COVID-19
ជាតិ
ក្រសួង មិនឲ្យរោងចក្រ-សហគ្រាស ដែលបិទព្រោះវិបត្តិសេដ្ឋកិច្ច ទូទាត់សំណងដល់កម្មករឡើយ សកម្មភាពកម្មករកររោងចក្រ New Best ទាមទារឲ្យក្រសួងការងារដោះស្រាយដោយសារថៅកែរត់ចោល និង មេសហជីពដាក់ញត្តិទាមទារឲ្យក្រសួងពិនិត្យឡើងវិញលើការប្រើប្រាក់អតីតភាពការងារ។ (រូបពីសង់ត្រាល)
× ភ្នំពេញ៖ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា បន្ទាប់ពីបិទឬព្យួការងាររយៈពេល២ខែ ដោយសារការលំបាកណាមួយ ម្ចាស់រោងចក្រនិងម្ចាស់សហគ្រាស មានមូលហេតុត្រឹមត្រូវលើការលុបកិច្ចសន្យាការងារ ដោយមិនចាំបាច់ទូទាត់ «ប្រាក់សងជំងឺចិត្ត» និង «ប្រាក់បំណាច់ទូទាត់ជួសការឲ្យដំណឹងមុន» ដល់កម្មករនិយោជិតឡើយ។ មេសហជីព មិនគាំទ្រនោះទេ ចំពោះការបកស្រាយនេះ ហើយយល់ថា ក្រសួងការងារហាក់បីដូចជាជួយសម្រាលបន្ទុកដល់និយោជក ដោយមិនឃើញទុក្ខលំបាករបស់កម្មករ។
លិខិតរបស់លោក អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារ ចេញនៅថ្ងៃទី២៩ ខែមិថុនា បញ្ជាក់ថា៖«ផលលំបាកផ្នែកសេដ្ឋកកិច្ចកាន់តែធ្ងន់ធ្ងរនៅតាមបណ្ដាលរោងចក្រ...ដូចជាលុបការបញ្ជាទិញទាំងស្រុង ការផ្អាកការទទួលទិញដែលផលិតរួច និងមិនទូទាត់ប្រាក់តាមកិច្ចសន្យាទិញ-លក់ អាចត្រូវបានចាត់ជាមូលហេតុត្រឹមត្រូវក្នុងការរំលាយកិច្ចសន្យាការងារ បន្ទាប់ពីព្យួរកិច្ចសន្យាការងារ»។
លិខិតនោះ ត្រូវបានផ្ញើទៅកាន់ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលបានសុំដំណោះស្រាយពីក្រសួងលើចំណុចប្រាក់សោហ៊ុយជំងឺចិត្តនិងប្រាក់បំណាច់ទូទាត់ជួសការឲ្យដំណឹងមុខ។
តាមរយៈលិខិតនោះ លោក អ៊ុក ចាន់ធូ អះអាងថា ការលុបកិច្ចសន្យាការនេះ គឺជារឿងត្រឹមត្រូវ មិនអនុញ្ញាតឲ្យមានការទូទាត់ប្រាក់សោហ៊ុយជំងឺចិត្តដល់កម្មករឡើយ។ ទន្ទឹមនឹងនេះ ក្រសួងក៏មិនឲ្យនិយោជក បើកប្រាក់ទូទាត់ជួសឲ្យការឱ្យដំណឹងមុនដែរ ដោយរោងចក្រដែលព្យួរការងារ បានព្យាយាមដោះស្រាយស្របតាមលក្ខខណ្ឌក្រសួងការងាររួចហើយ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការបកស្រាយរបស់ក្រសួងការងារខាងលើនេះ ធ្វើឲ្យបាត់បង់ប្រយោជន៍កម្មករយ៉ាងខ្លាំង ខណៈដែលកម្មករកំពុងរងគ្រោះ ស្ទើរគ្មានលទ្ធភាពផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃទៅហើយ។ លោក ថ្លែងថា៖«បើក្រសួងបកស្រាយបែបនេះ កម្មករនឹងបាត់បង់ប្រយោជន៍។ ក្រសួងដូចជាគិតគូរពីនិយោជកច្រើន មិនឃើញការលំបាកដល់កម្មករ»។
លោក បន្តថា៖«នៅពេលអនុញ្ញាតឲ្យរោងចក្រព្យួរ ហើយលុបកិច្ចសន្យាការងារ ធ្វើឲ្យកម្មករបាត់ប្រាក់សងជំងឺចិត្តមួយហើយ នៅពេលរោងចក្របិទ ភាគីម្ចាស់រោងកច្រនឹងមិនទូទាត់ប្រាក់ជូនដំណឹងទៀត»។ មេសហជីពរូបនេះ ប្រាប់ថា លោក ថានឹងមានការជជែកគ្នាបន្ថែមក្នុងរឿងនេះ៕
Tag:
រោចក្រ
វិស័យកាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com