ជាតិ
សង្គមជាតិ
UNDP ជំរុញឲ្យស្ថាប័នរដ្ឋពង្រឹងការប្រើបាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ
× កំណែទម្រងប្រព័ន្ធគ្រប់គ្រងរដ្ឋាលសាធារណៈតាមបែបបច្ចេកវិទ្យាឌីជីថល ពិតជាចាំបាច់ណាស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ក្នុងសតវត្សរ៍ទី២១នេះ។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីផលក្នុងផ្នែករដ្ឋបាលសាធារណៈ ក៏ជួយឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធអភិបាលកិច្ច និងផ្ដល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ នេះជាការលើកឡើងរបស់អ្នកជំនាញផ្នែកឌីជីថល។
លោក Nick Beresford អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា បានមើលឃើញថា កម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសផ្នែកបច្ចេកវិទ្យា ដែលជំរុញឲ្យរដ្ឋាភិបាល ត្រូវតែត្រៀមខ្លួនជាមួយនឹងការផ្លាស់ប្តូរនេះ ដើម្បីធានានូវតម្រូវការរបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងថា្នក់តំបន់ និងពិភពលោកនាយុគសម័យឌីជីថល។ លោក Nick Beresford បន្តថា UNDP បន្តជួយគាំទ្រផ្នែកជំនាញបច្ចេកទេស និងថវិការដល់ក្រសួងនានា និងមន្ត្រីរាជការ លើការពង្រឹងចំណេះដឹងផ្នែកបច្ចេកវិទ្យានេះ។
អ្នកតំណាង UNDP បាននិយាយថា៖«នៅពេលដែលគំនិតថ្មីៗមានប្រភពចេញពីមន្ត្រីរាជការខ្លួនឯង ភាគច្រើន គំនិតទាំងនេះនឹងនាំមកនូវការផ្លាស់ប្តូរពិតប្រាកដ។ ការងាររបស់យើង មិនមែននិយាយអំពីការអនុវត្តដែលល្អបំផុតនោះឡើយ ប៉ុន្តែគឺត្រូវជួយឱ្យក្រសួងនានាបើកចំហឱ្យមានឱកាសបញ្ចេញគំនិតច្នៃប្រឌិត ដើម្បីឱ្យមន្ត្រីរាជការអាចទៅកាន់តែកៀកនឹងប្រជាពលរដ្ឋ ដែលពួកគេផ្តល់សេវាឱ្យ និងយកដំណោះស្រាយដែលពួកគេគិតឃើញដោយខ្លួនឯងទៅធ្វើការពិសោធន៍សាកល្បង»។
រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួន (២០១៩-២០២៣) ទាក់ទងសារៈសំខាន់នៃគុណភាពធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា ដោយបានចាត់ទុកជាចំណុចគន្លឹះ ដើម្បីជួយឱ្យកម្ពុជា អាចច្បាមយកឱកាសប្រើប្រាស់ប្រព័ន្ធអេឡេត្រូនិច ក្នុងវិស័យអភិបាលកិច្ចរបស់ខ្លួនឱ្យបានកាន់តែច្រើន។ លើសពីនេះកម្មវិធីជាតិសម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់ធ្វើកំណែទម្រង់រដ្ឋបាល ពោលគឺ «ធ្វើការផ្លាស់ប្តូររដ្ឋបាលសាធារណៈឲ្យក្លាយទៅជាអ្នកផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងជាដៃគូដែលអាចជឿទុកចិត្តបាន ដើម្បីឈានទៅផ្តល់សេវាដល់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន» ។ ជាពិសេសជួយឲ្យកម្ពុជាអាចបន្តចូលរួមប្រកួតប្រជែងក្នុងថ្នាក់តំបន់ និងក្នុងសកលលោក ក៏ដូចជាសម្រេចគោលដៅ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០។ នេះជាការលើកឡើងរបស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។
រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈរូបនេះបានមានប្រសាសន៍ថា «សិក្ខាសិលាក្នុងថ្ងៃនេះ គឺជាមូលដ្ឋានដល់មន្ត្រីរាជការ ក្នុងការស្វែងរកលទ្ធភាពក្នុងការទទួលយកនូវបច្ចេកវិទ្យាឌីជីថលមកប្រើប្រាសើក្នុងវិស័យសេវាសាធារណៈ ដើម្បីជួយឱ្យរាជរដ្ឋាភិបាលសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងពង្រឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធអភិបាលកិច្ច និងផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព»។
ក្រសួងមុខងារសាធារៈ និង UNDP ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីវិស័យសាធារណៈនៅក្នុងយុគសម័យឌីជីថល នាព្រឹកថ្ងៃតី៤ ខែមីនា ឆ្នាំ២០១៩នេះ នៅសាលាភូមិន្ទរដ្ឋបាល ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញឲ្យមាននវានុវត្តន៍ក្នុងវិស័យអភិបាលកិច្ច និងការផ្ដល់សេវាដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com