ONE Championship
កីឡាជាតិ
ជាតិ
ខុន ស៊ី​ចាន់ ត្រៀម​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​លើស​ង្វៀន ONE Championship នៅ​សិង្ហ​បុរី​
07, Feb 2019 , 10:39 pm        
រូបភាព
អត្ថបទ​៖ Matias Andres
 
​ខុន ស៊ី​ចាន់ នឹង​បង្ហាញខ្លួន​ម្តងទៀត​នៅលើ​សង្វៀន​ពិភពលោក ONE Championship ក្រោម​ការ​ជ្រោមជ្រែង​ពី​សំណាក់​គ្រូបង្វឹក​ស្កុ​តឡែ​ន Alan Mccune ដោយ​រូបគេ​មាន​ជំនឿ​លើ​ខ្លួនឯង​ថា នឹង​រីកចម្រើន​ជាង​មុន​។​

 
​ទាំង ស៊ី​ចាន់ និង​លោក Mccune ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ត្រៀម​យកឈ្នះ​គូប្រជែង​ពី​ឥណ្ឌូណេស៊ី​Rudy "Golden Boy" Agustian ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ប្រទេស​សិង្ហ​បុរី​។ ថ្វីបើ​កៀក​ដល់​ថ្ងៃ​ត្រូវ​ប្រកួត​យ៉ាងណាក្តី លោក Alan ជឿជាក់​ខ្លាំង​លើ​សមត្ថភាព​របស់ ស៊ី​ចាន់​។ គ្រូបង្វឹក​ស្កុ​តឡែ​ន​រូបនេះ បាន​កត់សម្គាល់ថា​៖ «​ចរិត​ប្រកួត​គាត់​មិន​ដូច​គេ​ទេ គឺ​គាត់​តស៊ូរ​វាយ​តាំងពី​លឺ​សំឡេង​ជួង​ដល់​ចប់​ទឹកតែ​ម្តង​»​។​
 
​ស៊ី​ចាន់ និង​លោក Mccune ភ្ជាប់​ទំនាក់ទំនង​គ្នា​កាលពី​អំឡុង​ឆ្នាំ​២០១៤ ក្នុង​កម្មវិធី Khmer Warrior Challenge (KWC)​។ ក្នុងនាម​ជា​គ្រូបង្វឹក​នៅពេលនោះ លោក Mccune ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ទេពកោសល្យ​របស់​ស៊ី​ចាន់​។​
 
​លោក Mccune បាន​អះអាងថា​៖ «​អាច​និយាយថា ស៊ី​ចាន់ គឺជា​មនុស្ស​រៀន​លឿន​តែម្តង​។ យើង​បង្ហាញ​តិច​និ​ច​ចាប់ពី​ក្រោម​៥​នាទី​ឲ្យ​គាត់​មើល ហើយ​គាត់​ចាប់បាន​យ៉ាងតិច​៩០​ភាគរយ​ដែរ​»​។ 
 
​ស៊ី​ចាន់ ដែលមាន​ដើមកំណើត​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ បាន​ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់​តាំងពី​តូច​មកម្ល៉េះ រីឯ​គ្រូបង្វឹក​ស្កុ​តឡែ​ន​វ័យ​៥១​ឆ្នាំ មាន​សាច់ឈាម​ជា​ពូជពង្ស​អ្នក​ប្រដាល់​ក្បាច់គុន​តាំងពី​យូរយា​ណាស់​មកហើយ គាត់​ក៏បាន​ចែករំលែក​បង្រៀន​ជំនាញ​នោះ​បន្ត​ដល់​កីឡាករ​ល្បីៗ​ជំនាន់​ក្រោយ​ជា​ហូរហែរ​ផងដែរ​។​
 
 
«​សែស្រឡាយ​ខ្ញុំ​គឺ​ចេញពី Inosanto ដែលជា​ដៃគូ​ហ្វឹកហាត់​ជាមួយ Bruce Lee​។ គ្រូ​ខ្ញុំ​វិញ​គឺ Rick Young ជា​គ្រូបង្វឹក​ជាន់ខ្ពស់​ម្នាក់​ក្រោម​គាត់ [Bruce Lee] បន្តិច​»​។ 
 
​ពេល​លោក Mccune មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៣ ដំបូង​មាន មនុស្សម្នា​ជាច្រើន​រំភើប​ចង់ដឹងថា​តើ​គាត់​អាច​យក​អ្វី​ពិសេស​មកជួយ​ពិភព​ក្បាច់គុន​កម្ពុជា​បាន ពីព្រោះ​អំឡុងពេល​នោះគេ​ទើបតែ​ស្គាល់​គុន​ចម្រុះ​ថ្មីថ្មោង​ប៉ុណ្ណោះ​។ 
 
​គាត់​ចាប់បាន​ឱកាស​ដ៏​ធំ​ពេល​មាន​គ្រូបង្វឹក​ដ៏​ល្បីឈ្មោះ​ម្នាក់ទៀត​ទូរ​សព្ទ័​មក​គាត់​។ ម្នាក់​នោះ​គឺ Paddy Carson​។ 
 
Mccune ប្រាប់​ពី​ដំណើររឿង​៖ «CTN និង MYTV បាន​បង្កើត​កម្មវិធី​ប្រកួត​គុន​ចម្រុះ​ខ្លួនឯង​មួយ និង​រៀបចំ​កម្មវិធី KWC​មួយ​ដែរ​។ Paddy Carson គាត់​សួរ​ខ្ញុំ​ថា ចង់​មក​សាក​ធ្វើ​គ្រូបង្វឹក​ធំ​អត់​?»
 
