អន្តរជាតិ
Thomson Reuters៖ អាមេរិក​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​គ្រោះថ្នាក់​ជាងគេ​សម្រាប់​ស្ត្រី
09, Mar 2019 , 1:34 pm        
រូបភាព
ដោយ: ធីតា
​មូលនិធិ Thomson Reuters Foundation បាន​ផ្សាយ​លទ្ធផល​នៃ​ការស្ទង់មតិ​ប្រចាំឆ្នាំ​របស់ខ្លួន ទាក់ទង​នឹង​ប្រទេស​ដែល​គ្រោះថ្នាក់​ជាងគេ​សម្រាប់​ស្ត្រី (The World's Most Dangerous Countries for Women) ប្រចាំឆ្នាំ​២០១៨​។



​ការសិក្សា​ផ្តោតលើ សេវាកម្ម​សុខភាព ការរើសអើង វប្បធម៌​-​ប្រពៃណី ហិង្សា​ផ្លូវភេទ ហិង្សា​មិន​ទាក់ទង​ផ្លូវភេទ និង​ការជួញដូរ​មនុស្ស​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ សហរដ្ឋអាមេរិក ស្ថិតក្នុង​ចំណោម ប្រទេស Top 10 ដែលជា​ទី​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ត្រី​។​

​ប្រទេស​ដែល Thomson Reuters រកឃើញថា ជា​កន្លែង​គ្រោះថ្នាក់​ជាងគេ​សម្រាប់​ស្ត្រី​រួមមាន​៖
១. ឥណ្ឌា​៖ ការស្ទង់មតិ​រយៈពេល​៧​ឆ្នាំកន្លងមក ឥណ្ឌា​មានឈ្មោះ​រហូតដល់​ទៅ​៤​លើក​ក្នុងនាម​ជា​ប្រទេស​ដែល​គ្រោះថ្នាក់​ជាងគេ​សម្រាប់​ស្ត្រី​។ ហិង្សា​ផ្លូវភេទ និង​ការ​បៀតបៀន​ស្ត្រី​ជា​ចំណុច​ដ៏​គ្រោះថ្នាក់​បំផុត​។ បើទោះបីជា​រដ្ឋាភិបាល​លោក Narendra Modi ប្រឹង​បង្ហាញ​ពី​ការប្រឹងប្រែង​របស់ខ្លួន​យ៉ាងណាក៏ដោយ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មាន​ចំណុច​វិជ្ជមាន​ជា​ដុំកំភួន​នោះឡើយ ខណៈ​តួលេខ​នៃ​ការរំលោភ​បន្ត​កើនឡើង​។​


២. អា​ហ្វ​ហ្គា​នី​ស្ថាន​៖ 
កាលពី​ឆ្នាំ​២០១១ អា​ហ្វ​ហ្គា​នី​ស្ថាន​ស្ថិតនៅ​លំដាប់​លេខ​មួយ ប៉ុន្តែ​ស្ថានភាព​ក៏​មិនមាន​ការធូរស្រាល​នោះដែរ បើទោះបីជា​លោកខាងលិច​ផ្តល់ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ក្នុងការ​លើកកម្ពស់​ស្ត្រី​ក៏ដោយ​។ អំពើហិង្សា​មិន​ទាក់ទង​ផ្លូវភេទ ដូចជា​ហិង្សា​ក្នុង​គ្រួសារ កង្វះ​សេវាកម្ម​សុខភាព និង​ការរើសអើង បាន​ឲ្យ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រឈមមុខ​សព្វបែបយ៉ាង​។​


៣. ស៊ី​រី​៖
សង្គ្រាមស៊ីវិល​៧​ឆ្នាំ​ក្នុងប្រទេស​បានសម្លាប់​ម​នុស្ស​ប្រមាណ​៥១០ ០០០​នាក់​។ មនុស្ស​ជាច្រើន​បាន​បាត់បង់​ផ្ទះសម្បែង ស្ត្រី​ខ្វះខាត​សេវាកម្ម​សុខាភិបាល និង​តែងតែ​រងគ្រោះ​ដោយ​អំពើហិង្សា​ផ្លូវកាយ​។ ស្ត្រី​ស៊ី​រី​ជាច្រើន បាន​បាត់បង់​ឱកាស​ក្នុងការ​ស្វែងរក​សេដ្ឋកិច្ច​សម្រាប់​គ្រួសារ​។​


៤. សូ​ម៉ាលី​៖
អង្គការសហប្រជាជាតិ​ព្យាករ​ថា មនុស្ស​ប្រមាណ​៦,២​លាន​នាក់​នៅ​សូ​ម៉ាលី ជាពិសេស​ស្ត្រី ត្រូវការ​ជំនួយ​បន្ទាប់ ដូចជា​ម្ហូបអាហារ ទឹក​ប្រើប្រាស់ និង​ទីជម្រក​។ កក្តា​ទាំងនេះ នាំ​ឲ្យ​ខ្វះខាត​សេវាកម្ម​សុខភាព ចំណែកឯ​ប្រ​ណិ​បត​ន៍​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ រង​ការ​ប្រឈម​ជាច្រើន​។


