ជាតិ
​​​ន​យោ​បាយ​ជាតិ​
EBA៖ អាច​នឹងមាន​ក្រុមការងារ​អឺរ៉ុប មក​កម្ពុជា នៅ​ចុងខែ​នេះ
07, Mar 2019 , 10:53 am        
រូបភាព
ជំនួបរវាងលោក ប៉ាន សូរស័ក្តិ និង លោក ចច អេដហ្កា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។ រូបពីក្រសួងពាណិជ្ជកម្ម
ជំនួបរវាងលោក ប៉ាន សូរស័ក្តិ និង លោក ចច អេដហ្កា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។ រូបពីក្រសួងពាណិជ្ជកម្ម
ដោយ: ថ្មីៗ
​លោក ច​ច អេ​ដ​ហ្កា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​អះអាងថា អាច​នឹងមាន​ក្រុមការងារ​របស់​សហភាព​អឺរ៉ុប មក​កម្ពុជា នៅ​ចុងខែ​មីនា ឬ​ឈានចូល​ខែមេសា ឆ្នាំ​២០១៩​ខាងមុខ​។ លោក ច​ច អេ​ដ​ហ្កា លើក​ឡើ​ក​បែបនេះ ក្នុងជំនួប​ជាមួយ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​។



​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម បានសរសេរថា លោក ប៉ាន សូរ​ស័ក្ដិ ឆ្លៀត​សួរ​លោក ច​ច អេ​ដ​ហ្កា អំពី​ដំណើរការ​នីតិវិធី​របស់​សហភាព​អឺរ៉ុប ក្នុងការ​ពិនិត្យ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ EBA នៅ​កម្ពុជា ជាពិសេស​ក្នុងដំណាក់កាល​៦​ខែ​ដំបូង​។ លោក ច​ច អេ​ដ​ហ្កា ប្រាប់ថា លោក មិនទាន់​បានទទួល​នូវ​ព័ត៌មាន​ជាក់លាក់​នៅឡើយ​ទេ​ជុំវិញ​ដំណើរការ​នីតិវិធី​នេះ ដោយ​លោក គ្រាន់តែ​បង្ហើប​ថា ក្រុមការងារ​របស់​ស​ហ​ភាព​អឺរ៉ុប អាច​នឹង​ម​កម្ពុជា​។ 

​ក្រោយពី​ព្រមាន​អស់​ជាច្រើន​ខែ​កន្លងមក សហភាព​អឺរ៉ុប ក៏​ប្រកាស​ចាប់ផ្តើម​ដំណើរការ​នីតិវិធី កាលពី​ថ្ងៃទី​២ កុម្ភៈ ឆ្នាំ​២០១៩ ដែល​និតិ​វិធី ជាការ​ឈានទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា​។ នីតិវិធី​នេះ ត្រូវការ​រយៈពេល​១៨​ខែ ទើប​សហភាព​អឺរ៉ុប ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ថា​ព្យួរ​ឬ​មិន​ព្យួរ​។ ក្នុងអំឡុង​៦​ខែ​ដំបូង សហភាព​អឺរ៉ុប ឲ្យ​កម្ពុជា​ចូលរួម​ពិភាក្សា​និង​ការពារ​ខ្លួន ដើម្បី​បញ្ចៀស ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕

Tag:
 EU
  EBA
  George Edgar
© រក្សាសិទ្ធិដោយ thmeythmey.com