា ៖

 
១. ស្រេកទឹក​
 
​ប្រសិនបើ​អ្នក​ទើបនឹង​ទទួលទាន​ច្រើន​ឆ្អែត​ហើយ​សោះ ស្រាប់តែ​ឃ្លាន​ទៀត​នោះ​អ្នក​ប្រហែលជា​កំពុង​ស្រេកទឹក​។ ទទួលទាន​ទឹក​ធម្មតា ១ កែវ ហើយ​រងចាំ​បន្តិច​។ ប្រសិនបើ​អារម្មណ៍​ឃ្លាន​បាត់​ថយចុះ​នោះ​មួយស្របក់​ទៀត​អ្នកនឹង​ឈប់​ឃ្លាន​តែម្ដង​។ ជម្រើស​ដ៏​ប្រសើរ​បំផុត គឺ​ហ្វឹកហាត់​រាងកាយ​ឱ្យទទួល​ទាន​ទឹក​ច្រើន​នៅពេល​ព្រឹក និង​កន្លះ​ម៉ោង​មុន​រាល់ពេល​អាហារ​។​
 
២. គេង​មិន​គ្រប់​
 
​ជាមួយនឹង​ការ​គេង​បាន​ស្កប់​ពី ៧ ទៅ ៨ ម៉ោង នោះ​អារម្មណ៍​ឃ្លាន​មិន​ធ្វើឱ្យ​អ្នក​ភ្ញាក់ឡើង​កំឡុង​ពេលយប់​ឡើយ​។ នៅ​ពេលយប់​រាងកាយ​ផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​ដែល​ទទួលខុសត្រូវ​មិន​ត្រឹមតែ​ចំពោះ​ដំណើរការ​ប្រក្រតី​នៃ​សរីរាង្គ​, គ្រប់គ្រង​ការ​ឃ្លាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​រូបរាង​ផងដែរ​។ ដើម្បី​ទទួលបាន​ភាពស្រស់​ស្រាយ និង​សម្រស់​ស្រស់ស្អាត ចូរ​ព្យាយាម​គេង​លក់​មុន​ពាក់​កណ្ដាលយប់​។​
 
៣. អាកប្បកិរិយា​ដែល​ស្ថិតក្រោម​ភាព​តានតឹង​
 
​នៅពេល​ជួបប្រទះ​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​មនុស្ស​មួយចំនួន​មិន​ឃ្លាន​ទទួលទាន​អ្វី​ឡើយ ខណៈដែល​អ្នក​ខ្លះទៀត​ឃ្លាន​ទទួលទាន​អាហារ​ជាច្រើន​ទប់ទល់​នឹង​ស្ថានភាព​នេះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចូរ​ចាំ​ថា​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​មិនមែន​អាច​តែ​ត្រូវបាន​ដោះស្រាយ​ដោយ​ការ​ទទួលទាន​អាហារ​ផ្សេងៗ ឬ​អាហារ​ផ្អែម​ច្រើន​ឡើយ​។ ជំនួស​មកវិញ អ្នក​អាច​ជជែក​លេង ឬ​ពិភាក្សា​ជាមួយ​សមាជិកគ្រួសារ​, ធ្វើ​លំ​ហាត់ប្រាណ​, ដើរលេង​ក្នុង​សួន​, មើល​រឿង​សំណព្វចិត្ត និង​អាន​សៀវភៅ​ជាដើម​។​

៤. កង្វះ​ប្រូតេអ៊ីន​
 
​កុំ​ភ្លេច​រួមបញ្ចូល​ជាតិ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ក៏​ព្រោះ​វា​អ្វីដែល​ធ្វើឱ្យ​អ្នកមាន​ថាមពល​, ស្វាហាប់​, រស់​រវើក និង​ឆ្អែត​ស្កប់ស្កល​។ បន្លែ និង​ផ្លែឈើ គឺ​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ប្រូតេអ៊ីន​គួរ​មាន​ជា​ចាំបាច់​ក្នុង​របប​អាហារ​។ ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​មានដូចជា សាច់​គ្មាន​ខ្លាញ់​, សាច់មាន់​, ស៊ុត និង​ច្រើន​ទៀត​។​
 
៥. កង្វះ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​
 
​ខ្លាញ់​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាងកាយ និង​ជួយ​គ្រប់គ្រង​ការ​ឃ្លាន​។ ប្រភព​នៃ​ខ្លាញ់​ល្អ​មានដូចជា ប្រេង​អូ​លីវ​, ត្រី​ក្រហម​, គ្រាប់​ធញ្ញជាតិ​, ផ្លែ​បឺ​រ និង​គ្រាប់ពូជ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ កុំ​ភ្លេច​រួម​ប​ញ្ជូ​ល​ប្រភេទ​នៃ​ខ្លាញ់​ល្អ​ក្នុង​របប​អាហារ​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com