ជាតិ
ផ្ទៃដីធ្វើស្រូវប្រាំងជាង២ម៉ឺនហិចតា ប្រឈមខ្វះទឹកប្រើប្រាស់ខ្លាំង ពីខែមីនា ដល់ខែឧសភា
× ភ្នំពេញ៖ ផ្ទៃដីជាង ២ម៉ឺនហិចតា ក្នុងខេត្តដែលដាំដុះស្រូវប្រាំង នឹងប្រឈមការខ្វះទឹកប្រើប្រាស់ខ្លាំងបំផុត ចាប់ពីខែមីនា ដល់ ខែឧសភា ឆ្នាំ២០១៩។ ខេត្តទាំងមានកំពង់ធំ ព្រៃវែង ស្វាយរៀង សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង កណ្តាល និងខេត្តតាកែវ។ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់សារព័ត៌មានThmey Thmey នាថ្ងៃទី១៦កុម្ភៈ ថា ការខ្វះខាតទឹកប្រើប្រាស់នេះ ដោយសារកម្ពុជារងឥទ្ធិពលរលកកម្តៅពីបរទេស ក៏ដូចជាការប្រែប្រួលអាកាសធាតុផងដែរ។
លោក កែវ វី បានបញ្ជាក់ដូច្នេះថា៖ « បានជាខេត្តទាំងនេះ ប្រឈមការខ្វះទឹកប្រើប្រាស់ខ្លាំងជាងដទៃ ដោយសារ ខេត្តទាំងនោះ ជាខេត្តដែលធ្វើស្រូវប្រាំងច្រើនបំផុត។ ហើយការធ្វើការស្រូវប្រាំង គឺទាមទារការផ្គត់ផ្គង់ទឹកច្រើន ដែលជាមូលហេតុមួយធ្វើឲ្យមានកង្វះទឹកប្រើប្រាស់ លើដំណាំផ្សេងៗ។ ពិសេសសម្រាប់ឆ្នាំនេះ រដូវប្រាំង មានរយៈពេលវែងជាងរាល់ឆ្នាំទៅទៀត ដូច្នេះហើយបានជារដ្ឋាភិបាល អំពាវដល់ប្រជាកសិករយើង មិនឱ្យធ្វើស្រូវប្រាំងលើកទីពីរ ដើម្បីចៀសវាងការខាតបង់ពេលវេលា ធនធាន នឹងរួមគ្នាក្នុងទប់ស្កាត់ភាពរះស្ងួតនេះផងដែរ»។
ពាក់ព័ន្ធទៅនឹងការផលិតស្រូវប្រាំងវិញ លោក កែវ វី បានអះអាង កសិកមរបានផលិតស្រូវប្រាំងលើកទីមួយ លើសពីផែនការកំណត់ ក្នុងអត្រា១២៤ភាគរយ។ ដូច្នេះអត្រានៃការផ្គត់ផ្គង់ស្រូវនៅទូទាំងប្រទេសឆ្នាំនេះ គឺមិនខ្វះទេ។
យោងតាមសារព័ត៌មានជាតិ កាលពីថ្ងៃទី១៥ កុម្ភៈ ស្រូវប្រាំងជាង១០០ហិកតា នៅនៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ខេត្តសៀមរាប បានរងគ្រោះដោយសារខ្វះខាតទឹក។ ក្នុងនោះមាន២០ហិចតា នឹងប្រឈមការខូតខាតទាំងស្រុង។
សូមបញ្ជាក់ថា នៅរដូវប្រាំងចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០១៩ កម្ពុជានឹងមានបាតុភូត «អែលនីណូ» ដែលបណ្តាលឲ្យអាកាសធាតុក្តៅហួតហែង សីតុណ្ហភាពអាចនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា និងមានភ្លៀងកក់ខែ លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ច្រើន ដែលជាមូលហេតុនាំឲ្យប្រជាកសិករប្រមូលផលដំណាំបានតិចជាងរាល់ឆ្នាំផងដែរ៕
Tag:
ជាតិ
កសិកម្ម
ទឹក
ប្រាំងស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com