៥. អា​រ៉ា​ប៊ី​សា​អូឌីត​៖
ការរើសអើង​ការងារ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​សិទ្ធ​សម្រេច​ផ្សេងៗ បានកំណត់​ផ្លូវ​ដើរ​របស់​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​។ រយៈពេល​ចុងក្រោយ ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត មាន​សិទ្ធិ​បើករថយន្ត​ឡើងវិញ ប៉ុន្តែ​ឱកាស​ការងារ និង​ការធ្វើដំណើរ​ផ្សេងៗ​នៅតែមាន​ការ​រឹត​ត្បឹ​ត ហើយ​នា​រយៈពេល​ចុងក្រោយ​នេះ ស្ត្រី​ដែលជា​សកម្មជន​សិទ្ធិមនុស្ស​មួយចំនួន​រង​ការចាប់ខ្លួន​។​


៦. ប៉ា​គី​ស្ថាន​៖
ធនធានសេដ្ឋកិច្ច និង​ការរើសអើង​នៅ​កន្លែង​ការងារ បានធ្វើ​ឲ្យ​ស្ត្រី​ប៉ា​គី​ស្ថាន មិនមាន​មុខមាត់​ក្នុងសង្គម រួមជាមួយ​នឹង​ការ​រឹតត្បិត​ផ្នែក​វប្បធម៌ សាសនា និង​ទំនៀមទម្លាប់​ផងដែរ​។ ទិន្នន័យ​ធនាគារពិភពលោក បង្ហាញថា ស្ទើរតែ​ស្ត្រី​ម្នាក់​ក្នុងចំណោម​៣​នាក់ រង​ហិង្សា​ផ្លូវកាយ​ពី​សំណាក់​ស្វាមី​របស់ខ្លួន​។​


៧. សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​៖
ហិង្សា​ផ្លូវភេទ គឺជា​គ្រោះថ្នាក់​ដ៏​ធំ​សម្រាប់​ស្ត្រី​នៅ​រដ្ឋ​អាហ្វ្រិក​មួយ​នេះ ដោយ​អង្គការសហប្រជាជាតិ​តែងតែ​បង្ហាញ​នូវ​ក្តីកង្វល់​របស់ខ្លួន​។ ក្នុងចំណោម​ពលរដ្ឋ ៤,៣​លាន​នាក់​ដែល​ផ្លាស់ប្តូរ​ទីលំនៅ ស្ត្រី និង​កុមារ​ភាគច្រើន រង​ការវាយប្រហារ និង​ការរំលោភ​ពី​ក្រុម​ជនពាល​។


៨. យេ​ម៉ែន​៖
កង្វះ​សេវាកម្ម​សុខភាព ធនធានសេដ្ឋកិច្ច និង​ការ​រឹតត្បិត​ផ្នែក​វប្បធម៌ និង​ទំនៀមទម្លាប់ ធ្វើ​ឲ្យ​ស្ត្រី​យេ​ម៉ែន​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​។ យេ​ម៉ែន នៅតែ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់ ដែល​ក្នុងនោះ​មាន​ប្រមាណ​ដល់​ទៅ​២២​លាន​នាក់​។​


៩. នី​ហ្សេ​រី​យ៉ា​៖
ការប្រយុទ្ធប្រឆាំង​រយៈ​ពេល​៩​ឆ្នាំ​ជាមួយ​ក្រុម​ឧទ្ទាម Boko Haram បានធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៣០ ០០០​នាក់​ត្រូវបាន​សម្លាប់​។ ស្ត្រី​នី​ហ្សេ​រី​យ៉ា​ជាច្រើន​រង​ទារុណកម្ម ការរំលោភ និង​សម្លាប់​ពី​សំណាក់​ក្រុម​ឧទ្ទាម​។ ការសិក្សា​បានបង្ហាញ​ថា ស្ត្រី​នី​ហ្សេ​រី​យ៉ា​រាប់ម៉ឺន​នាក់ ត្រូវ​ជួញដូរ​ទៅកាន់​តំបន់​អឺរ៉ុប​។​


១០. សហរដ្ឋអាមេរិក​៖
ជា​ប្រទេស​តែមួយគត់​នៅលើ​លោកខាងលិច ដែល​ស្ថិត​ក្នុងចំណោម​១០​នៃ​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ត្រី​។ យុទ្ធនាការ #MeToo បាន​លេច​ជា​រូបរាង​ឡើង បន្ទាប់ពី​អ្នកដឹកនាំ​ភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ លោក Harvey Weinstein រង​ការចោទប្រកាន់​ទាក់ទង​នឹង​ការ​បៀតបៀន​ផ្លូវភេទ​ស្ត្រី​ជាង​៧០​នាក់​។ យុទ្ធនាការ​ផ្សេងៗ​នៅលើ​បណ្តាញ​សង្គម បានធ្វើ​ឲ្យ​គេ​ដឹង​កាន់តែច្បាស់​ពី​ក្រុម​អ្នកជំនួញ មន្ត្រី​រដ្ឋាភិបាល និង​ក្រុមការងារ​ផ្នែក​សិល្បៈ ជាប់​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​ស្ត្រី​៕



Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com