កីឡាជាតិ
ជាតិ
លោក សៅ សុខា មាន​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​ក្រុមបាល់ទាត់​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
14, Mar 2019 , 7:59 am        
រូបភាព
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជឿជាក់ថា កម្ពុជា​នឹង​លើក​ពាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បើសិន​គម្រោង​អភិវឌ្ឍន៍​កីឡាបាល់ទាត់​សាលា​តម្រង់ទិស​២៥​រាជធានី​-​ខេត្ត​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​បើ​គម្រោង​នេះ​មិនបាន​បញ្ចប់​ត្រឹម​ឆ្នាំនេះ​ទេ នោះ​នឹងមាន​ការប្រែប្រួល​លទ្ធផល​សម្រាប់​កម្ពុជា​នៅ​ឆ្នាំ​២០២៣​។ បច្ចុប្បន្ន​ទីលាន​ចំនួន​៤​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ ៦​កំពុងដំណើរការ​សាងសង់ ខណៈ​១៥​ទៀត​ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា​។

 
 
​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ប្រសាសន៍ថា នៅ​ឆ្នាំ​២០២៣ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ សហព័ន្ធ​សម្រេចយក​វិញ្ញាសា​កម្រិត​អាយុ​ក្រោម​២២​ឆ្នាំ ដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​។ កត្តា​នេះ​បានធ្វើ​ឲ្យ លោក ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ក្នុងការ​ក្លាយជា​ម្ចាស់​ជើងឯក​នៅ​ឆ្នាំ​២០២៣​។ 

សូមស្តាប់សំឡេង៖




 


«​និយាយ​រួម​គោលដៅ​របស់​យើង គឺ​ចង់​លើក​ពាន​នៅ​ឆ្នាំ​២០២៣​។ ហើយ​មូលហេតុ​អ្វីដែល​អាច​ថា​លើក​ពាន​នៅ​ឆ្នាំ​២០២៣? ដូច​អង្គ​មហាសន្និបាត​បាន​ពិភាក្សា​និង​ឯកភាពគ្នា​ហើយ នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺ​កីឡាករ​ដែល​ត្រូវ​ប្រកួត​សម្រាប់​បាល់ទាត់ គឺ​អាយុ​ក្រោម​២២​ឆ្នាំ​។ បើ​យើង​ចាប់ផ្តើម​អភិវឌ្ឍ​នៅពេល​នឹង គេ​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​ដូចគ្នា​នឹង​យើង​.... មនុស្ស​ដូច​តែ​គ្នា អត់​បញ្ហា​នោះទេ ដូច្នេះ​សម្រាប់​បញ្ហា​រឿង​ពាន​នេះ ដឹងថា​យកបាន​ហើយ មិន​ទៅណា​រួច​ពី​យើង​នោះទេ យើង​ត្រូវតែ​យកពាន​នឹង​»​។ នេះ​ជាការ​បង្ហាញ​គោលបំណង​និង​ភាពជឿជាក់​របស់លោក សៅ សុខា ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​កាលពីពេល​ថ្មីៗ​។ 
 
​សម្រាប់​លោក សៅ សុខា គោលបំណង​ទាំងនេះ​អាច​សម្រេច​ទៅបាន លុះត្រាតែ​គម្រោង​អភិវឌ្ឍន៍​កីឡាបាល់ទាត់​សាលា​តម្រង់ទិស​២៥​រាជធានី​-​ខេត្ត​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១៩​នេះ​។ ព្រោះ​លោក​យល់ថា សាលា​តម្រង់ទិស​ជា​ប្រភព​ផ្តល់​ធនធាន​និង​ជា​កន្លែង​បណ្តុះបណ្តាល​ថ្នាល​យុវជន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ ប៉ុន្តែ​លោក​ជឿជាក់ថា បើសិន​គម្រោង​នេះ​មិនបាន​បញ្ចប់​តាម​ការគ្រោងទុក វា​នឹងធ្វើ​ឲ្យ​មានការ​ប្រែប្រួល​លទ្ធផល​នៅ​ឆ្នាំ​២០២៣​។​
 
​បច្ចុប្បន្ន​គម្រោង​សាងសង់​ទីលាន​បាល់ទាត់​នៅតាម​សាលា​ទូទាំង​រាជធានី​ខេត្ត មាន​មួយចំនួន​សាងសង់​រួចរាល់​ជា​ស្ថាពរ មួយចំនួន​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សាងសង់ និង​មួយចំនួនទៀត​ស្ថិតក្នុង​ការពិភាក្សា និង​ចុះ​កិច្ចព្រមព្រៀង​។ «​សាលា​ចំនួន​៤​យើង​បាន​សាងសង់​រួចរាល់​ហើយ​នៅ​ខេត្ត​ចំនួន​៤ ខណៈ​៦​ទៀត​កំពុងដំណើរការ ៥​ទៀត​យើង​កំពុង​ចុះកិច្ចសន្យា​និង​បំពេញ​នីតិវិធី ដើម្បី​បង្គ្រប់​១៥ នៅសល់​១០​ទៀត វា​អាស្រ័យ​លើ​ក្រុមហ៊ុន​សាងសង់ បើ​ក្រុមហ៊ុន​សាងសង់​នេះ​អាចធ្វើ​ទាន់ យើង​នឹង​បង្ហើយ​ទាំង​២៥​រាជធានី​-​ខេត្ត​នៅត្រឹម​ឆ្នាំ​២០១៩»​។ នេះ​ជាការ​បន្ថែម​របស់លោក សៅ សុខា​។ 


 
​លោក​បាន​បន្ថែមទៀតថា​៖«​យើង​ចង់​ធ្វើ​ឲ្យ​ហើយ​នៅត្រឹម​ឆ្នាំ​២០១៩​នេះ ព្រោះ​អី​ពេលវេលា​ពី​ពេលនេះ​ដល់​ឆ្នាំ​២០២៣ នៅ​កៀក​ណាស់ បើ​ឆ្នាំ​២០១៩ យើង​អូសបន្លាយ​ពេលវេលា គឺ​នៅ​ឆ្នាំ​២០២៣ យើង​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន​ពាក់ព័ន្ធ​នឹង​លទ្ធផល​ប្រកួត​របស់​យើង​»​។ 
 
​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានរៀបចំ​មហាសន្និបាត​បូកសរុប​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨ និង​ដាក់​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ឆ្នាំ​២០១៩​។ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍ​ធនធាន​ថ្នាល​ជា​កត្តា​ចម្បង​ដែល​សហព័ន្ធ​ត្រូវធ្វើ​នៅ​ឆ្នាំ​២០១៩​នេះ​៕   
 

Tag:
 បាល់ទាត់​
  លោក សៅ សុខា​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com