អន្តរជាតិ
វៀតណាមទទួលបានសិទ្ធិបើកជើងហោះហើរត្រង់ទៅអាមេរិកជាលើកដំបូងបំផុត យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីរបស់វៀតណាម Bamboo (AFP)
× ទីភ្នាក់ងារអាកាសចរណ៍អាមេរិកបានប្រកាសជាផ្លូវការថា សុវត្ថិភាពអាកាសចរណ៍របស់វៀតណាមអនុវត្តស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិហើយ។ ក្នុងន័យថា ចាប់ពីពេលនេះក្រុមហ៊ុនអាកាសចរណ៍វៀតណាមអាចមានបើកដំណើរការជើងហោះហើរត្រង់ទៅអាមេរិកបានជាលើកដំបូងបំផុត។
រដ្ឋអាស៊ីអាគ្នេយ៍ វៀតណាមទទួលបានការវាយតម្លៃជាផ្លូវការពីអង្គភាពរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកថ្ងៃព្រហស្បតិ៍ទី ១៤ ខែកុម្ភៈនេះថា បានអនុវត្តតាមស្តង់ដារសុវត្ថិភាពសម្រាប់ការហោះអន្តរជាតិហើយ។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា ក្រោមការវាយតម្លៃនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានទទួលឱកាសក្នុងការចាប់ផ្តើមសេវាហោះហើរទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូង និងអាចចុះកិច្ចព្រមព្រៀងជាដៃគូ (code sharing) ជាមួយក្រុមហ៊ុនអាកាសចរណ៍អាមេរិកផង។
រដ្ឋបាលសុវត្ថិភាពអាកាសចរណ៍អាមេរិកបញ្ជាក់ដូច្នេះ៖« ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលអាចបំពេញតាមលក្ខខណ្ឌតម្រូវរបស់ស្ថាប័នយើង និងក្រសួងដឹកជញ្ជូន អាចចាប់ផ្តើមបើកសេវាហោះហើរមកកាន់អាមេរិកបាន និងអាចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានដែរ»។
បច្ចុប្បន្ននេះ មិនមានជើងហោះត្រង់រវាងអាមេរិកនិងវៀតណាមឡើយ ទោះជាមានការធ្វើដំណើរយ៉ាងមរមាញឹកនៃប្រជាជនទូទៅ និងអ្នកទេសចរណ៍ ក៏ដូចជាការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មរវាងភាគីទាំងពីរក្តី។ ចំណែកការសម្រេចរបស់ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អាមេរិកនេះធ្វើឡើង បន្ទាប់ពីស្ថាប័ននេះបញ្ជូនក្រុមការងាររបស់ខ្លួនមកវាយតម្លៃពីការអនុវត្តស្តង់ដាសុវត្ថិភាពអាកាសចរណ៍របស់វៀតណាមកាលពីឆ្នាំមុន។
យូរមកហើយដែរ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមាន JSC និង Bamboo សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍ក្នុងការបើកជើងហោះហើរត្រង់ទៅវៀតណាម ប៉ុន្តែវៀតណាមនៅមិនទាន់បានទទួលការវាយតម្លៃជាផ្លូវការក្នុងប្រភេទទី ១ (Category 1) ពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អាមេរិកនៅឡើយ។
តាមពិតទៅវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចរហ័សបំផុតមួយលើពិភពលោក ហើយទីផ្សារនៃការហោះហើរវិញនោះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់រហូតដល់ ១៦ភាគរយជាមធ្យមរៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១០មកដល់ ២០១៧។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់របាយការណ៍នៃស្ថាប័នគ្រប់គ្រងអាកាសចរណ៍ស៊ីវិលវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com