អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម ជឿថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​គីម ជុង​អ៊ុន កូរ៉េខាងជើង​នឹង​ក្លាយជា​ប្រទេស​អ្នកមាន និង​រឹងមាំ​នាពេលខាងមុខ​ដ៏​ខ្លី​
03, Mar 2019 , 11:25 am        
រូបភាព
ដោយ:
 ​រដ្ឋាភិបាល​វៀតណាម បានប្រកាស​ពី​ការត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​កូរ៉េខាងជើង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ទាំងពីរ​ស្របតាម​គោលជំហរ​របស់​រដ្ឋ និង​បទដ្ឋាន​អន្តរជាតិ​។

 
​នា​ជំនួប​ទ្វេភាគី​ផ្លូវការ​ក្នុង​រដ្ឋធានី​ហាណូយ​នៅ​ថ្ងៃ​១ មីនា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​ប្រាប់​ប្រមុខ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ថា បក្ស​កុម្មុយនីស្ត ប្រទេស និង​ប្រជាជន​វៀតណាម ពិតជា​ផ្តល់​តម្លៃ​ខ្ពស់ និង​ចង់​ពង្រឹង​និង​អភិវឌ្ឍ​ទំនាក់ទំនង​ប្រពៃណី​ជាមួយនឹង​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Nhan Dan​។ 
 
​តាមរយៈ​ជំនួប​ដដែល​នោះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បាន​សាទរ និង​កោតសរសើរ​លើ​សមិទ្ធផល​នៃ​ការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជាពិសេស​នោះ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​៥​ឆ្នាំ​(២០១៦-២០២០)​របស់​កូរ៉េខាងជើង​។ លោក ថែមទាំង​ថ្លែង​ជំនឿ​ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​គីម ជុង​អ៊ុន កូរ៉េខាងជើង មិនយូរ​នោះទេ នឹង​ក្លាយជា​រដ្ឋ​អ្នកមាន និង​រឹងមាំ​ហើយ​»​។​
 
​តាម​ជំនួប​នេះដែរ ប្រមុខ​កូរ៉េខាងជើង ដែល​ទើបតែ​បញ្ចប់​ជំនួប​ជាមួយនឹង​ប្រមុខ​អាមេរិក​នៅ​ទីនោះ បាន​អះអាងថា លោក ពិតជា​ស្ញប់ស្ញែង​នឹង​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​វៀតណាម​។ លោក ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​កូរ៉េខាងជើង ក្នុងការ​ពង្រឹង​និង​អភិវឌ្ឍ​ទំនាក់ទំនង​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​កសាង​ដោយ​ប្រមុខ Ho Chi Minh និង​ប្រមុខ Kim Il Sung ឲ្យ​កាន់តែ​ល្អប្រសើរ​ក្នុង​កម្រិត​មួយ​ថ្មី​នាពេល​អនាគត​។ 
 
​ឆ្លៀតឱកាស​នោះ ប្រមុខ​កូរ៉េខាងជើង ក៏បាន​វាយតម្លៃ​ខ្ពស់​លើ​តួនាទី និង​សារសំខាន់​របស់​វៀតណាម​នៅក្នុង​ឆាក​អន្តរជាតិ ក៏ដូចជា​អរគុណ វៀតណាម សម្រាប់​ការទទួល​ស្វាគមន៍​កូរ៉េខាងជើង​យ៉ាង​កក់ក្តៅ និង​ប្រកបដោយ​អត្ថន័យ ជាពិសេស​លើ​ការរៀបចំ និង​សម្របសម្រួល​លើ​ជំនួប​កំពូល​លើក​ទី​ពីរ​របស់​ប្រមុខ​កូរ៉េខាងជើង និង​អាមេរិក​តែម្តង​។ 
 
​គួរ​ជម្រាប​ផងដែរ វៀតណាម និង​កូរ៉េខាងជើង គឺជា​ប្រទេស​ចុងក្រោយ​នៃ​ប្រទេស​ទាំង​ប្រាំ​( ចិន គុយបា និង​ឡាវ​) របស់​ពិភពលោក ដែល​ប្រកាន់យក​របប​ដឹកនាំ​បែប​កុម្មុយនីស្ត​។ ក៏ប៉ុន្តែ​គួរ​ឲ្យ​កត់សម្គាល់​នោះ កូរ៉េខាងជើង ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិ​ព​ភ​លោក ខណៈ​វៀតណាម កំពុងតែ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លាំង​ក្នុង​តំបន់​។ 
 
​ថ្មីៗ​នេះ ពោលគឺ​មុនពេល​ប្រមុខ​កូរ៉េខាងជើង បង្ហាញ​វត្តមាន​ដោយផ្ទាល់​ក្នុង​ទឹកដី​វៀតណាម មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​វៀតណាម​ច្រើនដង​ហើយ ក្នុង​គោលដៅ​ស្វែងយល់ និង​រៀនសូត្រ​ពី​ការអភិវឌ្ឍ​របស់​វៀត​ណា​ម​៕ 
 
 

Tag:
 វៀតណាម​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com