ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទទា​យំ​ឆ្លង​ត្រ​យ៉ង​បង​អើយ រត់​ហើយ​! បទ​ថ្មី​មួយទៀត​របស់​សម្តេច ហ៊ុន សែន​
22, Feb 2019 , 3:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈ​លទ្ធផល​នៃ​ការ​ភ្នាល់​យក​ចាញ់​-​ឈ្នះ ជិត​ឈាន​មកដល់ សម្តេច ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច ឆ្លៀត​សរសេរ​បទ​ចម្រៀង ដែល​បង្កប់​អត្ថន័យ​បញ្ឆិតបញ្ឆៀង និង​ផ្លែផ្កា​ឲ្យ​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​។

 
​បទ​ចម្រៀង​ថ្មី​ក្រោយនេះ ដែល​សម្តេច ហ៊ុន សែន ទើបនឹង​សរសេរ​រួច ហើយ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្នុង​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ គឺ​ទាក់ទង​សត្វ​ទទា​ដដែល​។ ទំនុក​ចម្រៀង​នេះ គឺ​៖ 
 
១. ទទា​យំ​ឆ្លង​ត្រ​យ៉ង​បង​អើយ រត់​ហើយ​(​ពីរដង​) សង្សារ​បង​អើយ រត់​អី​លឿន​ម្ល៉េះ​?
២. បើ​រត់​យ៉ាងហ្នឹង ហេតុអ្វី​ធ្វើ​ចេះ​? (​ពីរដង​) លុយ​ក៏​អស់ ឆ្នាំង​ក៏​ប្រេះ បើ​រត់​យ៉ាងនេះ ទៅ​ជ្រក​ឯណា​?
៣. បង​រត់ចោល​អូន អត់ធ​ម៏​មេត្តា (​ពីរដង​) បង​ភ្លេច​សន្យា​កាលពី​គ្រា​ដើម​។​
៤. បើ​បង​ធ្លាប់​រត់​សុំ​រត់​ទៀត​ណា (​ពីរដង​) រត់​ទៅ​រាម​រ៉ា​មាន​អ្នក​ប៉ាវ​បាយ​៕
 
​នេះ​ជា​បទ​ចម្រៀង​ទី​ពីរ​ហើយ ដែល​គេ យល់ថា សម្តេច ហ៊ុន សែន តែង​ឡើង ដើម្បី​ឌឺដង​ទៅ​លោក សម រង្ស៊ី ដូច​បទ​ទីមួយ​ដែរ​។ ទំនុក​បទ​ចម្រៀង​ទីមួយ ដែលសម្តេច  ហ៊ុន សែន​ និពន្ធ​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ គឺ​៖ 
 
​ទទា​យំ​ឆ្លង​ត្រ​យ៉ង​បង​អើយ អត់​ឆ្លើយ (​ពីរដង​) សង្សារ​បង​អើយ ដល់ពេល​ហើយ​ឬ​នៅ​?
 
​ចិត្ត​អូន​ចិត្តដាច់ ដោយសារ​ចិត្ត​បង​ចិត្តខ្មៅ (​ពីរដង​) ស្ពាន​ក៏​បាក់ ទឹក​ក៏​ជ្រៅ ធ្វើ​ម្តេច​បាន​ទៅតាម​កិច្ចសន្យា​៕
 
​បទ​ទីមួយ ចេញ​បានតែ​មួយថ្ងៃ ក៏ត្រូវ​បាន​ក្រុម​តន្ត្រី​គ្រួសារ​ខ្មែរ យកទៅ​ច្រៀង​។  
 
​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន ពុំ​បានដាក់​ចំណងជើង​ឲ្យ​បទចម្រៀង​ទាំងពីរ​បទ​នេះ​ទេ ដោយ​គេ នាំគ្នា​សន្មត​និង​ហៅ​ជាទូទៅ​ថា «​បទ​ទទា​យំ​ឆ្លង​»​។ 
 
​លោក សម រង្ស៊ី ជា​អ្នក​បបួល​សម្តេច ហ៊ុន សែន ភ្នាល់​គ្នា​។ លោក អះអាងថា យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ លោក កឹម សុខា នឹង​ត្រូវបាន​ដោះលែង តែបើ​ការអះអាង​របស់លោក​ខុស លោក សុខចិត្ត​ដើរចូល​ស្រុក ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​។ ឮដូច្នេះ សម្តេច ហ៊ុន សែន ក៏​ចេញមក​ទទួលយក​ការ​ភ្នា​ក់​នេះ​។ 
 
​សម្តេច ហ៊ុន សែន ប្រកាសថា សុខចិត្ត​ចុះចេញ​ពី​តំណែង បើ​លោក កឹម សុខា ពិតជា​ត្រូវបាន​ដោះលែង នៅត្រឹម​ថ្ងៃទី​៣ ខែមីនា មែន តែបើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ទេ លោក សម រង្ស៊ី ត្រូវ​វិល​មក​កម្ពុជា តាម​ការសន្យា​។ 
 
​គេ មិនទាន់​ដឹង​នោះទេ ថា អ្នកណា ជា​អ្នកឈ្នះ ការ​ភ្នាល់​នេះ​។ តែមាន​អ្នកខ្លះ ហ៊ាន​ទស្ស​ទាយ​មុន​ថា ប្រហែលជា​សម្តេច ហ៊ុន សែន ដែលជា​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ភ្នាល់​នេះ ហើយ​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា ប្រហែលជា​មិនទាន់​ចូល​ស្រុក​នោះទេ បើទោះបីជា​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ក៏ដោយ​៕  
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  បទ​ទទា​យំ​ឆ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com