លោក សម រង្ស៊ី ដាស់តឿន​ចិន​ឲ្យ​ចេះ​គោរព​ខ្មែរ​ម្ចាស់​ស្រុក
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ដាស់តឿន​ចិន​ឲ្យ​ចេះ​គោរព​ខ្មែរ​ម្ចាស់​ស្រុក
11, Feb 2019 , 12:54 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមបាតុករ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពី AFP
លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមបាតុករ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពី AFP
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី ប្រាប់​អ្នកវិនិយោគ​និង​ជនជាតិ​ចិន ឲ្យឈប់​បង្កបញ្ហា​នៅ​កម្ពុជា បើ​ពុំ​ដូច្នេះ​ទេ ពួកគេ នឹង​ប្រឈមមុខ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ពេល​ព្រឹត្តិការណ៍​នយោបាយ​ផ្ទុះឡើង​នៅ​ឆ្នាំ​២០១៩​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល យល់ថា សារ​របស់លោក សម រង្ស៊ី គ្មាន​ឥទ្ធិពល ដែល​អាច​បំភ័យ​អ្នកវិនិយោគ​ចិន​ឬ​អ្នកវិនិយោគ​ផ្សេងទៀត​នោះទេ​។​


 
​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​និរទេស បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជាថ្មី​ថា ដោយសារតែ​ប្រជាពលរដ្ឋ ចង់​ផ្លាស់ប្តូរ​រដ្ឋាភិបាល​បច្ចុប្បន្ន ដូច្នេះ ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា នឹង​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១៩​។ ការ​រំលេច​សារ​លើក​នេះ ក៏​ព្រោះតែ​លោក ចង់​ព្រមាន​ថា ពេល​ព្រឹត្តិការណ៍​នយោបាយ​នោះ កើតឡើង ប្រជាពលរដ្ឋ​ខ្មែរ ក៏​អាច​នឹង​រករឿង​អ្នកវិនិយោគ​និង​ជនជាតិចិន ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​ផងដែរ បើ​ពួកគេ មិន​ព្រម​កែប្រែ​ឥរិយាបថ​។     
 
​លោក សម រង្ស៊ី បាន​ដាស់តឿន​ពួក​អ្នកវិនិយោគ​ចិន ឲ្យ​ពិនិត្យឡើងវិញ​នូវ​រាល់​សកម្មភាព និង​គម្រោង​របស់​ពួកគេ និង​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ រងគ្រោះ​នាពេល​កន្លងមក​។ លោក សង្កត់ធ្ងន់ថា ពួកគេ ត្រូវតែ​ប្រគល់​ដីធ្លី ដែល​ពួកគេ បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​កម្ពុជា រឹបអូស​យក​ពី​ប្រជាពលរដ្ឋ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។ 
 
​លើ​ល​ពីនេះ មេដឹកនាំ​ប្រឆាំង​រូបនេះ នៅ​ទាមទារ​ឲ្យ​អ្នកវិនិយោគ​ចិន​ទាំងនោះ បិទ​បន​ល្បែងស៊ីសង (​កាស៊ីណូ​) ហើយ​ត្រូវ​នាំ​ជន​ជាតិចិន​របស់ខ្លួន ដែលមាន​អាកប្បកិរិយា​មិនល្អ ចេញពី​កម្ពុជា​ឲ្យ​អស់​។ លោក ព្រមាន​ថា បើ​អ្នកវិនិយោគ​និង​ជនជាតិ​ចិន​ទាំងនោះ ពុំ​ធ្វើ​ដូច​អ្វី ដែល​លើកឡើង​នោះទេ ពួកគេ អាច​នឹង​ប្រឈម​នឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅពេល​ព្រឹត្តិការណ៍​នយោបាយ កើតឡើង​។ 
 
