COVID-19
ជាតិ
សម្តេច ហ៊ុន សែន បារម្ភ​ចំពោះ​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​របស់​ពលរដ្ឋ​មួយចំនួន​ដោយ​ភ្លេច​គិត COVID-19
07, Jun 2020 , 3:08 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាសន្និសិទសារព័ត៌មានពីកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែមករា។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាសន្និសិទសារព័ត៌មានពីកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែមករា។
​ភ្នំពេញ​៖ បន្ទាប់ពី​រកឃើញ​ករ​ណី​ថ្មី ១​បន្ថែមទៀត ដែលជា​ករណី​នាំចូល សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​រំលឹក​ដល់​ពលរដ្ឋ កុំ​មានការ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ពលរដ្ឋ​ដែល​ធ្វើដំណើរ​កម្សាន្ត​តាម​រមណី​ដ្ឋា​ន​នានា និង​នៅតាម​ផ្សា​ទំនើប​តូច​-​ធំ នា​ថ្ងៃ​ចុង​សប្ដាហ៍​។​

 
«​ខ្ញុំ​សូម​ផ្ញើ​សារ​រំលឹក​អំពី​ការចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ដែល​អាចមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ធ្វើដំណើរ​កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​នានា​ដែល​អាច​ជួបជុំ​ក្រុមមនុស្ស​ច្រើន ឬក៏​មាន​ក្រុមគ្រួសារ​ខ្លះ​នាំ​កូនចៅ​ទៅ​ទទួលទាន​អាហារ​នៅតាម​ភោជនីយដ្ឋាន និង​ដើរ​កម្សាន្ត​នៅតាម​ផ្សារ​ទំនើប​តូចធំ​ជាដើម​»​។ សម្តេច បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​
 
​ដូចជា​រាល់​លើក​ផងដែរ ប្រមុខ​រដ្ឋាភិបាល​បន្ត​អំពាវនាវ​ឲ្យ​មានការ​ពាក់​ម៉ាស់ ការប្រើប្រាស់​ទឹក​អាល់កុល ឬ​ជែ​ល ជាប្រចាំ​ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19 ជាពិសេស​នៅតាម​ផ្សារ ភោជនីយដ្ឋាន មន្ទីរពេទ្យ​។​
 
​សម្តេច​បាន​ព្រមាន​ថា​៖ «​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ឬ​គិត​លេងៗ​ថា​មិន​អី​ទេ ប្រទេស​យើង​មិន​ឆ្លង​ទេ នោះ គឺ​កំពុង​ប្រថុយ​នឹង​គ្រោះថ្នាក់​ធំ​ហើយ​។ ជំងឺ​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​នេះ​កំពុង​ឆ្លង​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក ដែល​មិនទាន់មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែមិថុនា​នេះ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន ១២៦​នាក់ ក្នុងចំណោម​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១២៣​នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​កើត​ជិត ៧ លាន​នាក់  ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង ៣.៤​លាន​នាក់ និង​ស្លាប់​ជិត​៤០​ម៉ឺន​នាក់​៕
 

Tag:
 សម្ដេច​
 ​ហ៊ុនសែន​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com