ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការភ្នំពេញ និងសាលាឧទ្ធរណ៍ក្នុងបរិវេណក្រសួងយុត្តិធម៌ នឹងដូរទៅព្រែកលៀប
06, Sep 2020 , 3:00 pm        
រូបភាព
សាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
សាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ទីតាំងចាស់នៃសាលាដំបូងរាជធានីភ្នំពេញ នឹងបានទៅក្រុមហ៊ុន លី ឈួង ឯអគារបច្ចុប្បន្ននៃសាលាឧទ្ធរណ៍ភ្នំពេញ ដែលស្ថិតក្នុងក្រសួងយុត្តិធម៌ស្រាប់ នឹងប្រគល់ឲ្យក្រសួងយុត្តិធម៌។



រដ្ឋាភិបាល នឹងបង្កើតអគារសាលាយុត្តិធម៌ថ្មីមួយ មានកម្ពស់៧ជាន់ និងមានផ្ទៃក្រឡាសរុបជិត២ម៉ឺនម៉ែត្រការ៉េ លើផ្ទៃដីទំហំជាង៩,៤ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ OICC នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អគារថ្មី ដែលហៅថាសាលាយុត្តិធម៌នេះ នឹងផ្ទុកស្ថាប័នតុលាការពីរថ្នាក់នៅជាមួយគ្នា គឺសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (តុលាការថ្នាក់ទាប) និងសាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាសាឧទ្ធរណ៍ភ្នំពេញ (តុលាការថ្នាក់ខ្ពស់)។

ការសម្រេចដូរសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ទៅទីតាំងថ្មីនៅឯសង្កាត់ព្រែកលៀប គឺធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ជូនទៅលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និង លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

ការចេញសជណនេះ គឺបន្ទាប់ពីទទួលបានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សជណ បានឲ្យដឹងថា អគារសាលាយុត្តិធម៌ថ្មីនេះ មិនមែនរដ្ឋ សាងសង់ដោយខ្លួនឯងទេ គឺប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ-នីហរ័ណ ជាអ្នកសាងសង់។

សជណ បង្ហាញថា ដី សម្រាប់សាងសង់អគារសាលាយុត្តិធម៌ថ្មីនេះ គឺជាដីរបស់រដ្ឋ ដែលមានទំហំជាង៩,៤ពាន់ម៉ែត្រការ៉េ។ ផ្អែកលើខ្លឹមសារនៃសជណ ក្រុមហ៊ុន លី ឈួង ចំណាយលើការសាងសង់អគារសាលាយុត្តិធម៌ ហើយនឹងទទួលបានទីតាំងចាស់នៃសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានផ្ទៃដីជាង១,៧ពាន់ម៉ែត្រការ៉េ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សជណ សរសេរថា៖«ដោះដូរទីតាំងសាលាដំបូងរាជធានីភ្នំពេញនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ...ជាថ្នូរនឹងការសាងសង់សាលាយុត្តិធម៌ថ្មី...»។

សជណ បានឲ្យដឹងទៀតថា រដ្ឋាភិបាល អនុញ្ញាតឲ្យផ្ទេរកម្មសិទ្ធិទីតាំងចាស់នៃសាលាដំបូងរាជធានីភ្នំពេញ ជូនទៅក្រុមហ៊ុន លី ឈួង មុនការសាងសង់សាលាយុត្តិធម៌ថ្មី ដោយពន្ធប្រថាប់ត្រាជាបន្ទុករបស់រដ្ឋ។ ការផ្ទេរកម្មសិទ្ធិឲ្យក្រុមហ៊ុន លី ឈួង ជាមុនដូច្នេះ ដោយរដ្ឋាភិបាល យល់ថា ដើម្បីធានាដំណើរការនៃការសាងសង់អគារសាលាយុត្តិធម៌ថ្មី។

