កីឡាជាតិ
ជាតិ
កុំ​ភ្លេច​! សំបូរ និង​ស៊ី​ចាន់ នឹង​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នៅ​សិង្ហ​បុរី​
22, Feb 2019 , 8:59 am        
រូបភាព
 គង់ សំបូរ (ឆ្វេង) និង ខុន ស៊ីចាន់
គង់ សំបូរ (ឆ្វេង) និង ខុន ស៊ីចាន់
ដោយ​៖ Matias Andres
 
​កីឡាករ​កម្ពុជា​ពីររូប​គឺ ខុន ស៊ី​ចាន់ និង​គង់ សំបូរ នឹង​បង្ហាញមុខ​នៅ​សង្វៀន ONE Championship ដើម្បី​អង្រួន​បេះដូង​ទស្សនិកជន​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ​នៅ​សិង្ហ​បុរី នា​ថ្ងៃ​សុក្រ ទី​២២ ខែកុម្ភៈ​។ ក្រៅពីនេះ​ក៏មាន​ការបង្ហាញ​ក្បាច់គុន​ពី​សំណាក់​កីឡាករ​ឆ្នើមៗ​ជុំវិញ​ពិភពលោក​ផងដែរ​។

 
​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នឹង​នាំមក​នូវ​ការប្រកួត​ក្បាច់គុន​ច្រើន​ប្រភេទ​ដូចជា គុន​ខ្មែរ គុន​មួយ​ថៃ គុន​ចម្រុះ និង Kickboxing ដែលជា​ចំណី​ចក្ខុ​ដ៏​ជក់ចិត្ត​សម្រាប់​បងប្អូន​អ្នកទស្សនា​។​
 
​ខាងក្រោម​នេះ​ជា​ហេតុផល​សំខាន់​ចំនួន​៣ ដែល​យើង​គួរ​តាមដាន​កម្មវិធី​នេះ​៖ 
 
១. ខុន ស៊ី​ចាន់ បង្ហាញមុខ​ម្តងទៀត​
 
​ជើងឯក​ក្នុង​កម្មវិធី Khmer Warrior Challenge (KWC) ប្រភេទ​ទម្ងន់ ៥៦,៧​គីឡូក្រាម  ខុន ស៊ី​ចាន់ បាន​បាត់​មុខ​ពី​ទ្រុង​យក្ស ONE អស់​មួយរយៈ​ធំ ចាប់តាំងពី​រូបគេ​ប្រកួត​ចុងក្រោយ​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar ដោយ​ពិន្ទុ​។​


 ខុន​ ស៊ីចាន់ ដែលឈ្នះការប្រកួតនៅ ONE Championship នៅឆ្នាំ២០១៦
 
​កីឡាករ​តំណាង​ក្លិប «Phnom Penh MMA» ពេលនេះ​កំពុង​បង្កើន​ការហ្វឹកហាត់​ខ្លាំង​ទៅលើ​ក្បាច់​ចាប់​ក្លេ ដើម្បី​បញ្ចេញថ្វីដៃ​នៅក្នុង​ទ្រុង​អន្តរជាតិ ឲ្យ​គេ​ស្គាល់​ថា​ខ្លួន​ពិតជា​មាន​សមត្ថភាព​ពិតប្រាកដ​។​
 
Rudy Agustian ដែលជា​គូប្រកួត​ជំនាញ​ខាង​គុន​ចម្រុះ (MMA) នឹងត្រូវ​ឡើងទៅ​សាក​ថ្វីដៃ​ជាមួយ ស៊ី​ចាន់ ក្នុងការ​ប្រកួត​នោះ​។ ប្រសិន ស៊ី​ចាន់ យកឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ​បាន នោះ​បង្ហាញថា​ក្បាច់គុន​របស់គេ​ពិតជា​ឈានដល់​កម្រិត​ខ្ពស់​ក្នុង​ឆាក​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៩​នេះ​។ 
 
​គ្រូបង្វឹក​របស់ ស៊ី​ចាន់ បង្ហើប​ថា​៖ «​យើង​រីករាយ​នឹង​ការហាត់​ត្រៀម​ណាស់​។ ស៊ី​ចាន់ គាត់​យកចិត្តទុកដាក់​ខ្លាំង ហើយ​ឃ្លាន​ចង់​ឈ្នះ​មែនទែន​។ ចាំមើល Rudy គេ​ប្រើ​ក្បាច់​អី​មក​តទល់​ជាមួយ ស៊ី​ចាន់​។ ស៊ី​ចាន់ ធ្លាប់​វាយ​គុន​ខ្មែរ​ជាង ១៥០​ប្រកួត រីឯ Rudy វិញ​មិនបាន​ច្រើន​ទេ​»​។ 
 
