អន្តរជាតិ
កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ជាថ្មី​? ទីប្រឹក្សា​លោក ត្រាំ ថា អាមេរិក​មើល​កូរ៉េខាងជើង​មិន​ធ្មេចភ្នែក​ឡើយ​
11, Mar 2019 , 10:19 pm        
រូបភាព
​សកម្មភាព​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង កំពុង​បង្ក​ឲ្យ​មានការ​សង្ស័យថា រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ទំនងជា​បាញ់​មី​ស៊ី​ល ឬ​ផ្កាយរណប​ឡើងវិញ បន្ទាប់ពី​អាក់ខាន​យូរ​គួរសម​រួចមក​។ សកម្មភាព​ថ្មីៗ​នេះ កើតឡើង​បន្ទាប់ពី​ជំនួប​បរាជ័យ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅឯ​វៀតណាម​។ អាមេរិក​ឯណោះ​វិញ កំពុង​តាមដាន​សកម្មភាព​រប​ស់​កូរ៉េខាងជើង​យ៉ាង​យកចិត្ត​ទុក​បំផុត តែ​មិនទាន់​ច្បាស់​ថា ព័ត៌មាន​ទាក់ទង​កូរ៉េខាងជើង​ជា​រឿង​ពិត​ឬ​យ៉ាងណា​ឡើយ​។​

 
​ក្រោយ​ជំនួប​គ្មាន​ផ្លែផ្កា​នៅ​ហាណូយ កូរ៉េខាងជើង​ហាក់​ដើរទៅរ​កដាន​ចាស់​របស់ខ្លួន​វិញ​។ កាលពី​សប្ដាហ៍​មុន ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​ដល់​ទៅ​បី បានបង្ហាញ​រូបភាព​ពី​សកម្មភាព​ថ្មីៗ​របស់​កូរ៉េខាងជើង​នៅ​ទីតាំង​មី​ស៊ី​ល​ចំនួន​ពីរ​កន្លែង​។ គេ​ឃើញ​មាន​សកម្មភាព​នៅឯ​រោងចក្រ Sanumdong ដែល​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​នាពេល​កន្លងមក និង​នៅឯ​ស្ថានីយ៍​បាញ់​មី​ស៊ី​ល Sohae ដែល​ស្ថិតក្នុង​ទីតាំង Dongachang-ri ជាទី​ដែល​ការបាញ់​មី​ស៊ី​ល​ជា​ត្រូវបាន​អនុវត្ត​ជាច្រើនលើក​។ 
 
​ចំណែក​អាមេរិក​វិញ ដែល​កំពុង​ខកចិត្ត​នឹង​បរាជ័យ​នៃ​ជំនួប​នៅ​វៀតណាម មិនទាន់​និយាយ​អ្វី​ច្រើន​ឡើយ​ជុំវិញ​សកម្មភាព​របស់​កូរ៉េខាងជើង តែ​បាន​តាមដាន​សកម្មភាព​របស់​ប្រទេស​នេះ​មិន​ដាច់​ឡើយ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ច​ន ប៊ូល​តុ​ន និយាយ​នៅ​ថ្ងៃទី​១០ ខែមីនា ថា នៅ​កូរ៉េខាងជើង​តែងមាន​សកម្មភាព​ច្រើន​គ្រប់ពេល ប៉ុន្តែ​លោក​នឹងមិន​និយាយ​អ្វី​ពាក់ព័ន្ធ​រូបភាព​ផ្កាយរណប​ពាណិជ្ជកម្ម​នោះឡើយ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ ABC News ទីប្រឹក្សា​សន្តិសុខ​ដែលមាន​ជំហរ​រឹងត្អឹង​រូបនេះ​បញ្ជាក់ថា អាមេរិក​ឃើញ​ពី​អ្វីដែល​កូរ៉េខាងជើង​កំពុង​ធ្វើ ព្រោះ​អាមេរិក​តាមដាន​ដោយ​មិន​ធ្មេច​ឡើយ ហើយ​អាមេរិក​ក៏​មិន​មានការ​ភាន់ភាំង​ពី​សមត្ថភាព​របស់​កូរ៉េខាងជើង​ដែរ​។ ជុំវិញ​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ធ្លាប់​និយាយ​ហើយ​ថា លោក​នឹង​ខកចិត្ត​ខ្លាំង បើ​កូរ៉េខាងជើង​ចាប់ផ្ដើម​បាញ់​មី​ស៊ី​ល​ឡើងវិញ​មែន​នោះ​។ 
 
​ទោះជា​យ៉ាងណា ព័ត៌មាន​ពី​សកម្មភាព​ថ្មីៗ​របស់​ក្រុង​ព្យុងយ៉ាង ពិតជា​ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​កាន់តែ​មិន​ស្រួល​ក្នុង​ចិត្ត​កាន់តែខ្លាំង បន្ថែម​ពីលើ​ការជាប់គាំង​ក្នុង​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​ដែល​ព្រមព្រៀងគ្នា​រួចហើយ​តាំងពី​ជំនួប​មេដឹកនាំ​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៨ មក​នោះ​។ តាមពិតទៅ គេ​រំពឹងថា ជំនួប​លើក​ទី​ពីរ​នៅ​វៀតណាម អាច​នឹង​ដំណោះស្រាយ​លើ​បញ្ហា​នេះ តែ​ចុងក្រោយ​ក្ដីសង្ឃឹម​នៅតែ​អសារ​បង់​ដដែល​។  
 
​ក្នុងករណី​ក្រុង​ព្យុងយ៉ាង​បាញ់​មី​ស៊ី​ល​មែន​នោះ ក្រុង​វ៉ាស៊ីនតោន​ប្រាកដជា​មិន​នៅ​ស្ងៀម​ឡើយ ហើយ​ទណ្ឌកម្ម​អាច​នឹង​ធ្លាក់​លើ​របប​ដឹកនាំ​ផ្ដាច់ការ​មួយ​នេះ​កាន់តែច្រើន​ទៀត​។ បច្ចុប្បន្ននេះ អាមេរិក​នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដដែល ទោះជា​កូរ៉េខាងជើង​ស្នើ​ឲ្យ​មានការ​លើកលែង​ខ្លះ​ជា​ថ្នូរ​នឹង​ការអនុវត្ត​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​៕
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ច​ន ប៊ូល​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com