ជាតិ
ក្រសួង​វប្បធម៌​នឹង​កោះហៅ​ផលិតកម្ម​សាន់​ដេ មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​លើ​ករណី​បទ​ចម្រៀង​នាយ​ចឺ​ម​
19, Mar 2019 , 11:38 am        
រូបភាព
រូប​ពី​ហ្វេសប៊ុកអ្នក​ស្រី គាត គឹមលន (អង្គុយកណ្ដាល នៅខាងស្ដាំ) ភរិយាលោក គង្គ ប៊ុនឈឿន
រូប​ពី​ហ្វេសប៊ុកអ្នក​ស្រី គាត គឹមលន (អង្គុយកណ្ដាល នៅខាងស្ដាំ) ភរិយាលោក គង្គ ប៊ុនឈឿន
​ភ្នំពេញ​៖  ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តាមរយៈ​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​កំពុងដំណើរកា​រ​និតិ​វិធី កោះហៅ​ភាគី​ផលិតកម្ម​សាន់​ដេ ដែល​បាន​យក​បទ​« ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ឬ​បទ «​នឹក​ភូមិ​ភ្នំ​ធំ​» យកទៅ​កាឡៃ​ទំនុកភ្លេងហើយដាក់ថានិពន្ធដោយខ្លួនឯង នៃ​បទ​«​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​» ដែល​ច្រៀង​ដោយ​នាយ​ចឺម ។

 
​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​បំភ្លឺថា​ករណី​បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ឬ​បទ «​នឹក​ភូមិ​ភ្នំ​ធំ​» គឺ​ស្ថិត​នៅក្រោយ​ការគ្រប់គ្រង​របស់​ក្រសួង ព្រោះ​លោក គ​ង្គ ប៊ុន​ឈឿន មុនពេល​ចែក​ឋាន មិនទាន់បាន​ផ្ទេរ​បណ្ដាំមរតក​សាស្ត្រ​ដល់​គ្រួសារ​ឬ​ភរិយា​នៅឡើយ​។ ដូច្នេះ​ករណី​ផលិតកម្ម​សាន់​ដេ​យក​បទ​ខាងលើ​ទៅ​កាឡៃ ខុស​សភាព​ដើម​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​នេះ គឺ​ក្រសួង​ជា​អ្នកចាត់ការ​តាមផ្លូវ​ច្បាប់​។ 
 
​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​រូបនេះ បានបញ្ជាក់​បន្ថែមថា បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» នេះ ក៏​មិនទាន់​ក្លាយជា​កម្ម​សិទ្ធ​របស់​គ្រួសារ​លោក គ​ង្គ ប៊ុន​ឈឿន ដែរ ពោលគឺ​វា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​ឯកសារ ដែល​អ្នកស្រី គាត គឹម​លន ត្រូវជា​ភរិយា​កវី​ម្ចាស់​ស្ទឹង​សង្កែ បាន​ប្រមូល​ឯកសារ​ពាក់ព័ន្ធ ដើម្បី​សុំ​ចុះ​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​ជាង​១០០​បទ​បន្ថែមទៀត​កន្លងមក​។ 
 
​លោក ស៊ឹម សត្តា បញ្ជាក់បន្ថែម ៖«​ករណី​បទ​ចម្រៀង​នេះ គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​។ ក្រសួង​កំពុងដំណើរការ​នីតិ​វិធី​កោះហៅ​ផលិតកម្ម​សាមី​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ហើយ​។ ដ្បិតករណីនេះ​​គ្រួសារ​របស់លោក គ​ង្គ ប៊ុន​ឈឿន មិនទាន់​ទទួលបាន​កម្មសិទ្ធិបញ្ញា តែ​អ្នកស្រី គាត គឹម​លន ដែល​ត្រូវជា​ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន ធ្លាប់បាន​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​សុំ​ចុះ​កម្មសិទ្ធិ​លើ​បទ​ចម្រៀង​ជាង​១០០​បទ​ទៀត​រួចហើយ គ្រាន់តែ​ឯកសារ​មិនទាន់​គ្រប់គ្រាន់​តែប៉ុណ្ណោះ​»​។​
 
 
​មូលហេតុ​ដែល​គ្រួសារ​លោក គ​ង្គ ប៊ុន​ឈឿន មិន​សុខចិត្ត​ចំពោះ​បទ​ចម្រៀង​ដែល​នាយ​ចឺម​ច្រៀង​នោះ ក្រោ​ហេតុផល​ថា ផលិតកម្ម​សាន់​ដេ យក​បទ​ចម្រៀង​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ឬ «​នឹក​ភូមិ​ភ្នំ​ធំ​» ទៅ​កាឡៃ ដែល​បង្ហាញ​ពី​ការ​មិនឱ្យ​តម្លៃ​ស្នាដៃ​ដើម​។ កូនស្រី​កវី​ម្ចាស់​ស្ទឹង​សង្កែ​រូបនេះ​អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា ទាមទារ​ឱ្យ​ផលិតកម្ម​សាមី​ដក​បទ «​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​» ដែល​ច្រៀង​ដោយ​នាយ​ចឺម​ចេញ ហើយ​ត្រូវធ្វើ​ទៅតាម​និតិ​វិធី​ច្បាប់​ស្ដីពី​កម្ម​សិទ្ធិបញ្ញា​។​
 
​យោងតាម​ច្បាប់​នៃ​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល ស្ដីពី​ការរំលោភ​កម្មសិទ្ធិបញ្ញា រាល់​បទល្មើស​ដែល​ផលិត​ឡើងវិញ សម្ដែង​ឡើងវិញ ផលិត​បន្ត ឬ​យកទៅ​ធ្វើ​អ្វី​ផ្សេង ដោយ​មិនមាន​ការអនុញ្ញាត​ពី​អ្នកនិពន្ធ ឬ​ក្រសួងសាមី ត្រូវ​បង់ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ ២៥​លាន​រៀល ឬ​ជាប់ពន្ធ​នាគារ​ពី​៦​ខែ ទៅ ១២​ខែ​។ ក្នុងករណី​មិន​រាងចាល​នឹង​ផ្ដន្ទាទោស​ទ្វេដង​។​​នេះបើតាម លោក ស៊ឹម សត្តា ៕
 

Tag:
 គ​ង្គ ប៊ុន​ឈឿន
  គាត គឹម​លន​
  សិល្បៈ
  ចម្រៀង​
  ក្រសួង​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com