ONE Championship
កីឡាជាតិ
ជាតិ
រិ​ន សា​រ័ត្ន កើន​កម្លាំង​ចិត្តខ្លាំង​ព្រោះ​ការគាំទ្រ​ពី​មនុស្ស​ជាទី​ស្រលាញ់ មុន​ប្រកួត​ល្ងាច​នេះ​នៅ​មី​យ៉ាន់​ម៉ា​
08, Mar 2019 , 2:19 pm        
រូបភាព
(ឆ្វេង) កីឡាករ រិន សារ័ត្ន និង​កីឡាករ Sunoto។ រូបភាពពី ONE
(ឆ្វេង) កីឡាករ រិន សារ័ត្ន និង​កីឡាករ Sunoto។ រូបភាពពី ONE
ដោយ: ថ្មីៗ
អត្ថបទ​៖ Matias Andres
 
សិស្ស​គុន​ចម្រុះ​ក្លិប Cambodian Top Team រិ​ន សា​រ័ត្ន នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ONE: REIGN OF VALOR នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ថ្ងៃ​សុក្រ​ទី​៨ ​ខែមីនានេះ​។​

 
​អតីត​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ KWC 3 របស់​កម្ពុជា​រូបនេះ​នឹង​តតាំង​ជាមួយ Tial Thang ដែលជា​សិស្ស​ប្អូន​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​២​ប្រភេទ​ទម្ងន់​របស់ ONE Championship ដ៏​ល្បីល្បាញ Aung La N Sang​។​
 
​ទោះបី​រូបគេ​ជិត​ឈានចូល​ភាព​កាន់តែ​ល្បីល្បាញ​ជាង​មុន​មួយកម្រិត​ទៀត​ក្ដី ប៉ុន្តែ​សា​រ័ត្ន​មិនដែល​ភ្លេច​ការលំបាក​ដែល​គេ​បាន​ឆ្លងកាត់​ក្នុង​ជីវិត​ឡើយ ជាពិសេស​ការជំរុញ​ទឹកចិត្ត​ដ៏​សំខាន់​ពី​ភរិយា​និង​គ្រួសារ​ដែល​បាន​នាំ​ឱ្យគេ​មកដល់​ចំណុច​នេះ​ក្នុង​អាជីព​របស់គេ​។​
 
​សា​រ័ត្ន ពន្យល់ថា​៖ «​ឆ្នាំមុន ម្ដាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​វាយ​ហើយ​ទៅធ្វើ​ការ​អ្វី​ផ្សេង​។ តែ​បន្ទាប់ពី​គាត់​បានឃើញ​ខ្ញុំ​ទទួលបាន​ឱកាស​ប្រកួត​នៅក្រៅ​ប្រទេស គាត់​បាន​ផ្លាស់ប្ដូរ​ចិត្ត​ហើយ​ប្រែ​មក​គាំទ្រ​ខ្ញុំ​ក្នុង​អាជីព​នេះ​វិញ​។ គាត់​ថាបើ​ខ្ញុំ​ស្រលាញ់​អាជីព​នេះ​ខ្លាំង​ម្ល៉ឹង ខ្ញុំ​គួរតែ​ខំប្រឹង​ហ្វឹកហាត់​ឱ្យដល់​ចំណុចកំពូល​»​។​
 
​មុន​ការប្រកួត​នៅ​មី​យ៉ាន់​ម៉ា​ថ្ងៃ​សុក្រ​នេះ សា​រ័ត្ន បាន​ចាក​ចេញពី​ក្លិប Cambodian Top Team ទៅ​ហាត់​នៅ​ក្លិប Yorky Mixed Martial Arts ក្នុង​ទីក្រុង​បាងកក​មួយខែ​។ សា​រ័ត្ន មាន​ទំនុកចិត្ត​ថា​ដៃគូ​ហ្វឹកហាត់​ថ្មីៗ​និង​ភាពខុសគ្នា​រវាង​ក្លិប​២​នេះ​នឹង​ផ្ដល់ឱ្យ​រូបគេ​មានការ​ត្រៀមលក្ខណៈ​បានល្អ​សម្រាប់​ការប្រកួត​ដ៏​សំខាន់បំផុត​មួយ​ក្នុង​អាជីព​របស់គេ​។​
 
