អន្តរជាតិ
លោក ប្រា​យុទ្ធ បញ្ជា​ឲ្យ​រកមុខ​អ្នក​ផ្សាយ​ព័ត៌មាន​ទាក់ទង​ការដកតំណែង​មេទ័ព និង​ការធ្វើ​រដ្ឋប្រហារ​
11, Feb 2019 , 4:51 pm        
រូបភាព
រូបភាព Bangkok Post
រូបភាព Bangkok Post
​រដ្ឋាភិបាលយោធា​ថៃ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បាន​ទាត់ចោល​បទបញ្ជា​មួយ​ដែល​ត្រូវបាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ជុំវិញ​ការដោះដូរ​មេទ័ព​កំពូលៗ ហើយ​ដែល​អមដោយ​ពាក្យ​ចចាមអារ៉ាម​ពី​ការធ្វើ​រដ្ឋប្រហារ​។ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ចាត់ទុក​ព័ត៌មាន​នេះ ជា​រឿង​មិន​ពិត និង​បញ្ជា​ឲ្យ​រកមុខ​អ្នក​ពីក្រោយ​រឿងនេះ​។ ព័ត៌មាន​រំជើបរំជួល​នេះ កើតឡើង​ខណៈដែល​ស្ថានការណ៍​នយោបាយ​ក្នុងស្រុក​រញ្ជួយ​ញាប់​ញ័រ​ដោយសារតែ​ការ​ប្រឡូក​ក្នុង​នយោបាយ​របស់​សមាជិក​រាជវង្ស​ចក្រី​។​

 
​ស្ថានការណ៍​នយោបាយ​នៅ​រាជាណាចក្រ​ថៃ នៅតែ​រំជើបរំជួល​ខ្លាំង​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ ក្រោយ​បក្ស​រក្សា​ជាតិ​ថៃ​ប្រកាស​តែងតាំង​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់ខ្លួន​។ ប៉ុន្តែ​ជីវិត​នយោបាយ​របស់​ស​មា​ជិ​ក​រាជវង្ស​អង្គ​នេះ បែរជា​ងងឹតសូន្យ​ទៅវិញ បន្ទាប់ពី​មហាក្សត្រ មហា​វ​ជិ​រាល​ង្ក​រណ៍ ចេញ​បញ្ជា​ឲ្យ​នៅ​ឆ្ងាយ​ពីស​ង្វៀន​នយោបាយ​បាន ហើយ​បក្ស​រក្សា​ជាតិ​ថៃ​ក៏​អនុវត្តតាម​បញ្ជា​នេះដែរ​។​
 
​បញ្ហា​នៅ​មិនទាន់​ស្ងប់ស្ងាត់​ឡើយ​។ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ មេដឹកនាំ​រដ្ឋាភិបាល​ក៏​ចេញមុខ​ភ្លាមៗ​ទាត់ចោល​បញ្ជា​ផ្លាស់ប្ដូរ​តំណែង​មេទ័ព​របស់​ប្រទេស និង​ចាត់ទុកជា​ព័ត៌មាន​ក្លែងក្លាយ​។ ក្នុង​បញ្ជា​មិន​ពិត​ដែល​ចេញ​ក្រោម​មាត្រា​៤៤ នៃ​រដ្ឋធម្មនុញ្ញ លោក ប្រា​យុទ្ធ សម្រេចចិត្ត​ផ្ទេរ​មេទ័ព​ជើងគោក ជើង​ទឹក និង​ជើង​អាកាស ឲ្យ​ទៅធ្វើជា​អ្នកត្រួតពិនិត្យ​នៅក្នុង​កា​រិ​យា​ល័យ​នាយករដ្ឋមន្ត្រី​វិញ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​
 
​ប្រមុខ​រដ្ឋាភិបាលយោធា​ខាងលើ​និយាយថា ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​ដើម្បី​ស្វែងរក​អ្នក​នៅ​ពីក្រោយ​យកទៅ​កាត់ទោស​។ មិនមែន​តែ​រឿង​ដកតំណែង​ប្រមុខ​កងទ័ព​សំខាន់ៗ​ឡើយ ពាក្យ​ច​ចាម​អា​រ៉ា​មួយទៀត​ក៏​លេចឮ​ដែរ​ថា ក្រុម​យោធា​ដឹកនាំ​ដោយ​មេទ័ព Apirat Kongsompong ដែលមាន​ប្រភព​ផ្សេងគ្នា​នឹង​លោក ប្រា​យុទ្ធ នឹងធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​សព្វថ្ងៃ​ដែរ ប៉ុន្តែ​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ប្រកាស​ទាត់ចោល​ព័ត៌មាន​នេះ​។​
 
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ អះអាងថា លោក Prawit ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​ដែរនោះ បានចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍ និង​រក​ប្រភព​បែកធ្លាយ​។ ជុំវិញ​សំណួរ​ថា ពាក្យ​ចចាមអារ៉ាម​ខាងលើ​ចេញពី​បក្សនយោបាយ​ឬ​យ៉ាងណា​នោះ អ្នក​ពាក្យ​ក្រសួងការពារជាតិ​ដដែល​បញ្ជាក់ថា អាជ្ញាធរ​កំពុង​តាមដាន ប្រសិនបើ​វា​មានការ​ទាក់ទង​គ្នា​ឬ​អត់ ប៉ុន្តែ​ក្រុម​ដែល​បង្កើត​រឿងនេះ មាន​គោល​ដៃ​មិនល្អ​ព្រោះ​ជា​ឆ្នាំ​ពិសេស​របស់​ថៃ​ដែលមាន​ពិធី​គ្រងរាជ្យ និង​ការបោះឆ្នោត​។​
 
​តាមពិតទៅ ការលេចឮ​រដ្ឋប្រហារ​នេះ កើតឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​កម្លាំង និង​សព្វាវុធ​ខ្លះ​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​អាមេរិក​។ សមយុទ្ធ​ពស់វែក​មាស​លើក​ទី​១១ នឹង​ចាប់​ផ្ដើ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ដែលមាន​ការចូលរួម​ពី​យោធា​ប្រទេស​ជាង​២០​ផ្សេងទៀត​៕ 
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com