អន្តរជាតិ
ជេ​ក ម៉ា​៖ «​ការងារ​ដំបូង​របស់​អ្នក​សំខាន់បំផុត​»
12, Feb 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការងារ​ដំបូង​របស់​អ្នក មិនចាំបាច់​ទាល់តែ​ជាការ​ងារ​នៃ​ក្តី​សុបិន ជាការ​ងារ​នៅ​ក្រុមហ៊ុន​ធំៗ ឬ​ជាការ​ងារ​ដែល​អ្នក​ស្រលាញ់​ឡើយ​។ ប៉ុន្តែ​វា​គួរ​ជាការ​ងារ​ដែល​ផ្តល់​កន្លែង​រៀនសូត្រ និង​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់បំផុត​នៃ​ជីវិត​។ នេះ​ជាស​ម្តី​របស់​មហា​សេដ្ឋី​ចិន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​លី​បា​បា ជេ​ក ម៉ា ។​


 
​លោក ជេ​ក ម៉ា និយាយ​ពី​សារសំខាន់​នៃ​ការងារ​ដំបូង ឬ​ជា​ចំណុច​ចាប់ផ្តើម​នៃ​អាជីព​ការងារ​នេះ​នៅពេលដែល​លោក​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស​ប្រទេស​ស្វ៊ី​ស កាលពី​ចុងខែ​មករា​កន្លងទៅ​។​
 
​មហា​សេដ្ឋី​ចិន​រូបនេះបាន​ពន្យល់ថា ការងារ​ដំបូង​សំខាន់​ដោយសារ​វា​ជា​កន្លែង​ដែល​មនុស្ស​ម្នាក់​អាច​រៀនសូត្រ​បាន​ពី​អ្នកដទៃ​ជាពិសេស​រៀនសូត្រ​ពី​ចៅហ្វាយនាយ​ពី​រឿង​ល្អៗ និង​អាច​តម្រង់ផ្លូវ​ខ្លួនឯង​ទៅ​ពេលអនាគត​ផង​។​
 
​លោក​និយាយ​ដូច្នេះ​៖« ការងារ​ដំបូង​សំខាន់បំផុត​។ វា​មិនចាំបាច់​ទាល់តែ​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ឡើយ​។ អ្នក​គួរតែ​ស្វែងរក​ចៅហ្វាយនាយ​ល្អ​ដែល​អាច​បង្ហាត់បង្រៀន​អ្នក​ពី​របៀប​ធ្វើជា​មនុស្ស ពី​របៀប​ធ្វើ​រឿង​ត្រឹមត្រូវ និង​ពី​រៀប​ធ្វើ​ការងារ​បានល្អ​។ បើ​បែបនេះ អ្នក​គួរ​បន្តធ្វើ​ការងារ​នោះ​»​។​
 
​សម្រាប់​លោក ជេ​ក ម៉ា បើសិន​ជ្រើសរើស​កន្លែងធ្វើការ​ងារ​ដែល​ផ្តល់ឱកាស​សម្រាប់​រៀនសូត្រ គេ​គួរ​បន្តធ្វើ​ការងារ​នៅ​ទីនោះ​ក្នុង​រយៈពេល​មួយ​សមស្រប​។ នេះ​ក៏​ដោយសារ​មនុស្ស​ម្នាក់ៗ​ត្រូវការ​ពេលវេលា​ដើម្បី​ស្វែងរក​ចំណុចខ្លាំង​សិន និង​អាច​ឈានទៅ​កំណត់​គោលដៅ​ចុងក្រោយ​របស់គេ​។ តាម​សម្តី​របស់លោក ជេ​ក ម៉ា ពេល​អាច​កំណត់​គោលដៅ​ចុងក្រោយ និង​ភាពខ្លាំង​របស់ខ្លួន​បាន​ហើយ គេ​អាច​ចាប់ផ្តើម​បន្តដំណើរ​ទៅមុខទៀត​បាន​។ 
 
​ជាមួយគ្នា​នោះដែរ មហា​សេ​ដី្ឋ​ចិន​វ័យ ៥៤​ឆ្នាំ​រូបនេះ​បាន​រម្លឹក​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ដែរ​មុន​ឈាន​ជើង​ទៅ​ចូល​បង្កើត​ក្រុមហ៊ុន​អា​លី​បា​បា​។ លោក ជេ​ក ម៉ា ចាប់ផ្តើម​ការងារ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​ខេត្ត​ហាង​ចូ​វ​អំឡុង​ឆ្នាំ ១៩៩០​។​
 
«​ហេតុផល​មួយ​ដែល​ខ្ញុំ​អាចឈរជើង​បាន​ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ​គឺ ខ្ញុំ​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​»​។ លោក ជេ​ក ម៉ា រៀបរាប់​បែបនេះ មុន​បន្ថែមថា បទពិសោធន៍​ដ៏​មានតម្លៃ​មួយ​នេះហើយ​បាន​ជួយ​ឲ្យ​លោក​រៀនសូត្រ​កំណត់​មើល និង​វាយតម្លៃ​មនុស្ស​ដែលមាន​សក្តានុពល និង​ទេពកោសល្យ រួមទាំងអាចជួយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នក​ទាំងនោះ​រីកចម្រើន​ដែរ​។ ទាំងអស់នេះ​ជួយ​ឲ្យ​លោក​បង្កើតបាន​ក្រុមការងារ​ដ៏​រឹងមាំ​មួយ​នៅក្នុង​ក្រុមហ៊ុន អា​លី​បា​បា​រហូតមកដល់​ឥឡូវ​។​
 
«​ពេល​ខ្ញុំ​ជួល​មនុស្ស ខ្ញុំ​ជួល​អ្នក​ដែល​ឆ្លាត​ជាង​ខ្ញុំ​។ ខ្ញុំ​ជួល​មនុស្ស​ដែល​អាច​ក្លាយជា​ចៅហ្វាយ​របស់ខ្ញុំ ក្នុងរយៈពេលបួន​ឬ​ប្រាំ​ឆ្នាំក្រោយ​​។ ខ្ញុំ​ចូលចិត្ត​មនុស្ស​ដែល​តែងតែមាន​ភាព​វិជ្ជមាន និង​មិនដែល​ចង់​បោះបង់​គោលដៅ​របស់ខ្លួន​»៕
 

Tag:
 ជេ​ក ម៉ា​
  ការងារ​
  អា​លី​បា​បា​
© រក្សាសិទ្ធិដោយ thmeythmey.com