ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន Alibaba គ្រោង​មក​វិនិយោគ​នៅ​កម្ពុជា​
22, Mar 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន Shenzhen 4PX Express ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Alibaba Cainiao Logistics Group គ្រោង​មក​វិនិយោគ​លើ​វិស័យសេដ្ឋកិច្ច​ឌីជីថល (E-Commerce) នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​ការនាំចេញ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​។

 
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គាំទ្រ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Shenzhen 4PX Express នៅក្នុង​កម្ពុជា​។  លោក​ក៏បាន​ស្នើ​ឲ្យ ក្រុមហ៊ុន​ចិន​មួយ​នេះ ពិចារណា​ចាប់​ដៃគូ ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ជំរុញ​វត្តមាន​ផលិតផល​ខ្មែរ ដូចជា​ទំនិញ​កសិកម្ម គ្រឿង​ចម្លាក់​ពី​ដៃ វត្ថុ​អនុស្សាវរីយ៍ ផ្លែឈើ​ស្រស់ និង​ម្ហូបអាហារ នៅលើ​ទីផ្សារ​អន​ឡាញ ជាពិសេស Alibaba ដែលជា​គេហទំព័រ​បោះ​ដុំ​ទំនិញ​ធំ​បំផុត នៅក្នុង​ប្រទេស​ចិន និង​លើ​ពិភពលោក​។​
 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូបនេះ​បាន​និយាយថា​៖« ក្រសួងពាណិជ្ជកម្ម កំពុង​ព​ន្លឿ​ន​ច្បាប់​ស្តីពី E-Commerce និង​យុទ្ធសាស្ត្រ​វិស័យនេះ​។ ការកសាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​វប្បធម៌​កម្ពុជា នៅតាម​ទីក្រុង​ធំៗ​ក្នុងប្រទេស​ចិន និង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ជំនា​ន់ទី​៤ ជាដើម​»​។​
 
​ជាការ​ឆ្លើយតប នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Shenzhen 4PX Express លោក KEVIN Yue Li បាន​ប្តេជ្ញា​ចូលរួម​អភិវឌ្ឍន៍​វិស័យ E-Commerce ជាមួយ​កម្ពុជា តាមរយៈ​ការចាប់​ដៃគូ ជាមួយ​អង្គការ UNDP និង​ក្រុមហ៊ុន​ក្នុងស្រុក ព្រមទាំង​ការកសាង​ស្ថានីយ​មួយ ដែល​សហគ្រាស​ធុន​តូច និង​មធ្យម អាច​ទម្លាក់​ផលិតផល​របស់ខ្លួន ដើម្បី​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​
 
​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច​នេះ លោក Nick Beresford តំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​វាយតម្លៃថា ការកែប្រែ​សេដ្ឋកិច្ច​ទៅ​បែប​ឌីជីថល​នេះ នឹង​ជួយ​ឲ្យ​កម្ពុជា មាន​សក្ដានុពល​ទីផ្សារ​កាន់តែខ្លាំង​។​តំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា​រូបនេះ មានប្រសាសន៍ថា «​ខណៈពេលដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម (MSME) របស់ខ្លួន ការ​ងាក​ទៅប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល នឹង​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​អាច​ច្បាម​យក​សក្តានុពល​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​បន្ថែមទៀត​»​។​
 
​គួររម្លឹកថា កាលពី​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ​២០១៩ អង្គការ UNDP ក៏បាន​ចុះ MoU ជាមួយនឹង​ក្រុមហ៊ុន​ចិន Shenzhen 4PX Express លើ​កិច្ចព្រមព្រៀង​ស្តីពី​សហ​ហិរញ្ញប្បទាន​ដើម្បី «​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា រួមគ្នា​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​»៕

Tag:
 ប៉ាន សូរ​ស័ក្តិ​
  Alibaba
© រក្សាសិទ្ធិដោយ thmeythmey.com