«សទិស» សំដៅដោយអ្វីដែលមានមានភាពដូចគ្នា ត្រូវគ្នា ប្រហែលគ្នា ស្រដៀងគ្នា ឬប្រលាំគ្នា។ ដូច្នេះ«សទិសសព្ទ»មានន័យថា ពាក្យដែលមានសូរដូចគ្នា តែន័យផ្សេងគ្នា។ ចំណែក«សទិសន័យ» សំដៅលើ ពាក្យខុសគ្នា តែមានន័យដូចគ្នា ឬស្រដៀងគ្នា។
«សទិសសព្ទ» អាចចែកជាពីរ គឺសទិសសូរផង និងសទិសលេខផង។ ជាក់ស្តែងពាក្យដែលមានសំណេរដូចគ្នា ឧទាហរណ៍៖ លិច(ទិសខាងលិច) និងលិច(ថ្ងៃលិច) ជាសទិសលេខ។ ជាសទិសសូរ ពាក្យ លិច ចង់បញ្ជាក់ពីថ្ងៃលិច ចំណែក លេច សំដៅលើ ការលេចចេញ និងលេចឡើងនូវអ្វីមួយ។
ពាក្យដែលបញ្ជាក់ថា ជាសទិសសព្ទ ដែលមានសូរដូចគ្នា ឬស្រដៀងគ្នា តែអត្ថន័យខុសគ្នានោះមានពាក្យ កម្ម និងកាំ, គុណ និងគុន, ចំណោទ និងចំណោត, ដុស និងដុះ, ទុក និងទុក្ខ, នាក់ និងអ្នក, និង នឹង និង ហ្នឹង, នូវ និងនៅ, ប្រមាថ និងប្រមាទ,ប្រាស់ និងប្រះ, ពារ និងពៀរ, របស់ និងរបោះ, លប់ និងលុប, លេស,លេះ និង លែះ ជាដើម។
សម្រាប់ពាក្យ កម្មករ និង និយោជិក, កេតនភណ្ឌ និងបេតកភណ្ឌ ,កំលុង ក្នុង និងអំឡុង, គណនី និងគណនេយ្យ, គុណធម៌,សីលធម៌ និងសុជីវធម៌, គ្រប់គ្រង និងដឹកនាំ, ចក្ខុវិស័យ និងទស្សនវិស័យ, ជាវ ទិញ និងលក់, ជំនាញ និងឯកទេស, ជំពូក និងប្រការ, ដំណាច់ និងបំណាច់, ដំណឹង និងព័ត៌មាន, ទំនឹម ភាសិត សុភាសិត និងស្លោក ជាដើម។ ពាក្យទាំងនេះបង្ហាញថា ជាសទិសន័យ(ពាក្យខុសគ្នា តែអត្ថន័យអាចនឹងដូចគ្នា ឬស្រដៀងគ្នា)៕