២. គង់ សំបូរ សមាជិក​ថ្មី​ក្នុង​វគ្គ ONE Super Series 
 
​គង់ សំបូរ ដែលមាន​កំណើត​នៅ​ខេត្តសៀមរាប មានឈ្មោះ​ចូល​ប្រកួត​នៅ​សង្វៀន​យក្ស ONE Championship ជា​លើកដំបូង​។ 
 
​កីឡាករ​វ័យ ២៣​ឆ្នាំ​រូបនេះ ក្លាយជា​សមាជិក​ថ្មី​ម្នាក់​ក្នុង​ស្ថាប័ន​ប្រដាល់​អន្តរជាតិ ដោយសារ​រូបគេ​មាន​ម​ហិ​ច្ច​តា​ចង់បង្ហាញ​អន្តរជាតិ​ថា​ក្បាច់គុន​ខ្មែរ​ពិតជា​ខ្លាំង​។ សំបូរ ត្រូវ​ផ្គូរ​ផ្គង​ឲ្យ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ជនជាតិ​ចិន Zhang Chenglong ក្នុង​តារាង​គូ​សំខាន់​នៃ​ព្រឹត្តិការណ៍​នោះ​។ 
 
​សំបូរ នឹង​ប្រកួត​តំណាង​ឲ្យ​ក្លិប​«​អាណាចក្រ​ប្រយុទ្ធ (KFG)» ហើយ​គេ​មាន​ឆន្ទៈ​មោះមុត​ថា​នឹង​បញ្ចេញ​ឲ្យ​អស់​កំលាំងកាយ​ចិត្ត ដូច​អ្វីដែល​គេ​និង​ក្រុម​ទាំងមូល​បាន​ត្រៀម​ទុក​។ 
 
​ចំណែក​ម្ចាស់​ក្លិប KFG លោក Kwok Leung Tsang ប្រាប់ថា​៖ «​យើង​ធ្វើ​យ៉ាងម៉េច​ដាក់បញ្ចូល​ស្នៀត​ច្រើន​ខុសៗ​គ្នា ស៊ីសង​មួយណា​ប្រើការ​ជាមួយ​កីឡាករ​យើង​បាន​។ និយាយ​ទៅ កីឡាករ​ម្នាក់ៗ​មាន​ស្នៀត​រៀងខ្លួន ប៉ុន្តែ​សរុបទៅ យើង​ចង់​បង្កើន​ភាព​រហ័ស ដោយ​លាយ​ជាមួយ​ក្បាច់គុន​ខ្មែរ​។ យើង​ត្រៀម​វាយ​ឲ្យ​កក្រើក​ឆាក​តែម្តង​»​។​
 
៣. ការប្រកួត​ជើងឯក​ខ្សែក្រវាត់​ក្បាច់គុន​មួយ​ថៃ​ក្នុង​ប្រវត្តិសាស្ត្រ​
 
Stamp Fairtex ជា​វីរនារី​ខាង​ក្បាច់គុន​របស់​ថៃ និង​ជា​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Atomweight Kickboxing World Champion​។ នាង​នឹង​សាង​ប្រវត្តិសាស្ត្រ​ក្នុង​ស្ថាប័ន ONE Championship ដោយ​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​បន្ថែម​១​ទៀត ពី​ជើងឯក​ពិភពលោក​ជនជាតិ​អាមេរិក Janet “JT” Todd ក្នុង​ព្រឹត្តិការណ៍​នោះ​។ 
 
​កីឡាការិនី Stamp បច្ចុប្បន្ន​គឺជា​ម្ចាស់​ខ្សែក្រវាត់​មួយ​ស្រាប់​ហើយ តែ​ប្រសិន​នាង​អាច​យកឈ្នះ​ជើង​ខ្លាំង​អាមេរិក​ក្នុងការ​ប្រកួត​ក្បាច់​មួយ​ថៃ​បាន នោះ​នាង​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ដល់​ទៅ​ពីរ​គឺ​ខាង​ក្បាច់ Kickboxing និង​ក្បាច់គុន​មួយ​ថៃ​។​
 
​សូមបញ្ជាក់ថា គ្មាន​នរណាម្នាក់​អាច​យក​តំណែង​ខ្សែក្រវាត់​២ ពី​ក្នុង​សង្វៀន​យក្ស ONE Championship បាន​នៅឡើយ​ទេ ដូច្នេះ​បើសិន​នាង​ពិតជា​ធ្វើបាន​មែន នោះ​នាង​នឹងត្រូវ​កត់ត្រា​ចូល​ប្រវត្តិសាស្ត្រ​ធំ​មួយ​របស់​ស្ថាប​ន័​ប្រដាល់​លំដាប់​ពិភពលោក ONE ជាក់​ជាមិនខាន​៕ 
 
 

Tag:
 ONE Championship
  ខុន ស៊ី​ចាន់​
  គង់ សំបូរ
© រក្សាសិទ្ធិដោយ thmeythmey.com