ភ្នំពេញ៖ ពេលចប់ពីមហាវិទ្យាល័យភ្លាម និស្សិតភាគច្រើនពិបាកសម្រេចចិត្តថា តើពួកគេត្រូវចូលរួមប្រឡងដើម្បីក្លាយខ្លួនទៅជាមន្ត្រីរាជការរបស់រដ្ឋ ឬក៏ត្រូវសម្រេចចិត្តធ្វើការអោយវិស័យឯកជន ឬក៏ត្រូវជ្រើសរើសការងារនៅក្នុងអង្គការក្រៅរដ្ឋាភិបាល? តើអ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិរបស់វិស័យនីមួយៗ?
ក្នុងមួយឆ្នាំៗ និស្សិតច្រើនម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា។ និស្សិតមួយចំនួនគ្មានការងារធ្វើ(ដើរទាត់ខ្យល់)។ និស្សិតមួយចំនួនប្រឡងចូលក្នុងស្ថាប័នរដ្ឋ រីឯនិស្សិតមួយចំនួនផ្សេងទៀត ទទួលបានការងារធ្វើនៅក្នុងវិស័យឯកជន ឬនៅតាមអង្គការក្រៅរដ្ឋាភិបាលនានា។
តើមូលហេតុអ្វីបានជាមាននិស្សិតចង់ប្រឡងយកប៉ុស្តិ៍នៅក្នុងស្ថាប័នរដ្ឋ? ហើយថា តើមូលហេតុអ្វីបានជាមាននិស្សិតខ្លះទៀត ចង់ធ្វើការនៅក្នុងស្ថាប័នឯកជន ឬក៏នៅតាមអង្គការនានា?
មុននឹងឆ្លើយទៅនឹងសំណួរទីមួយ គេគួរក្រឡេកមើលប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាបន្តិចជាមុនសិន។ កាលពីសង្គមចាស់ (ក្នុងទសវត្សរ៍ឆ្នាំ៥០ ឬ៦០) អ្នកធ្វើការងារជារាជការម្នាក់ អាចចិញ្ចឹមមនុស្សបានស្ទើរមួយគ្រួសារ ពីព្រោះប្រាក់ខែកាលណោះ មានចំនួនច្រើនគួរសមដែលអាចទ្រទ្រង់ជីវិត គ្រួសារ បានដោយគ្មានបញ្ហា បើប្រៀបធៀបទៅនឹងតម្លៃទំនិញនៅលើទីផ្សារ។
ម្យ៉ាងវិញទៀត នៅពេលនោះ ការងារជារាជការរដ្ឋអនុញ្ញាតអោយពួកគេ មានមុខមានមាត់ នៅក្នុងសង្គម។ អ្នកផងទាំងពួងអោយតម្លៃលើមន្ត្រីរាជការ។ បើពិនិត្យលើស្ថានភាពជាក់ស្តែង មន្ត្រីរាជការ កាលពីសង្គមចាស់ និងពេលបច្ចុប្បន្ននេះ មានលក្ខណៈខុសគ្នា។ ខុសគ្នានៅត្រង់ថា កាលណោះ មន្ត្រីរាជការរដ្ឋទទួលបានប្រាក់ខែច្រើន រីឯនាពេលបច្ចុប្បន្ននេះ មន្ត្រីរាជការមិនទទួលបានប្រាក់ខែច្រើនដូចកាលពីសង្គមចាស់ឡើយ បើប្រៀបធៀបទៅនឹងតម្លៃទំនិញនៅលើទីផ្សារ។ ចុះហេតុអ្វីបានជាអ្នកស្វែងរកការងារធ្វើនៅតែចង់ក្លាយខ្លួនទៅជាមន្ត្រីរាជការដដែលនោះ?
