កីឡាជាតិ
ជាតិ
ក្រោយ​លាលែង​ពី​តំណែង​អគ្គលេខាធិការ តឹក ប៊ុន​វី ចោទ​ប្រធាន​សហព័ន្ធ​គិតតែ​ពី​ផលប្រយោជន៍
23, Mar 2019 , 9:23 pm        
រូបភាព
ដោយ:
​លោក តឹក ប៊ុន​វី អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ និង​ជា​កីឡាករ​ជម្រើសជាតិ បានប្រកាស​លាលែង​ពី​តំណែង និង​ទម្លាយ​រឿង​ផ្ទៃក្នុង​សហព័ន្ធ​។ លោក​បាន​ចោទប្រកាន់​លោក រស្មី សុខ​មង្គល ប្រធាន​សហព័ន្ធ​ជាម​នុស្ស ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រើប្រាស់​កីឡាករ​ធ្វើជា​មុខ​ជំនួញ ដើម្បី​ផលចំណេញ​។

 
​ក្រោយ​ទម្លាយ​រឿង​ផ្ទៃក្នុង​សហព័ន្ធ លោក តឹក ប៊ុន​វី បានប្រកាស​លាលែង​ពី​តំណែង​អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ ក្រោម​ហេតុផល​មិនអាច​បន្តធ្វើ​ការងារ​ជាមួយ​ប្រធាន​សហព័ន្ធ ដែល​គិតតែ​ពី​ផលប្រយោជន៍​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​កីឡាក​រូបនេះ ដែលមាន​ឈ្មោះថា Steven Amy នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​នេះ​។​


 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំបាទ តឹក ប៊ុន​វី ជា​អគ្គលេខាធិការ​ខេមរៈ​សហ​ព​ន្ទ័​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ និង​ជា​កីឡាករ​ជម្រើសជាតិ​ម្នាក់ សុំ​ប្រកាស​លាលែង​ពីស​ហព​ន្ធ័ ចាប់ពីពេលនេះ​តទៅ មូលហេតុ​មកពី​ប្រធាន​សហ​ព​ន្ធ័​គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន គិតតែ​ពី​ផលចំណេញ​ផ្ទាល់ខ្លួន​របស់គាត់​»​។   
 
​លោក បាន​ចោទប្រកាន់​លោក រស្មី សុខ​មង្គល ដែលជា​ប្រធាន​សហព័ន្ធ​ថា ជា​បុគ្គល​គិតតែ​ពី​ផលចំណេញ​ផ្ទាល់ខ្លួន និង​យក​កីឡាករ​ធ្វើជា​មុខ​ជំនួញ​។ លោក​បាន​បន្ថែមថា លោក រស្មី សុខ​មង្គល មិនដែល​យក​ថវិកា ដែល​កៀរគរ​បាន​ពី​ក្រៅ​ស្រុក និង​ក្នុងស្រុក​មក​ដាក់​ក្នុង​សហព័ន្ធ ដើម្បី​អភិវឌ្ឍន៍​កីឡា​កាយ​វប្បកម្ម​នេះឡើយ​។​


 
​អគ្គលេខាធិការ​រូបនេះ​បាន​លើក​ពី​មិទ្ធ​ផល និង​ស្នាដៃ​កាលពីពេល​កន្លងមក​ថា លោក​ជា​កីឡាករ​ដំបូង​គេ​ដែល​ឈ្នះ​មេដាយមាស​អាស៊ីអាគ្នេយ៍ និង​មេដាយ​សំរឹទ្ធ​ពិភពលោក​នៅ​ឆ្នាំ​២០១៦​។ ដោយ​កាលណោះ លោក​បាន​បរិច្ចាគ​ថវិកា​២០​ភាគរយ​ពី​ថវិកា​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ដល់​សហព័ន្ធ ដើម្បី​ទុក​ឲ្យ​កីឡាករ​ដូចគ្នា​ប្រើប្រាស់​ពេល​ចេញទៅ​ប្រកួត​ក្រៅប្រទេស​ម្តងៗ​៕ 

Tag:
 កាយ​វប្បកម្ម​
  តឹក ប៊ុន​វី​
© រក្សាសិទ្ធិដោយ thmeythmey.com