​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ជន​ជាតិចិន​ទាំងនោះ ត្រូវ​ដឹងថា ពួកគេ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល មានការ​ក្តៅក្រហាយ​ចំពោះ​ពួកគេ​។ ដូច្នេះ ជាការ​ប្រុងប្រយ័ត្ន​ដ៏​ត្រឹមត្រូវ បើ​ពួកគេ ឈប់​បំពាន​មកលើ​ជនជាតិខ្មែរ ឈប់​ព្រហើន ហើយ​ចេះ​សម្តែង​ការគោរព​ខ្លះ ចំពោះ​ជនជាតិខ្មែរ ដែលជា​ម្ចាស់​ស្រុក​។ បើ​មិន​យ៉ាង​ដូច្នោះ​ទេ ពួក​ជន​ជាតិចិន​ទាំងនោះ អាច​ប្រឈមមុខ​ពី​ការផ្ទុះ​កំហឹង ពី​សំណាក់​ជនជាតិខ្មែរ​ជា​ម្ចាស់​ស្រុក នៅពេលដែល​ព្រឹត្តិការណ៍​នយោបាយ​ថ្មី នឹង​កើតមានឡើង​ក្នុង​ឆ្នាំ ២០១៩ នេះ​»​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ហៅ​ការព្រមាន​របស់លោក សម រង្ស៊ី ថា​ជា​ចេតនា​ទុច្ចរិត ដែល​ចង់​ធ្វើ​វិទ្ធង្សនា​និង​វិច្ឆេទកម្ម​សេដ្ឋកិច្ចកម្ពុជា​។ យ៉ាងណា លោក មើលឃើញថា លោក សម រង្ស៊ី គ្មាន​ឥទ្ធិពល ដែល​អាចធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នយោបាយ​ផ្ទុះឡើង​នោះទេ ហើយ​សារ​របស់លោក ក៏​គ្មាន​ឥ​ទ្ធ​ពល លើ​អ្នកវិនិយោគ​ចិន​ដែរ​។ លោក លើកឡើងថា លោក សម រង្ស៊ី ធ្វើបែបនេះ គឺ​គ្រាន់តែ​ចង់ បង្ហាញ​ទៅ​ពួកលោក​ខាងលិច​ថា លោក ជា​អ្នក​ប្រឆាំងនឹង​ចិន​ប៉ុណ្ណោះ​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល ជឿថា អ្នកវិនិយោគ​ចិន ក៏ដូចជា​អ្នកវិនិយោគ​ជនជាតិ​ដទៃទៀត នៅតែ​បន្ត​រកស៊ី​នៅ​កម្ពុជា​ដដែល​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគេ នឹង​នៅតែ​បណ្តាក់ទុន ដោយ​អាស្រ័យ​លើ​កំណើន​សេដ្ឋកិច្ច​របស់​យើង ទំនៀមទម្លាប់ និង ការរាប់​អាន​គ្នា​ជា​ភាតរ​ភាព​។ ម្យ៉ាងទៀត ច្បាប់​របស់​យើង ថែ​ទាំង​អ្នកវិនិយោគ​»​។​
 
​លើសពីនេះ  មន្ត្រី​រដ្ឋាភិបាល ហ៊ាន​សន្និដ្ឋានថា បើ​លោក សម រង្ស៊ី ពិតជា​ចង់​ធ្វើ​បដិវត្ត​មែន ក៏​លោក មិន​អាចមក​កម្ពុជា ដើម្បី​ធ្វើ​បដិវត្ត​ដែរ​។  
 
​គិត​ត្រឹម​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ចិន​ជិត​២​លាន​នាក់ បានមក​លេង​នៅ​កម្ពុជា​។ ចិន បាន​កាន់កាប់ អាជីវកម្ម​ទេ​សចណ៍​ជាង​២៦០​កន្លែង​។ កាស៊ីណូ​ចិន មាន​១៥០​កន្លែង ក្នុង​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ទំហំ​ប្រមាណ ៦​ប៊ី​លាន​ដុល្លារ ហើយ​ប្រទេស​ទាំងពីរ សង្ឃឹមថា ទំហំ​ពាណិជ្ជ​កម្មនេះ នឹង​ឈានដល់​១០​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣៕  
 
 

Tag:
 សម រង្ស៊ី​
  ចិន​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com