មានហេតុផលជាច្រើនដែលជំរុញអោយបុគ្គលមួយចំនួននៅតែចង់បម្រើការងារជាមន្ត្រីរាជការនៅសម័យបច្ចុប្បន្ននេះ បើទោះបីជាប្រាក់បៀវត្សរ៍ទំនងជានៅមានកម្រិតទាបក៏ដោយក្តី។
មូលហេតុទី១ គឺដោយសាររូបភាពល្អបន្សល់ទុកពីសង្គមចាស់ដែលបានបន្តដក់ជាប់នៅក្នុងបេះដូងនៃប្រជាពលរដ្ឋខ្មែរមួយចំនួនធំ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេស ទាក់ទងទៅនឹងចំណុចប្រាក់ខែខ្ពស់នេះឯង។ មូលហេតុទី២ គឺដោយសារការងារនៅក្នុងវិស័យឯកជនជាការងារដែលគេយល់ថា មានសម្ពាធខ្លាំង។ ទី៣ គឺដោយសារការងារជាមន្ត្រីរាជការអាចអនុញ្ញាតអោយពួកគេក្លាយខ្លួនជា អ្នកមានបុណ្យស័ក្តិ មានកិត្តិយសនៅក្នុងសង្គម និងចំណុចទី៤ គឺដោយសារការងាររដ្ឋអាចការពារពួកគេពីការរំលោភបំពាននានា។ នៅក្នុងផ្នត់គំនិតបុគ្គលមួយចំនួន ការងាររដ្ឋជាការងារមានអំណាច ហើយពេលខ្លះ វាអាច«ការពារ»អាជីវកម្មរបស់ពួកគេបាន។ អ៊ីចឹងហើយបានជាមន្ត្រីមួយចំនួន យកតែឈ្មោះធ្វើជាមន្ត្រីរាជការ ប៉ុន្តែពេលវេលាមួយចំនួនណាមួយនោះ ត្រូវបានគេប្រើប្រាស់សម្រាប់បម្រើការផលប្រយោជន៍ឯកជនទៅវិញ។ មន្ត្រីខ្លះគ្រាន់តែទៅផ្តិតមេដៃរួចហើយក៏ចេញពីការិយាល័យវិញក៏មានដែរ(មិនមែនទាំងអស់ទេ)។
ចំណុចមួយទៀតដែលគួរអោយកត់សម្គាល់ដែរនោះ គឺយុវជនដែលជាកូនចៅរបស់មន្ត្រី និងអ្នកជំនួញមួយចំនួនបាននាំគ្នាសម្រុកចូលធ្វើការនៅក្នុងស្ថាប័នរដ្ឋដែរ បើទោះបីជាពួកគេមានអាជីវកម្មផ្ទាល់ខ្លួនក៏ដោយ។ មូលហេតុ ព្រោះ ពួកគេមានទំនាក់ទំនង និងមានទ្រព្យសម្បត្តិរួចស្រេចទៅហើយ ដូច្នេះ ពួកគេមិនខ្វល់ខ្វាយនឹងប្រាក់ចំណូលពីរដ្ឋទេ។ ពួកគេសន្សំក្រេឌីដ នៅក្នុងការងាររដ្ឋដើម្បីឈានទៅឈោង«ចាប់យកអំណាច»នៅពេលណាមួយដែលឱកាសអំណោយផលដល់ពួកគេ។ គុណសម្បត្តិមានច្រើនសម្រាប់ការងារជាមន្ត្រីរដ្ឋ។ រីឯ គុណវិបត្តិនៃការងាររដ្ឋវិញ គឺប្រាក់ខែទាបបើប្រៀបធៀបទៅនឹងវិស័យឯកជន ឬការងារនៅក្នុងស្ថាប័នអង្គការ។
ងាកមកឆ្លើយទៅនឹងសំណួរដែលសួរថា តើហេតុអ្វីបានជាបុគ្គល(និស្សិត)មួយចំនួនចង់ធ្វើការនៅក្នុងវិស័យឯកជន?
ចំពោះសំណួរនេះ វាមិនពិបាកឆ្លើយទេ។ មូលហេតុដែលពួកគេចង់ប្រឡូកក្នុងវិស័យឯកជននោះ គឺ៖ ទី១ ពួកគេចង់ទទួលបានប្រាក់ខែសមរម្យដែលអាចរស់បានប្រសើរជាង ប្រាក់ខែរដ្ឋ។ ទី២ គឺដោយសារអ្នកខ្លះចង់មានកម្មសិទ្ធិខ្លួនឯងទុកជាកេរដំណែលតពូជតពង្ស និង ទី៣ អ្នកខ្លះចង់ក្លាយខ្លួនទៅជាពាណិជ្ជករធំនៅក្នុងសង្គមដែលគេទទួលស្គាល់ជាសាធារណៈ។ តែនៅពេលដែលពួកគេ ចំណាយពេលច្រើននៅក្នុងវិស័យឯកជនហើយ ដូច្នេះ ឱកាសនៃការក្លាយខ្លួនទៅជាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលក៏រឹតតែរួមតូចទៅៗ។ គុណវិបត្តិនៃការងារនៅក្នុងវិស័យឯកជន ត្រូវបានអ្នកខ្លះពិពណ៌នាថា គឺជាការងាររងសម្ពាធ និងគ្មានសិ្ថរភាពយូរអង្វែង។
ចុះតើហេតុអ្វីបានជាគេចង់ចាប់យកការងារក្នុងស្ថាប័នអង្គការក្រៅរដ្ឋាភិបាល?
