អន្តរជាតិ
​ប៉ូឡូញ​ទិញ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​បន្ថែម​ពី​អាមេរិក ដ្បិត​ខ្លាច​រុស្ស៊ី​ឈ្លានពាន​
12, Feb 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋ​អឺរ៉ុប​ខាងកើត ប៉ូឡូញ​សម្រេច​បញ្ជា​ទិញ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចល័ត​ពី​អាមេរិក​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​។ ការបញ្ជាទិញ​អាវុធ​ពី​អាមេរិក​កើតឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ា​សូវី ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ក្នុង​គោលដៅ​ទប់ទល់​ឥទ្ធិពល​រុស្ស៊ី​ក្នុង​តំបន់ និង​ទប់ស្កាត់​ការឈ្លានពាន​ណាមួយ​នៅពេល​អនាគត​ផង​។


 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចល័ត​តម្លៃ ៤១៤ លាន​ដុល្លារ​នឹងត្រូវ​ចុះ​រួមគ្នា​រវាង​ភាគី​អាមេរិក និង​ប៉ូឡូញ​នៅ​ថ្ងៃ​ពុធ​ទី ១៣ ខែកុម្ភៈ​នេះ​។ ចំណែក​ការបញ្ជូន​សព្វាវុធ​នឹងត្រូវ​ធ្វើឡើង​នៅត្រឹម​ឆ្នាំ ២០២៣​ឯណោះ​។ 
 
​រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ Mariusz Blaszczak បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា សព្វាវុធ​ដែល​ប៉ូឡូញ​បញ្ជា​ទិញ​ពី​អាមេរិក​នឹង​ពង្រឹងសមត្ថភាព​របស់​កងទ័ព​ក្នុង​ការពារជាតិ​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​។ 
 
​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចល័ត​នេះ​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​សព្វាវុធ Lockheed Martin​។ វា​អាចមាន​សមត្ថភាព​បាញ់​បាន​គ្រាប់​រ៉ុក្កែត​នាំ​ផ្លូវ​ប្រាំមួយ​ដើម​ដែលមាន​រយៈ​ចម្ងាយ​រហូតដល់ ៧០ គីឡូម៉ែត្រ ឬក៏​អាច​បាញ់​មី​ស៊ី​ល​មួយ​ដើម​ដែលមាន​រយៈ​ចម្ងាយ ៣០០​គីឡូម៉ែត្រ​ផងដែរ​។ 
 
​មកដល់​បច្ចុប្បន្ននេះ ប្រព័ន្ធ​បាញ់​រ៉ុក្កែត​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រទេស ១៩ ហើយ​នៅ​ទូទាំង​ពិភពលោក ហើយ​វា​ត្រូវបាន​បញ្ជូនទៅ​កាន់​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផងដែរ​។ វា​មាន​សមត្ថភាព​ខ្ពស់​ទោះជា​ត្រូវ​ប្រើប្រាស់​ក្នុងពេល​អាកាសធាតុ​មិនល្អ ឬ​ពេលដែល​ការវាយប្រហារ​តាមផ្លូវ​អាកាស​មិនអាច​ធ្វើ​ទៅរួច​ថែមទៀត​។ 
 
​ការបញ្ជាទិញ​សព្វាវុធ​តម្លៃ​ជាង ៤០០​លាន​ដុល្លារ​នេះ​មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​ប៉ូឡូញ​។ រដ្ឋាភិបាល​ស្តាំនិយម​ដែល​កំពុង​ដឹកនាំ​ប្រទេស​នេះ​កំពុង​ព្យាយាម​រឹតបន្តឹង​ចំណងមិត្តភាព​ជាមួយ​អាមេរិក និង​ពង្រឹងសមត្ថភាព​ខ្លួនឯង​ផង​ដើម្បី​ឆ្លើយតប​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី និង​ឈានទៅ​ទប់ស្កាត់​សកម្មភាព​បង្ករឿង​ណាមួយ​ដែល​អាច​កើតឡើង​នៅពេល​ខាងមុខ​ផង​។​
 
​កាលពី​ខែមីនា​ឆ្នាំមុន វ៉ា​សូវី ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ពី​អាមេរិក​ក្នុងតម្លៃ ៤,៧៥​ពាន់​លាន​ដុល្លារ​ផងដែរ​។  
​លើសពី​ទិញ​សព្វាវុធ រដ្ឋាភិបាល​ប៉ូឡូញ​ក៏បាន​ជំរុញ​ឲ្យ​អាមេរិក​បើក​ដំណើរការ​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍​របស់ខ្លួន​នៅលើ​ទឹកដី​ប៉ូឡូញ​ថែមទៀត​។ បច្ចុប្បន្ន​អាមេរិក​មាន​កងទ័ព​ឈរជើង​នៅ​ប៉ូឡូញ​ដែរ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​បណ្តោះអាសន្ន​ស្ថិតក្រោម​ប្រតិបត្តិការ​របស់​អង្គការ​ណា​តូ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ អាមេរិក​អះអាងថា ប៉ូឡូញ​មិនទាន់​ត្រៀមខ្លួន​នៅឡើយ​ទេ​សម្រាប់​ការទទួល​មូលដ្ឋានទ័ព​អាមេរិក ហើយ​ចំណុច​សំខាន់​ជាងគេ ប៉ូឡូញ​ខាត​ទីតាំង​សម្រាប់​ការហ្វឹកហ្វឺន​របស់​កង​ទ័ព​អាមេរិក​។ 
 
​ដោយឡែក បក្សសម្ព័ន្ធ​យោធា​ណា​តូ បាន​បើក​ដំណើរការ​អង្គភាព​ចារកម្ម​មួយ​នៅ​ប៉ូឡូញ​ឆ្នាំ ២០១៧ ក្នុង​គោលដៅ​ពង្រីក​សកម្មភាព និង​សមត្ថភាព​ប្រមែរ​ប្រមូល​របាយការណ៍​ចារកម្ម​របស់​សមាជិក​ណា​តូ បន្ទាប់ពី​ភាព​តានតឹង​និង​ការប្រឈមមុខ​ដាក់គ្នា​កើនឡើង​ខ្លាំង​ជាមួយ​រុស្ស៊ី ក្រោយ​មហាអំណាច​នេះ​ក្រសោប​យក​ទឹកដី​គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន​ឆ្នាំ ២០១៤៕
 

Tag:
 ប៉ូឡូញ​
  អាមេរិក​
  រុស្ស៊ី​
  ណា​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com