ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​-​ចិន ធ្វើ​សមយុទ្ធ​ដល់​ទៅ​២៨​ថ្ងៃ ដើម្បី​ពង្រឹង​កិច្ចសហការ​ផ្នែក​កងទ័ព​
28, Feb 2019 , 10:07 am        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន ប្រើពេល​ដល់​ទៅ​២៨​ថ្ងៃ​ឯណោះ ក្នុង​ការធ្វើ​សមយុទ្ធ ដែល​ហៅថា «​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩»​។ សមយុទ្ធ​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​២៨ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត​។​


 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស​ឆ្នាំ​២០១៩» ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន និង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ធ្វើ​លំ​ហាត់​រួមគ្នា​លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ ការប្រឆាំង​ភេរវកម្ម ការរក្សា​សន្តិភាព ក្នុង​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ និង​គ្រប់​ប្រភេទ​ទ័ព ស្របតាម​កិច្ចសហប្រតិបត្តិការ​រ​បស់​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​។ លោក សរសេរ​ទៀតថា លំ​ហាត់​នេះ ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គោលជំហរ​របស់​រដ្ឋាភិបាល ជាពិសេស​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​អនុវត្ត​នយោបាយ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការជួយ​គ្នា​លើ​គ្រប់​វិស័យ​និង​គ្រប់​ជ្រុងជ្រោយ​។​


រូបពីក្រសួងការពារជាតិ
 
នាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ពីថ្ងៃ២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ គឺជាការចាប់ផ្តើមហ្វឹកហាត់សមជាមុន នៅក្នុងផ្ទៃក្នុងរបស់កងទ័ពកម្ពុជាប៉ុណ្ណោះ​ ដោយមិនទាន់មានការចូលរួមពីកងទ័ពចិនទេ។ លោក បន្តថា ពិធី​បើក «​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩» ផ្លូវការជាមួយកងទ័ពចិន នឹងធ្វើ​ឡើង​នៅថ្ងៃទី១៣ ខែកុម្ភៈ ក្រោម​អធិបតីភាព​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​ពិធី​បិទ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​ លោក បញ្ជាក់ថា៖«បើគិតទៅតែពីរសប្តាហ៍ទេ។ ហើយយើងធ្វើនេះ អត់ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងអីទេ គឺជាការពង្រឹងសមត្ថភាពរបស់កងទ័ពយើង និងជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពចិន ដូចដែលយើងធ្វើរាល់ដងអ៊ីចឹង»។


រូបពីក្រសួងការពារជាតិ

ក្នុងការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​នេះ កងទ័ព​ចិន មាន​២៥២​នាក់ និង​កងទ័ព​កម្ពុជា មាន​២៥៤២​នាក់ ដោយ​ក្នុងនោះ​មាន កម្លាំង​ធ្វើ​លំ​ហាត់​៣៨២​នាក់ កម្លាំង​បម្រើការ​ក្នុង​លំ​ហាត់​៤៤៨​នាក់ កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ​១៦៨៥​នាក់​។ លោក បន្ថែមថា ក្នុង​លំ​ហាត់​នាគ​មាស​នេះ មានការ​ហ្វឹកហាត់​ក្នុង​ទីបញ្ជាការ និង​ទីលាន ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយចំនួន ដូចជា​ការប្រឆាំង​ភេ​វរ​កម្ម ការរំដោះ​ចំណាប់ខ្មាំង ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ការបំពេញភារកិច្ច​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ និង​វិស្វកម្ម​ជាដើម​។​


រូបពីក្រសួងការពារជាតិ


រូបពីក្រសួងការពារជាតិ

​លោក បញ្ជាក់ថា អាវុធ​យុទ្ធ​ភ័​ណ្ឌ​សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ រួមមាន រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើងត្បាល់ ឧ​ទ្ធ​ម្ភា​ចក្រ អាវុធ​គាំទ្រ​ពីលើ​អាកាស ជាដើម​។ នេះ​គឺជា​លំ​ហាត់​នាគ​មាស​លើក​ទី​បី​ហើយ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​។ សមយុទ្ធនេះ ចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០១៦មក តែឆ្នាំ២០១៧ ពុំបានធ្វើនោះទេ៕ 
 
 

Tag:
 ​ឈុំ សុជាត​
  ក្រសួងការពារជាតិ​
  កម្ពុជា​
  ចិន​
  កងទ័ព​
  សមយុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com