អន្តរជាតិ
ជនបរទេស​ប្រមាណ​៣០​ម៉ឺន​នាក់​ទៅពិនិត្យ​ជំងឺ​នៅ​វៀតណាម​នា​ឆ្នាំ​២០១៨
12, Mar 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​មន្ទីរពេទ្យ​ក្នុងស្រុក​របស់​វៀតណាម កាលពី​ឆ្នាំ​២០១៨ ទទួលបាន​ជនបរទេស​ប្រមាណ​៣០​ម៉ឺន​នាក់ ដែល​ត្រូវ​ពិនិត្យ​សុខភាព ព្យាបាល​ជំងឺ និង​ការសង្គ្រោះ​ផ្សេងៗ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន VNA ក្រៅពី​ជនបរទេស​ដែល​រស់នៅ​វៀតណាម អ្នក​ទៅពិនិត្យ​ជំងឺ​ភាគច្រើន​មកពី​កម្ពុជា និង​ឡាវ រួមទាំង​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ក្រៅប្រទេស​។​

 
​សេវាកម្ម​សុខាភិបាល ដែល​ពេញនិយម​បំផុត​នៅ​វៀតណាម រួមមាន ទណ្ឌ​សាស្ត្រ ការវះកាត់​ជំងឺ​សរសៃឈាម​បេះដូង ការព្យាបាល​ជំងឺមហារីក ការកែ​សម្ផស្ស និង​រោគ​ផ្សេងៗ​ទៀត​។​
 
​មន្ទីរពេទ្យ​ឯកទេស​ជំងឺមហារីក Ho Chi Minh City Oncology Hospital កាលពី​ឆ្នាំ​២០១៨ ទទួល​ពិនិត្យ​អ្នកជំងឺ​បរទេស​ជាង​៦៦០​នាក់ និង​មាន​អ្នក​សម្រាក​ព្យាបាល ជាង​១២០០​នាក់ ផងដែរ​។​
 
​ជាមួយគ្នានេះ​ផងដែរ VNA បាន​រាយការណ៍​ឲ្យ​ដឹងផង​ដែរ​ថា មន្ទីរពេទ្យ​យោធា Military Central Hospital 108 របស់​វៀតណាម ទទួល​ពិនិត្យ​អ្នកជំងឺ​កាន់តែច្រើន​ដែល​មកពី​រុស្ស៊ី អាមេរិក កូរ៉េខាងត្បូង និង​ចិន ជាដើម​។​
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម លោក Nguyen Thi Kim Tien បាន​អះអាងថា អ្នកជំងឺ​បរទេស សុទ្ធតែ​បាន​វាយតម្លៃ​ខ្ពស់​ពី​សេវាកម្ម​សុខាភិបាល​នៅ​វៀតណាម ជាពិសេស​ការព្យាបាល​ប្រកបដោយ​គុណភាព​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com