កីឡាជាតិ
ជាតិ
អ្នកជំនាញ​៖ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ កម្ពុជា​អាច​ចំណាយ​២០០​លាន​ដុល្លារ​
02, Mar 2019 , 10:46 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ធ្វើបទបង្ហាញពីវឌ្ឍនភាពនៃដំណើររៀបចំស៊ីហ្គេម
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ធ្វើបទបង្ហាញពីវឌ្ឍនភាពនៃដំណើររៀបចំស៊ីហ្គេម
ដោយ:
​អ្នកជំនាញ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​បាន​វាយតម្លៃថា កម្ពុជា​អាច​ចំណាយ​ថវិកា​ក្នុង​រង្វង់​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​។ តែ​យ៉ាងណា ការចំណាយ​អាចមាន​ចំនួន​តិច ឬ​ច្រើនជាង​នេះ ព្រោះ​វា​អាស្រ័យ​លើ​ការរៀបចំ​របស់​ម្ចាស់ផ្ទះ​។ កម្ពុជា ក៏​គ្រោង​បញ្ជូន​កីឡាករ​-​កីឡាការិនី ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅតាម​បណ្តា​ប្រទេស​សក្តានុពល​មួយចំនួន​នៅ​តំបន់​អាស៊ី ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​នេះ​ផងដែរ​។

 
​លោក​សាស្ត្រាចារ្យ Sheik Kok Chi អ្នកជំនាញ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​បាន​វាយតម្លៃថា កម្ពុជា​អាច​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ថវិកា​ទាំងនេះ កម្ពុជា​ត្រូវ​ចំណាយ​លើ​ការបណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស និង​ការហ្វឹកហាត់​របស់​កីឡាករ និង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​។ 
 
«  ក្នុងចំណោម​២០០​លាន​ដុល្លារ លោក​ចែកចេញជា​ពីរ គឺ​១០០​លាន​ដុល្លារ​ចំណាយ​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​ហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី និង​១០០​លាន​ដុល្លារ​ទៀត គឺ​ចំណាយ​ក្នុងអំឡុងពេល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​ស្រង់​សម្តី​លោក​សាស្ត្រាចារ្យ Sheik Kok Chi ផ្តល់​បទ​សម្ភាស​ដល់​អ្ន​ក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​កម្ពុជា​នៅ​វិមាន​សន្តិភាព​កាលពីពេល​ថ្មីៗ​។​
  
លោក Sheik Kok Chi (អាវខ្មៅ)ពេលធ្វើបទបង្ហាញក្នុងកិច្ចប្រជុំលើកទី២របស់ CAMSOC នៅវិមានសន្តិភាព, រូបភាពពី NOCC
​លោក វ៉ា​ត់ ចំរើន ដែល​ស្រង់​សម្តី​លោក Sheik Kok Chi បាន​អះអាង​ទៀតថា ការចំណាយ​នេះ​គ្រាន់តែ​ជា​តួលេខ​វាយតម្លៃ​បឋម​តែប៉ុណ្ណោះ ខណៈ​ការចំណាយ​ជាក់ស្តែង​អាច​តិច ឬ​ច្រើនជាង​នេះ​អាស្រ័យ​លើ​តម្រូវការ និង​ទំហំ​រៀបចំ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​។ ក្នុង​កិច្ចប្រជុំ​នោះដែរ អ្នកជំនាញ​រូបនេះ ក៏បាន​ចែករំលែក​បទពិសោធ ក៏ដូចជា​ប្រាប់​ពី​វិធីសាស្ត្រ​បែងចែក​តួនាទី និង​យុទ្ធសាស្ត្រ​នៃ​ដំណើរ​ការរៀបចំ​កីឡា​ស៊ី​ហ្គេម​ដល់​មន្ត្រី​ជំនាញ​របស់ CAMSOK ផងដែរ​។​
 
​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ កម្ពុជា នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​នៃ​ប្រភេទ​កីឡា​មួយចំនួន ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​បណ្តា​ប្រទេស​សក្តានុពល​មួយចំនួន​នៅក្នុង​តំបន់​។ ប្រទេស​គោលដៅ​ធំៗ​ដែល​កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​រួមមាន ចិន ជប៉ុន កូរ៉េ និង​ប្រទេស​មួយចំនួនទៀត​នៅ​តំបន់​អាស៊ាន​។ ប៉ុន្តែ​ការបញ្ជូន​នេះ គឺ​វា​អាស្រ័យ​លើ​ការអនុញ្ញាត​របស់​ម្ចាស់ផ្ទះ ព្រោះ​អាចមាន​ប្រភេទ​កីឡា​ខ្លះ​ទទួលបាន​ការអនុញ្ញាត និង​ខ្លះទៀត​មិន​អនុញ្ញាត​។ 
 
​សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​កម្ពុជា ជំរុញ​ឲ្យ​សមាជិក​ទាំងអស់​ព​ន្លឿ​ន​នីតិវិធី​រៀបចំ​បង្កើត​អគ្គលេខា​ដ្ឋា​ន CAMSOC ដើម្បី​ដំណើរការ​អង្គភាព​មួយ​នេះ​។ ទន្ទឹមនឹងនេះ សម្តេច​ប្រាប់​ឲ្យ​សមាជិក​រៀបចំ​ផែនការ និង​កំណត់ហេតុ​ផ្សេងៗ​នៃ​កិច្ចប្រជុំ​លើក​ទី​២​របស់ CAMSOC ពិសេស​ពី​គម្រោង​ថវិកា ដើម្បី​ស្នើសុំ​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​៕    



Tag:
 SEA Games 2023
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com