អ្នកអាចកំពុងតែផ្តល់គ្រោះថ្នាក់ ដល់ភ្នែករបស់ខ្លួនឯងបាន ជាមួយនឹងទម្លាប់មួយចំនួន ដែលអ្នកធ្វើរាល់ថ្ងៃ ដោយមិនដឹងខ្លួន។ ប៉ុន្តែ មិនបាច់បារម្ភទេ ព្រោះអ្នកអាចនឹងកែប្រែវាបាន។
ទម្លាប់ទាំងនោះមានដូចជា ៖
គេងទាំងពាក់ឡេន
ពេលខ្លះ នៅពេលអ្នកមានអារម្មណ៍ខ្ជិលខ្លាំង អ្នកប្រហែលជាគិតថា វាមិនអីនោះទេ ក្នុងការគេងទាំងពាក់ឡេនជាប់ភ្នែកអញ្ជឹង។ សូមកុំធ្វើបែបនេះឲ្យសោះ។ ការពាក់ឡេន នឹងកាត់បន្ថយការផ្គត់ផ្គង់ អុកស៊ីសែនទៅកញ្ចក់ភ្នែក ជីវជាតិ និងជាតិរំអិលដែលវាត្រូវការ។ វានឹងធ្វើឲ្យភ្នែកអ្នក ទៅជាស្ងួត និងឡើងក្រហមនៅព្រឹកឡើង។
មើលកុំព្យូទ័រនៅចម្ងាយជិតពេក
ការធ្វើការជាមួយកុំព្យូទ័ររាល់ថ្ងៃ អាចធ្វើឲ្យភ្នែកអស់កម្លាំង និងស្ងួតបាន។ ដូច្នេះ ចូរប្រាកដថា អ្នកបានដាក់កុំព្យូទ័រ ឆ្ងាយពីភ្នែកពី ៣៨ ទៅ ៥០ សង់ទីម៉ែត្រពីភ្នែក។ អ្នកក៏គួរតែទុកពេលឲ្យភ្នែកសម្រាក ជារៀងរាល់ ២០ នាទី ផងដែរ។
ញីភ្នែក
ការញីភ្នែក ដែលកំពុងតែរមាស់ ហាក់ដូចជារឿងត្រូវធ្វើណាស់ ប៉ុន្តែ តាមពិត វាគ្រាន់តែធ្វើឲ្យភ្នែកទៅ រលាកលើសដើមប៉ុណ្ណោះ។ អ្នកក៏អាចចម្លងមេរោគ ទៅក្នុងភ្នែកបានដែរ។ បើសិនជាមានកំទិចកំទី ធ្វើឲ្យរមាស់ ការព្រិចភ្នែក ជាមួយនឹងទឹកត្រជាក់ ក៏អាចបាត់ទៅវិញដែរ។
មិនពាក់វ៉ែនតាខ្មៅ
ការធ្វើបែបនេះ វាដូចគ្នានឹងការការពារស្បែកដែរ អ្នកត្រូវការការពារភ្នែក ពីកាំរស្មីយូវីរបស់ព្រះអាទិត្យ។ ការប៉ះពាល់នឹងកាំរស្មីពន្លឺព្រះអាទិត្យយូរពេក អាចធ្វើឲ្យកើតជាជំងឺភ្នែក Macular Degeneration និងខូចបាតភ្នែកបាន។ ដូច្នេះ ត្រូវការពាក់វ៉ែនតាខ្មៅជានិច្ច នៅពេលអ្នកចេញទៅក្រៅ។
មិនបានលាងសម្អាតច្រាសលាបភ្នែក
ចូរប្រាកដថា អ្នកបានលាងសម្អាតច្រាសលាបភ្នែក យ៉ាងហោចណាស់ម្តងក្នុងមួយខែ។ ការដែលមិនបានលាងសម្អាត វានឹងបង្កមេរោគកាន់តែច្រើន ដែលអាចនាំឲ្យមានការបង្ករោគ និងរលាកភ្នែកបាន៕
ត្រួតពិនិត្យដោយ www.health.com.kh