កីឡាអន្តរជាតិ
អន្តរជាតិ
ប្រទេស​ថៃ​បាន​ដោះលែង​ជនភៀសខ្លួន​ជា​កីឡាករ​បាល់ទាត់
12, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
ប្រទេស​ថៃ បាន​ទម្លាក់ចោល​ការចោទប្រកាន់​ប្រឆាំងនឹង​លោក Hakeem al-Araibi ជនភៀសខ្លួន​ជា​កីឡាករ​បាល់ទាត់​ដោយបាន​អនុញ្ញាត​ឲ្យ​លោក​វិលត្រឡប់​ទៅកាន់​ប្រទេស​អូស្ត្រាលី​ជាទី​កន្លែង​ដែល​លោក​រស់នៅ​។​

 
​តុលាការ​ថៃ បាន​ទម្លាក់ចោល​រឿងក្តី​របស់លោក al-Araibi កាលពី​ថ្ងៃ​ចន្ទ​ដោយ​និយាយថា រដ្ឋាភិបាល​ប្រទេស​បា​រ៉ែ​ន ដែលជា​ស្រុកកំណើត​របស់លោក ដែល​លោក​បាន​រត់គេចខ្លួន​កាលពី​ឆ្នាំ​២០១៤ បាន​ដក​សំណើ​ចេញពី​ប៉ូលិស​អន្តរជាតិ Interpol ដើម្បី​ចាប់ខ្លួន​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា លោក al-Araibi មាន​អាយុ​២៥​ឆ្នាំ​បាន​ឡើង​ជិះ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​វិលត្រឡប់​ទៅកាន់​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​វិញ​។​
 
​លោក al-Araibi ជា​អ្នកលេង​បាល់ទាត់​ប្រចាំ​អាជីព បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំទៅ ខណៈដែល​លោក​ក្រេប​ទឹកឃ្មុំ​នៅក្នុង​ប្រទេស​ថៃ​ហើយ​បាន​ត្រូវ​ឃុំខ្លួន​ចាប់តាំងពី​ពេល​នោះមក ដែល​បាន​បណ្តាល​ឲ្យ​មានការ​រិះគន់​ទូទាំង​សាកលលោក​អស់​រយៈពេល​២​ខែ​។​
 
​សមាគម​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​អន្តរ​ជាតិ និង​អង្គការសិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​ជាបន្ទាន់​។ សមាគម​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​បាន​និយាយថា ខ្លួន​មានការ​សប្បាយរីករាយ​បំផុត​ដែល​លោក​បាន​ត្រូវគេ​ដោះលែង​នោះ​។​
 
​នៅ​ឆ្នាំ​២០១៤ តុលាការ​ប្រទេស​បា​រ៉ែ​ន បាន​កាត់ទោស​លោក al-Araibi ដោយ​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ​១០​ឆ្នាំ​លើ​បទចោទប្រកាន់​ពី​ការបំផ្លាញ​ស្ថានីយ​ប៉ូលិស​។ លោក​បាន​ច្រានចោល​ការចោទប្រកាន់​នេះហើយ​ត្រូវបាន​គេ​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧៕
 

© រក្សាសិទ្ធិដោយ thmeythmey.com