ជាតិ
ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ៖​ពលរដ្ឋ​គួរប្រើ​ប្រាស់​វចនានុក្រម ជួន ណាត ជា​គោល មុននឹង​សរសេរ​
20, Dec 2020 , 1:29 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម
​ភ្នំពេញ​៖ ដើម្បី​ប្រើប្រាស់​ពាក្យពេចន៍ ឬ​ការសរសេរ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ និស្សិត បញ្ញវ័ន្ត និង​ពលរដ្ឋ​ទាំងអស់ គប្បី​មើល ឬ​ប្រើប្រាស់​ពាក្យ​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត ជា​គោល សម្រាប់​សំណេរ​របស់ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ លោក ហ៊ាន សុខុម ។​

 
​លោក ហ៊ាន សុខុម បាន​និយាយថា ការប្រើប្រាស់​ពាក្យ​តាម​វចនានុក្រម សម្ដេច ជួន ណាត នោះ​វា​ជួយ​រក្សា​ភាពត្រឹមត្រូវ​របស់​អក្សរ និង​ភាសា​ខ្មែរ ដើម្បី​កុំ​ឲ្យ​បាត់បង់ ពោលគឺ​ចៀសវាង​ការសរសេរ​ពាក្យពេចន៍ តាម​ការ​ស្ដាប់​សំនៀង ឬ​តាមតែ​អំពើ​ចិត្ត​នោះឡើយ (​សរសេរ​ឲ្យ​តែ​បាន ដោយ​ខ្វះ​ការយកចិត្ត​ទុក​ដាក់)​។ 
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​បណ្ឌិត ហ៊ាន សុខុម ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដូចតទៅ​៖



 
​លោក ហ៊ាន សុខុម ទទួលស្គាល់ថា មានពាក្យ​មួយចំនួន​ ក៏​គ្មាន​នៅក្នុង​វចនានុក្រម​របស់​សម្ដេច​សង្ឃ ជួន ណាត ដែរ។ ប៉ុន្តែ​បញ្ហានេះ ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានរៀបចំ​ចងក្រង និង​អនុម័ត​សម្រេច​ឲ្យ​ប្រើប្រាស់​ពាក្យ​មួយចំនួន​មកហើយ​។ បើតាម​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​រូបនេះ ស្ថាប័ន​លោក​បានសម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ពាក្យ​ដែល​បង្កើតឡើង​ថ្មី​នោះ បាន​ប្រហែល​២៥០០​ពាក្យ​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។​


 
​ពាក្យ​ទាំងនោះ ភាគច្រើន​សុទ្ធតែជា​ពាក្យ​បច្ចេកទេស មាន​ទាំង​នៅក្នុង​ផ្នែក​សុខាភិបាល វប្បធម៌ ភូមិវិទ្យា គីមីវិទ្យា រូបវិទ្យា និង​ពាក្យ​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត ដែលមាន​ជា​ភាសា​ខ្មែរ អង់គ្លេស បារាំង​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ាន សុខុម ដែល​បាន​បន្ថែមថា​ពាក្យ​ទាំងនេះ គឺ​បង្កើតឡើង​ដើម្បី​បំពេញតម្រូវការ​បច្ចុប្បន្ន​ភាព​សង្គម​៕

Tag:
 ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
  សទ្ទានុក្រម​
  ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com