​សា​រ័ត្ន មាន​អារម្មណ៍​ថា​ការប្ដូរ​ទៅ​ហាត់​នៅ​បាងកក​គឺជា​រឿង​ចាំបាច់​ដើម្បី​បន្ត​អភិវឌ្ឍ​ខ្លួន​ក្នុងនាម​ជា​អ្នកលេង​ក្បាច់គុន​ម្នាក់ ប៉ុន្តែ​សារភាពថា​វា​ពិបាក​ក្នុងការ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​។​
 
​ការខកខាន​ចូលរួម​ពិធី​ខួបកំណើត និង​ការដើរ​កម្សាន្ត​ជាមួយ​គ្រួសារ ជា​រឿង​ពិបាក​ប៉ុន្តែ​ការប្ដេជ្ញាចិត្ត​របស់​សា​រ័ត្ន​បានទទួល​ការលើកទឹកចិត្ត​គាំទ្រ​ពី​ភរិយា​និង​គ្រួសារ​របស់គេ​។​
 
​សា​រ័ត្ន បង្ហើប​ថា​៖ «​ខ្ញុំ​បានគ្រោង​ធ្វើ​រឿង​មួយ​សម្រាប់​ទិវា​នៃ​ក្ដី​ស្រលាញ់​(Valentine’s Day) តែ​បន្ទាប់មក​ខ្ញុំ​ទទួលបាន​ការហៅ​ទៅ​ប្រកួត​នៅ​មី​យ៉ាន់​ម៉ា​នេះ​និង​ត្រូវ​ទៅ​ហាត់​ត្រៀម​នៅ​បាងកក​។ ដំបូង​ឡើយ ប្រពន្ធ​ខ្ញុំ​ស្នើ​ឲ្យ​ខ្ញុំ​ឈប់​ប្រកួត ប៉ុន្តែ​ខ្ញុំ​នៅតែ​រក្សា​ការបំពេញ​គោលបំណង​របស់ខ្ញុំ ដល់​អីចឹង​ឥឡូវនេះ​គាត់​លើកទឹកចិត្ត​ខ្ញុំ​និង​ជូនពរ​ឲ្យ​ខ្ញុំ​ជោគជ័យ​។ គាត់​យល់ព្រម​ឲ្យ​ខ្ញុំ​វាយ ប៉ុន្តែ​គាត់​គិតថា​វាយ​យូរៗ​ម្ដង​បាន​ហើយ​។ គាត់​ខ្លាច​ខ្ញុំ​ឈឺ​ឬ​មាន​សុខភាព​មិនល្អ​ពេល​ចាស់​ទៅ​»​។​
 
​សា​រ័ត្ន បច្ចុប្បន្ន​មាន​កម្លាំងចិត្ត​កាន់តែខ្លាំង​ដោយសារ​ការគាំទ្រ​ពី​អ្នកគាំទ្រ​កម្ពុជា និង​គ្រួសារ​របស់គេ​។ ពេលនេះ​គេ​កំពុង​អន្ទះសារ​ក្នុងការ​បង្ហាញ​សមត្ថភាព​វិ​វ​ឌ្ឍ​ចុងក្រោយ​របស់គេ​និង​តំណាង​កម្ពុជា​លើ​ឆាក​ពិភពលោក​។​
 
​មុន​ប៉ះ Tial Thang ដែល​នឹង​ប្រកួត​នៅ ONE លើកដំបូង​ថ្ងៃនេះ សា​រ័ត្ន បង្ហើប​ថា​៖ «​ខ្ញុំ​បាន​ប្ដូរ​របៀប​វាយ​របស់ខ្ញុំ ហើយ​ខ្ញុំ​ខំ​ហាត់​ខ្លាំង​មែនទែន​។ លើក​នេះ​ខ្ញុំ​នឹង​ខ្លាំង​ជាង​លើក​មុនៗ​»៕
 





Tag:
 ONE Championship
  រិ​ន សា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com