«​ថ្ងៃ​ជាមួយគ្នា​នោះ ខ្ញុំ​ក៏បាន​ទៅ CTN ស្លៀក​ខោអាវ​ធម្មតា មិន​គិតថា​ទៅ​បង្ហាត់​អ្វី​ទេ គឺ​គ្រាន់តែ​ទៅ​មើល​ឲ្យ​ស្គាល់​ប៉ុណ្ណោះ​។ ប្រហែលជា​រសៀល​បន្តិច ខ្ញុំ​ដើរទៅ​ខាងក្រោយ​ឆាក CTN ក៏​ឃើញ​កីឡាករ​ប្រហែល ៧០​ទៅ ១០០​នាក់​ឈរ​តម្រង់​ជួរ​គ្នា​»​។ 
 
«​ពួកគេ​ចង់​ស្គាល់​ក្បាច់គុន​ចម្រុះ​យ៉ាងម៉េច ចង់ដឹង​ការចាប់​ផ្តួល ចង់ឃើញ​របៀប​ប្រដាល់ ពួកគាត់​គឺ​ចង់ឃើញ​ផ្ទាល់​ថា​បទពិសោធន៍​របស់ខ្ញុំ​ក្រោម​ការដឹកនាំ​របស់​គ្រូ​មកពី​អ៉ី​រ៉ុ​ប​យ៉ាងណាដែរ​»​។ 
 
Mccune​ប្រាប់​ទាំងអស់​សំណើច​ថា​៖ «​និយាយ​ទៅ​ពួកគាត់​ធ្វើ​ឲ្យ​ខ្ញុំ​មិនដឹង​ធ្វើ​អ្វី​មុន​តែម្តង​!» 
 
Alan ក៏​ក្លាយខ្លួនជា​គ្រូបង្វឹក​នៅ KWC រីឯ ស៊ី​ចាន់ ចុងក្រោយ​ជាប់​ជ័យលាភី​ជើងឯក Khmer Warrior Challenge Flyweight Champion បន្ទាប់មក​បាន​ឈាន​ជើង​ឡើង​ប្រកួត​នៅ​សង្វៀន​ធំ​អន្តរជាតិ ONE Championship ជា​បន្តបន្ទាប់​។​
 
​ចាប់តាំងពី​ស្គាល់គ្នា​ពីរ​ឆ្នាំ កីឡាករ​កម្ពុជា​រូបនេះ បាន​ត្រលប់​ចូលទៅ​ប្រកួត​ក្នុង​ទ្រុង​ម្តងទៀត​គឺ​នៅ​ខែមីនា ឆ្នាំ​២០១៨ ក្នុង​ព្រឹត្តិការណ៍ ONE: VISIONS OF VICTORY ពេលនោះ​ត្រូវ​ប៉ះ​ជា​មួ​ួ​យ​ជើង​ខ្លាំង​ឥណ្ឌូនេស៊ី​ម្នាក់​ឈ្មោះ Riski Umar ប៉ុន្តែ​សង្កេតឃើញ​ទឹកមុខ​និង​កាយវិការ​គាត់​ដូចជា​មុះ​មុត​ជាង​មុន​ឆ្ងាយ​។ ប្រកួត​ក្នុង​ទ្រុង​ម្តងនោះ គឺ​គាត់​បញ្ចេញ​សមត្ថភាព​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​មួយបែប ដែល​យើង​ជឿថា​អាជីព​របស់គាត់​គឺ​នឹង​ចាប់ផ្តើម​ជោគជ័យ​ពី​ពេលនោះ​។​
 
​ដូច្នេះ​សម្រាប់​ថ្ងៃ​សុក្រ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​គ្រូបង្វឹក Mccune និង​ខុន ស៊ី​ចាន់ នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រកួត​នៅ​សង្វៀន​ធំ​ប្រទេស​សិង្ហ​បុរី ដើម្បី​បង្ហាញ​ពិភពលោក​ថា​អ្នក​ប្រដា​ល់ពី ព្រះរាជាណាចក្រ​កម្ពុជា គឺ​មិនអាច​មើលងាយ​បានឡើយ​។ ចំពោះ ស៊ី​ចាន់ វិញ​សង្ឃឹមថា​គាត់​អាច​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ជួយ​លើក​មុខមាត់​ក្បាច់គុន​កម្ពុជា​បាន​។​
 
Mccune បង្ហើប​ថែមថា​៖ «​ក្នុងចំណោម​កូនសិស្ស ៧០​នាក់​ដែល​ខ្ញុំ​បង្រៀន​នៅ KWC មានតែ​គាត់​មួយ​ទេ​ខ្ញុំ​អារម្មណ៍​ដូច​មាន​និស្ស័យ​ជាមួយ​»​។ 
 
«​អ្វីដែល​ព្យាយាម​ធ្វើ​គឺ​ជំរុញ ស៊ី​ចាន់ ឲ្យ​បាន​ជោគជ័យ​ដល់​មួយកំរិត​ទៀត​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com