ជាតិ
មន្ត្រី​សាធារណ​ការដែល​ល្មើសច្បាប់​ចរាចរណ៍ ត្រូវ​កត់ត្រា​ទុកពេល​វា​យ​តម្លៃ​ដំឡើង​ឋានៈ​
12, Feb 2019 , 4:50 pm        
រូបភាព
លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន (រូបពីក្រសួង)
លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន (រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​បទបញ្ជាផ្ទៃក្នុង សម្រាប់​មន្ត្រីក្រោមឱវាទ​ក្រសួង ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ធ្វើជា​គំរូ​ដល់​ក្រសួង ស្ថាប័ន​នានា​នៅ​កម្ពុជា​។ ហើយ​ការមិន​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​នេះ នឹងត្រូវ​កត់ត្រា​សម្រាប់​ការវាយតម្លៃ​នៅពេល​ដំឡើង​ឋានៈ​តួនាទី​ផងដែរ​។​


 
​បទបញ្ជាផ្ទៃក្នុង​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩ បានកំណត់​ឲ្យ​មន្ត្រីរាជការ និយោជិត​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​មួយ​នេះ ត្រូវគោរព​នូវ​ចំណុច​មួយចំនួន​។ មន្ត្រីរាជការ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​រាល់ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត និង​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​នៅ​ធ្វើដំណើរ​តាម​រថយន្ត​។ 
 
​មន្ត្រីក្រោមឱវាទ​ក្រសួង​សាធារណការ ត្រូវ​បើកបរ​គោរព​តាម​ល្បឿន​កំណត់​ទៅតាម​ប្រភេទ​យានយន្ត​។ មន្ត្រី​ត្រូវ​បើកបរ​គោរព​សិទ្ធិ​អាទិភាព​នៅ​កន្លែង​ប្រសព្វ​, មិនត្រូវ​បើកបរ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​, មិនត្រូវ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង គ្រឿងញៀន ឬ​ក្នុងស្ថានភាព​ងងុយគេង និង​មិនត្រូវ​ប្រើ​ទូរ​សព្ទ​ដោយ​គ្មាន​ឧបករណ៍​ស្រូប​សំឡេង​ភ្ជាប់​ទំនាក់ទំនង​ពេល​បើកបរ​។ មន្ត្រី​ត្រូវ​ពិនិត្យ​សុវត្ថិភាព​យានយន្ត​មុននឹង​បើកបរ និង​ត្រូវមាន​បណ្ណ​បើកបរ បណ្ណ​សម្គាល់​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​។​
 
«​ការបំពាន ឬ​ប្រព្រឹត្តល្មើស​នឹង​បទបញ្ជាផ្ទៃក្នុង មន្ត្រីរាជការ និយោជិត នឹង​ត្រូវបាន​ជូនដំណឹង​ជាបន្ទាន់​ទៅ​អង្គភាព​សាមី​ធ្វើការ​ណែនាំ ហើយ​កត់ត្រា​ទុក​នូវ​កំហុស ដើម្បី​ដាក់បញ្ចូល​ក្នុងការ​វាយតម្លៃ​នៅពេល​ដំឡើង​ឋានៈ តួនាទី ឬ​ការផ្ដល់​រង្វាន់​លើកទឹកចិត្ត​នានា​»​។ បទបញ្ជាផ្ទៃក្នុង​បានចែង​ដូច្នេះ​។​
 
​ជាមួយគ្នានេះ ក្រសួង​សាធារណការ បានចេញ​សេចក្ដីណែនាំ ចុះ​ថ្ងៃទី​១១​ខែកុម្ភៈ ដែល​បាន​បញ្ជា​ឲ្យ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ត្រូវ​រៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​ច្បាប់​ចរាចរណ៍​ផ្លូវគោក យ៉ាងតិច​មួយ​ត្រីមាស​ម្ដង ដើម្បី​លើកកម្ពស់​ការប្រុងប្រយ័ត្ន ធានា​សុ​វត្តិភាព​ចរាចរណ៍​។ ហើយ​អង្គភាព​ត្រូវ​ជំរុញ​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​បង្កើត​កម្មវិធី​ប្រឡងប្រណាំង​លើកទឹកចិត្ត​ចំពោះ​មន្ត្រីរាជការ និយោជិត ដែល​អនុវត្ត​បានល្អ​តាម​បទបញ្ជាផ្ទៃក្នុង​៕
 

Tag:
 ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com