ការងារនៅក្នុងអង្គការ មិនថា អង្គរការក្រៅរដ្ឋាភិបាលអន្តរជាតិ ឬជាតិទេ ច្រើនតែជាការងារបម្រើសង្គម។ អ្នកស្រឡាញ់សកម្មភាពមនុស្សធម៌ទើបអាចធ្វើកិច្ចការនេះបានយូរ។ ម្យ៉ាងទៀត ការងារនៅក្នុងអង្គការ គឺជាការងារមួយដែលមិនសូវមានសម្ពាធក្នុងផ្នែកប្រតិបត្តិការរកប្រាក់ចំណូលដូចជាការងារនៅក្នុងវិស័យឯកជន។ ការងារនៅក្នុងស្ថាប័នអង្គការ គឺ ជាការងារមិនសូវប្រជែងគ្នាខ្លាំង(ភាគីខាងក្រៅ) ចង្វាក់ការងារមិនសូវមមាញឹកខ្លាំង ដូចការងារនៅតាមក្រុមហ៊ុនទេ។ វាជាការងារធ្វើតាមគម្រោង តាមថវិកាដែលម្ចាស់គម្រោងផ្តល់ឲ្យ។
គុណវិបត្តិនៃការងារអង្គការ គឺថា ក្រោយគម្រោងត្រូវបានបញ្ចប់ បុគ្គលិកអង្គការពិបាកចាប់ផ្តើមអាជីពក្នុងវិស័យឯកជន ឬក្នុងស្ថាប័នរដ្ឋាភិបាលណាស់ ព្រោះ របៀបធ្វើការនៅក្នុងអង្គការខុសពីវិស័យឯកជនដាច់ស្រឡះ។ វិស័យឯកជន គឺជាសកម្មភាពរកប្រាក់ចំណេញ រីឯអង្គការ គឺជាស្ថាប័នមិនរកប្រាក់ចំណេញទេ។ ស្ថាប័នរដ្ឋ និងអង្គការមានសកម្មភាពប្រហាក់ប្រហែលគ្នាច្រើន តែផ្ទុយគ្នាច្រើនពីវិស័យឯកជន។ បើនិយាយជារួម ប្រាក់ចំណូលពីស្ថាប័នអង្គការនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនជាងប្រាក់ខែរបស់រដ្ឋ។
សរុបសេចក្តីមកវិញ ការងារនៅក្នុងវិស័យរដ្ឋ ឬវិស័យឯកជន ឬអង្គការសុទ្ធតែផ្តល់គុណសម្បត្តិ និងគុណវិបត្តិខ្លះសម្រាប់បុគ្គលម្នាក់ៗមែន។ ប៉ុន្តែប្រសិនបើគេនិយាយពីផលប្រយោជន៍សម្រាប់ជាតិវិញ ការងារទាំងបីប្រភេទនេះសុទ្ធតែរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ចជាតិដូចតែគ្នា។ តែអ្វីដែលនិស្សិតត្រូវចងចាំនៅក្នុងបរិបទនៃប្រទេសកម្ពុជា គឺថា ប្រសិនបើលោកអ្នកចង់ក្លាយខ្លួនទៅជា«អ្នកមាន»លឿន ចូរកុំចាប់យកការងាររដ្ឋ ឬការងារអង្គការឲ្យសោះ ព្រោះវាជាការងារបម្រើរាស្ត្រ វាជាការងារជួយសហគមន៍។ បើចង់មានលឿន ចូរអ្នកទៅធ្វើជំនួញទៅ!៕