កីឡាជាតិ
ជាតិ
ក្រុម Cambodia All Stars ប៉ះ Muangthong នៅ​អូឡាំពិក​ល្ងាច​នេះ​
09, Feb 2019 , 2:29 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់ Cambodia All Stars ត្រូវ​ប្រជែង​ជាមួយ​ក្រុម SCG Muangthong United នា​ជំនួប​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នា​ពហុ​កីឡាដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​រៀបចំឡើង ដើម្បី​ស្វែងរក​មូលនិធិ​សប្បុរសធម៌ និង​ដកស្រង់​បទពិសោធ​សម្រាប់​ត្រៀម​មុន​បើក​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ រៀងៗ​ខ្លួន​។

 
​លោក ភា សុ​ភ័​ក្ត្រា ដែល​ដឹកនាំ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​លើក​ពាន​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៨ ត្រូវ​ដឹកនាំ​ក្រុម Cambodia All Stars ជា​លើកដំបូង ប្រជែង​តទល់​ជាមួយ​ក្រុម SCG Muangthong United នា​ជំនួប​ដកស្រង់​បច្ចេកទេស​ល្ងាច​នេះ​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ពីរលើក​រួចមកហើយ ដោយ​លទ្ធផល​ឈ្នះ​១ និង​ចាញ់​១​ដូចគ្នា​។​


 
​នៅ​ឆ្នាំ​២០១៦ ក្រុម Cambodia All Stars ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ជួយ​ឲ្យ​បឹងកេត​លើក​ពាន​លី​គ​កំពូល​ឆ្នាំ​២០១៦ បាន​យកឈ្នះ​ក្រុម SCG Muangthong United ក្នុង​លទ្ធផល ៤-៣​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧ ក្រុម Cambodia All Stars ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino បាន​ចាញ់ SCG Muangthong United ក្នុង​លទ្ធផល ៤-០​។ តើ​ល្ងាច​នេះ​ក្រុម Cambodia All Stars អាច​ជម្រះបញ្ជី​ចាស់​បាន​ឬ​យ៉ាងណា​? 


 
​ព្រឹត្តិការណ៍​«SCG Muangthong United ASEAN Tour 2019» រៀបចំឡើង​ដើម្បី​ស្វែងរក​មូលនិធិ​សប្បុរសធម៌​។ ពោលគឺ​ថវិកា​មួយផ្នែក​ដែល​បានមកពី​ការលក់​សំបុត្រ និង​អាវយឺត​នឹង​យកទៅជួយ​អង្គការ​សប្បុរសធម៌​នានា ខណៈ​មួយផ្នែក​ទៀត​យកទៅ​ប្រគល់ជូន​សហព័ន្ធ​កីឡា​បាល់​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​គម្រោង​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ 
 
​ការប្រកួត​នេះ ក៏​ដើម្បី​ដកស្រង់​បទពិសោធ និង​ពង្រឹងសមត្ថភាព​សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល​ថ្មី​ផងដែរ​។ ជាក់ស្តែង​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត AFF U22 Championship 2019 ដែលមាន​៨​ប្រទេស​ចូលរួម​នា​ខែកុម្ភៈ នេះ​៕  
 

Tag:
 បាល់ទាត់​
  Cambodia All Stars
  SCG Muangthong United
© រក្សាសិទ្ធិដោយ thmeythmey.com