អន្តរជាតិ
អ្នកនាំពាក្យលោក ឌូទើតេ៖ ពេលខ្ចីលុយចិន ហ្វីលីពីនមិនអាចតថ្លៃលក្ខខណ្ឌបានទេ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ជាមួយសមភាគីចិន ស៊ី ជិនភីង នាជំនួបខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល។ (រូបភាព AFP)
× អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៥ ខែមីនា បានប្រកាសថា ហ្វីលីពីគ្មានអំណាចអ្វីទាំងអស់នៅពេលចរចាលក្ខខណ្ឌខ្ចីលុយពីចិន។ លោក Salvador Panelo អ្នកនាំពាក្យលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ លើកឡើងបែបនេះ ខណៈមានការបារម្ភពីការធ្លាក់ចូលអន្ទាក់បំណុលចិន បន្ទាប់ពីហ្វីលីពីនខ្ចីលុយចិនដើម្បីសាងសង់ប្រព័ន្ធធារាស្ត្រមួយកន្លែង។ យ៉ាងណា មន្ត្រីហ្វីលីពីនរូបនេះជឿថា ហ្វីលីពីនមានសមត្ថភាពសងបំណុលរបស់ខ្លួន។
ការខ្ចីលុយចិនដើម្បីសាងសង់ប្រព័ន្ធធារាសាស្ត្រ Chico River Pump ពីសំណាក់រដ្ឋាភិបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ធ្វើឲ្យមានព្រួយយ៉ាងខ្លាំង។ ការព្រួយបារម្ភកើតមានក៏ព្រោះតែកម្ចីរបស់ចិនមានការប្រាក់ខ្ពស់ជាងកម្ចីប្រទេសផ្សេង ហើយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្ដល់កម្ចី ក៏មានចែងពីការប្រគល់សិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរបស់ហ្វីលីពីនទៅឲ្យចិន បើហ្វីលីពីនមិនអាចសងបំណុលបានទេនោះ។
ទាក់ទងបញ្ហាលក្ខខណ្ឌបែបនេះ លោក Salvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីននិយាយថា ហ្វីលីពីនគ្មានអ្វីបានតតាំងបានឡើយក្នុងនាមជាអ្នកទៅខ្ចីលុយចិននោះ។ លោក Panelo អះអាងថា ចិនដែលជាម្ចាស់បំណុល ជាអ្នករៀបចំលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង ឯហ្វីលីពីនគ្មានជម្រើសអ្វីក្រៅពីទទួលយកលក្ខខណ្ឌទាំងនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមីនា មន្ត្រីអ្នកនាំពាក្យរូបនេះ បានប្រដូចការខ្ចីលុយពីចិនទៅនឹងការខ្ចីលុយពីធនគារ ដែលខាងម្ចាស់បំណុលជាកំណត់លក្ខខណ្ឌផ្សេងៗជាស្រេចឲ្យកូនបំណុល។ បើតាមសារព័ត៌មានហ្វីលីពីន Rappler លោក Panelo ពន្យល់ថា ពេលទៅខ្ចីលុយ ធនាគារជាអ្នកដាក់លក្ខខណ្ឌ ព្រោះនេះជារឿងធម្មជាតិដែលធនាគារតែងគិតពីប្រយោជន៍របស់ខ្លួនពេលផ្ដល់កម្ចី ឯអ្នកទៅខ្ចីមិននិយាយអ្វីទាំងអស់ ដ្បិតធនាគារអាចមិនឲ្យខ្ចីវិញបាន។
រដ្ឋាភិបាលក្រុងម៉ានីល បានខ្ចីលុយចិនចំនួន៣,៦៩ពាន់លានពឺសូដើម្បីទ្រទ្រង់គម្រោងប្រព័ន្ធធារាសាស្ត្រខាងលើ ដែលគ្រោងចំណាយចំនួន៤,៣៧ពាន់លានពឺសូ ហើយអត្រាការប្រាក់របស់ចិន គឺ២ភាគរយ។ អត្រានេះ គឺខ្ពស់ជាងអត្រាការប្រាក់កម្ចីរបស់ជប៉ុនឲ្យហ្វីលីពីនដែលមានចន្លោះពី០,២៥ភាគរយទៅ០,៧៥ភាគរយ។ ក្រុងប៉េកាំងកំណត់ពេលសងវិញចំនួន២០ឆ្នាំ ហើយ៧ឆ្នាំដំបូងសងដោយគ្មានបង់អ្វីទាំងអស់។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ហ្វីលីពីនក៏បានយកកោះ Reed Bank ជាវត្ថុធានាការខ្ចីប្រាក់នេះ។ ទោះជាយ៉ាងណា មន្ត្រីហ្វីលីពីនខាងលើជឿជាក់ថា ហ្វីលីពីននឹងមិនបាត់បង់ទឹកដីទៅឲ្យចិនដោយសារអត់លុយសងបំណុលឡើយ។ នេះក៏ព្រោះតែហ្វីលីពីនគ្មានប្រវត្តិសងបំណុលមិនបានឡើយ តែតែងដោះស្រាយបញ្ហាបំណុលបានជាបន្តបន្ទាប់ ហើយម្យ៉ាងទំហំលុយកម្ចីចិននៅពេលនេះ ក៏មិនជាច្រើនក្រាស់ក្រែលអ្វីដែរ៕
Tag:
ហ្វីលីពីន
ចិន
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com