ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ចូលចិត្ត​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ចៀស​មិន​ផុតពី​បញ្ហា​សុខភាព​ទាំង​នេះឡើយ​
06, Sep 2020 , 8:59 pm        
រូបភាព
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ច្រើន​។ មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផលប៉ះពាល់​នៃ​ការ​ទទួលទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ៖

 
១. ឈឺសន្លាក់​
 
​អាហារ​ផ្អែមៗ ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ងាយ​នឹង​បណ្ដាលឱ្យ​សន្លាក់​មានការ​ឈឺចាប់​។ នេះ​ក៏​ព្រោះតែ​ជាតិ​ស្ករ​បង្ក​ការ​រលាក​ក្នុង​រាងកាយ​។​
 
២. កើន​ទម្ងន់​
 
​អាហារ​ដែលមាន​សម្បូរ​ទៅដោយ​កាឡូរី​ក៏​ច្រើន​តែមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ផងដែរ​។ ហើយ​អ្នកនឹង​ឡើង​ទម្ងន់​ប្រសិនបើ​រាងកាយ​ទទួលបាន​កាឡូរី​លើសពី​តម្រូវការ​។ ជា​លទ្ធផល​នៃ​ការ​កើន​ទម្ងន់​ហួសប្រមាណ ឬ​ធាត់​ជ្រុល អ្នក​ប្រាកដជា​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​។​
 
៣. ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
 
​ការទទួល​ទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ច្រើនពេក​ផ្សារភ្ជាប់​នឹង​ការ​រលាក​ក្នុង​រាងកាយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺ​ពុក​ឆ្អឹង​។​
 
៤. ជំងឺ​បេះដូង​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា របប​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ឆ្អែត saturated  និង កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ទេ​ថា ការទទួល​ទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ច្រើន​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​បេះដូង​គួរអោយ​ព្រួយបារម្ភ​ដែរ​។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា ការ​រលាក គឺជា​អ្វីមួយ​ដែល​អាច​បង្ក​ជំងឺ​បេះដូង ហើយ​ជាតិ​ស្ករ​ជា​មូលហេតុ​បង្កើន​ការ​រលាក​ក្នុង​រាងកាយ​។​
 
៥. ជំងឺ​ធ្លាក់​ទឹកចិត្ត Depression
 
​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ខ្ពស់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ នោះ​ក៏​ព្រោះតែ​ការ​រលាក​ដែល​ជាតិ​ស្ករ​នាំមក​បង្កបញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន dopamine និង serotonin ក្នុង​ខួរក្បាល​។​
 
៦. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
 
​ក្រៅពី​សុខភាព​បេះដូង និង​ខួរក្បាល ការ​រលាក​ក៏​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរអោយ​ព្រួយបារម្ភ​ផងដែរ​។ ហើយ​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ នោះ​រាងកាយ​នឹង​ឆាប់​ឆ្លង​ជំងឺ​ផ្សេងៗ​ដែល​បង្ក​មកពី​បាក់តេរី និង​វីរុស​ជាក់​ជាមិនខាន​។​
 
៧. មហារីក​
 
​បញ្ហា​ដ៏​គួរអោយ​ព្រួយបារម្ភ​ខ្លាំង​មួយទៀត​នៃ​ការ​រលាក​ក្នុង​រាងកាយ​ដែល​បណ្ដាលមកពី​ការទទួល​ទាន​អាហារ​ផ្អែម ឬ​ជាតិ​ស្ករ​ច្រើន គឺ​ហានិភ័យ​នៃ​ជំងឺមហារីក​។ នេះ​មានន័យថា ការទទួល​ទាន​អាហារ​ផ្អែម​ច្រើនពេក​យូរ​ទៅនឹង​បណ្ដាលអោយ​អ្នក​ប្រឈមមុខ​នឹង​ជំងឺមហារីក​នៅ​ថ្ងៃ​ណាមួយ​។ ជាតិ​ផ្អែម​នឹង​បង្កើន​ទម្ងន់ ហើយ​កោសិកា​ខ្លាញ់​ហួសប្រមាណ​ក្នុង​រាងកាយ​នាំអោយមាន​ការបញ្ចេញ​អ័រម៉ូន​បង្ក​ជំងឺមហារីក​។​
 
៨. ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២
 
​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៅក្នុង​ឈាម គឺជា​កត្តា​ចម្បង​ដែល​បង្ក​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ហើយ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ច្រើន គឺជា​មូលហេតុ​ទូទៅ​បំផុត​មួយ​ដែល​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​
 
៩. អស់កម្លាំង​ល្ហិតល្ហៃ​
 
​បើទោះជា​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាចជួយ​ឱ្យ​ឆាប់​មាន​ថាមពល​ក៏ពិតមែន ក៏ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ពេលខ្លះ​ការទទួល​ទាន​ស្ករ​ច្រើន​ក៏​អាចធ្វើអោយ​អស់កម្លាំង​ដែរ​? នោះ​ក៏​ព្រោះតែ​ថាមពល​ដែល​រាងកាយ​ទទួលបាន​មកពី​ជាតិ​ស្ករ គឺ​មិនមាន​រយៈពេល​យូរ​ឡើយ​។ នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​នោះ​អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​ភ្លាម​។​
 
១០. ស្ទះ​ស​សៃ​ឈាម​
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​មិន​ត្រឹមតែ​ធ្វើឱ្យ​ធាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្កបញ្ហា​ស្ទះ​ស​សៃ​ឈាម​ផងដែរ​។ ការទទួល​ទាន​អាហារ​ផ្អែម​ច្រើន​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែលជា​អ្វីមួយ​អាច​បណ្ដាលឱ្យ​បញ្ហា​ស្ទះ​ស​សៃ​ឈាម​កើន​មាន​ឡើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com