អន្តរជាតិ
ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី ព្រមានអឺរ៉ុប បើហ៊ានបិទការនាំចូលដូងប្រេង រូបភាព AFP
× ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានគំរាមចាត់វិធានការឆ្លើយតប ប្រសិនបើសហភាពអឺរ៉ុបបិទការនាំចូលដូងប្រេងតាមផែនការមែននោះ។ រដ្ឋសមាជិកអាស៊ានដែលជាអ្នកនាំចេញផលិតផលដូងប្រេងដ៏ធំរបស់ពិភពលោក អះអាងថា ចំណាត់ការរបស់អឺរ៉ុបនឹងប៉ះពាល់ដល់ជីវភាពប្រជាជនរាប់លាននាក់ដែលពឹងអាស្រ័យលើវិស័យកសិ-ឧស្សាហកម្មមួយនេះ ហើយធ្វើឡើងក្រោមរូបភាពនយោបាយជាងកគោលដៅការពារបរិស្ថាន។
វិធានការបិទការនាំចូលដូងប្រេងរបស់អឺរ៉ុប ធ្វើឲ្យឥណ្ឌូណេស៊ី និងម៉ាឡេស៊ីមិនពេញចិត្តឡើយ។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលមានការនាំចេញដូងប្រេងសរុបចំនួន៨៥ភាគរយនៃការនាំចេញទាំងអស់ បានព្រមានពីហានិភ័យនៃការធ្លាក់ចុះជីវភាពរបស់ប្រជាជនរាប់លាននាក់ ដែលកំពុងបម្រើការក្នុងវិស័យមួយនេះ។ ប្រទេសទាំងពីរនេះ ក៏បានគំរាមចាត់វិធានការប្រឆាំងសហភាពអឺរ៉ុបវិញ បើឈប់នាំចូលដូងប្រេងមែននោះរាប់តាំងពីការរឹតត្បិតទំនិញអឺរ៉ុបវិញផង។
ចំណាត់ការរបស់សហភាពអឺរ៉ុប កើតឡើងក្រោយសភាអឺរ៉ុបជំរុញការកាត់បន្ថយការប្រើប្រាស់ដូងប្រេងនៅឆ្នាំ២០២៣ មុននឹងឈានដល់ការហាមប្រាមទាំងស្រុងនៅឆ្នាំ២០៣០ ។ អឺរ៉ុបបារម្ភថា ការប្រើប្រាស់ដូងប្រេងដើម្បីផលិតថាមពល អាចបង្កផលប៉ះពាល់ដល់បរិស្ថាន ការកាប់បំផ្លាញព្រៃឈើ និងធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុផង។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រឥណ្ឌូណេស៊ី Luhut Pandjaitan ប្រាប់កាសែតហុងកុង South China Morning Post ថា ឥណ្ឌូណេស៊ី មានជំហរម៉ឹងម៉ាត់លើការហាមឃាត់ទំនិញអឺរ៉ុប។ លោក Luhut បានរិះគន់អឺរ៉ុបថា អនុវត្តស្តង់ដាពីរជាន់ដែលនឹងសម្លាប់ការងារប្រជាជនជាច្រើនលាននាក់។ ទាំងឥណ្ឌូណេស៊ី ទាំងម៉ាឡេស៊ី នឹងមិនស្ងៀមឡើយចំពោះសកម្មភាពរបស់អឺរ៉ុប ហើយនឹងយករឿងនេះទៅតតាំងនៅអង្គការពាណិជ្ជកម្មពិភពលោកផង។
បើតាមកាសែតដដែល លោក Ong Kian Ming អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មម៉ាឡេស៊ីនិយាយដែរថា ម៉ាឡេស៊ីនឹងបន្តលើករណីនេះនៅក្នុងកិច្ចប្រជុំនានារបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីជាការដាក់សម្ពាធលើសហភាពអឺរ៉ុប។ លោកបន្ថែមថា ក្រសួងរបស់លោកនឹងពិនិត្យមើលការឆ្លើយតបដទៃទៀតដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើទីផ្សារអឺរ៉ុប លោក Ong លើកឡើងថា ម៉ាឡេស៊ីនឹងរកទីផ្សារដទៃទៀតផងដែរ។
តាមពិតទៅ ការរឹតត្បិតការប្រើប្រាស់ដូងប្រេង ជាផ្នែកមួយនៃយុទ្ធនាការរបស់អឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ អឺរ៉ុបបានដាក់ផែនការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលជាមូលហេតុសំខាន់មួយនៃការផ្លាស់ប្ដូរអាកាសធាតុនេះ។ អឺរ៉ុប មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងតិច៤០ភាគរយនៅឆ្នាំ២០៣០ បង្កើនការប្រើប្រាស់ថាមពលកើតឡើងឲ្យបាន៣២ភាគរយ និងពង្រីកប្រសិទ្ធភាពថាមពលចំនួនយ៉ាងតិច៣២,៥ភាគរយ។
យ៉ាងណាមិញ រដ្ឋមន្ត្រីឥណ្ឌូណេស៊ីក៏បញ្ជាក់ដែរថា ចំណាត់ការរបស់អឺរ៉ុបជាការសម្រេចចិត្តនយោបាយ ហើយមានការរើសអើងថែមទៀត ដ្បិតអឺរ៉ុបប្រុងហាមដូងប្រេង តែបែរជាទទួលទិញសណ្ដែកសៀងដែលប្រើប្រាស់ដីច្រើនជាងដូងប្រេងទៅវិញ។ លើសពីនោះ លោក Luhut ក៏ព្រមានថាទៀតថា ការហាមឃាត់របស់អឺរ៉ុបក៏នឹងប៉ះពាល់ដល់ការកាត់បន្ថយភាពក្រីក្រនៅឥណ្ឌូណេស៊ីទៀតផង ខណៈប្រជាជន១៧,៦លាននាក់ ជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងផលិតកម្មដូងប្រេង៕
Tag:
ឥណ្ឌូណេស៊ី
ម៉ាឡេស៊ី
អឺរ៉ុប
ដូងប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com