ចំណែកទីតាំងចាស់នៃសាលាឧទ្ធរណ៍ភ្នំពេញ ដែលស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌ នៅមុខប៉ែកខាងត្បូងនៃព្រះបរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌ នៅពេលណា សាលាយុត្តិធម៌ថ្មី ត្រូវបានកសាងរួច ហើយសាលាឧទ្ធរណ៍ ត្រូវរើទៅសាលាយុត្តិធម៌ថ្មីនោះ។ នេះបើតាមសជណដដែល។



សជណបញ្ជាក់ថា រដ្ឋាភិបាល ផ្តល់ថវិកា៣លានដុល្លារ សម្រាប់ចំណាយលើការបំពាក់សម្ភារបរិក្ខានិងគ្រឿងសង្ហារឹម ក្នុងសាលាយុត្តិធម៌ថ្មី។ សជណ បន្ថែមថា ថវិកានេះ រដ្ឋាភិបាល នឹងទូទាត់ជូនក្រុមហ៊ុន លី ឈួង នៅពេលការសាងសង់អគារសាលាយុត្តិធម៌ រួមទាំងការបំពាក់សម្ភារបរិក្ខារ និង គ្រឿងសង្ហារឹម បានបញ្ចប់ជាស្ថាពរ។

យ៉ាងណា គេ មិនទាន់ដឹងថា សាលាយុត្តិធម៌ថ្មីនៅព្រែកលៀប នឹងត្រូវសាងសង់រួចនៅពេលណាឡើយ។ គេ ក៏មិនទាន់ដឹងដែរថា សាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវរើទៅសាលាយុត្តិធម៌ថ្មីនៅពេលណា។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនបានទទួលព័ត៌ជាក់លាក់នោះទេថា ការសាងសង់សាលាយុត្តិធម៌ថ្មីនេះ អាចនឹងរួចរាល់នៅពេលណា ហើយលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី ឆ្លើយថា ក្រសួងដែនដីរបស់លោក មិនពាក់ព័ន្ធនឹងរឿងនេះទេ ដោយលោក រុញឲ្យទៅសួរក្រសួងផ្សេងដែលពាក់ព័ន្ធ។ រីឯ លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី សុំមិនទាន់បកស្រាយ ដោយប្រាប់ថា លោក កំពុងនៅខេត្ត ហើយប្រព័ន្ធទូរស័ព្ទ មិនសូវមានសេវានិងស្តាប់ការសន្ទនាមិនសូវបាន។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោក ជិន ម៉ាលីន លើកឡើងថា ជាគោលការណ៍និងជាទិសដៅទៅមុខ រដ្ឋាភិបាល ចង់រៀបសាលាដំបូងនិងសាលាឧទ្ធរណ៍ ទាំងនៅភ្នំពេញនិងនៅតាមបណ្តាខេត្ត ឲ្យស្ថិតក្នុងទីតាំងតែមួយ គឺស្ថិតក្នុងសាលាយុត្តិធម៌ ដើម្បីងាយស្រួលក្នុងការចរាចណ៍រដ្ឋបាលរវាងសាលាដំបូងនិងសាលាឧទ្ធរណ៍ ហើយអាចបង្កើនប្រសិទ្ធភាពការងារផងដែរ។ លោក មានប្រសាសន៍ថា៖«ជាទិសដៅទៅមុខ យើង ចង់បានអ៊ីចឹង»។

បច្ចុប្បន្ន កម្ពុជា មានសាលាឧទ្ធរណ៍៤តំបបន់ហើយ គឺសាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ សាលាឧទ្ធរណ៍តំបន់បាត់ដំបង និង សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ។ នៅព្រះសីហនុ  គេ ឃើញអាជ្ញាធរ កសាងខ្លោងទ្វារ ដោយសរសេរថា សាលាយុត្តិធម្ម (សាលាយុត្តិធម៌) គឺមានន័យថា ទីតាំងឬតំបន់នោះ មានសាលាដំបូងខេត្តព្រះសីហនុផង និង មានសាលាឧទ្ធរណ៍តំបន់ព្រះសីហនុផង។

នៅបាត់ដំបងនិងនៅត្បូងឃ្មុំឯណោះវិញ សាលាដំបូងនិងសាលាឧទ្ធរណ៍ កំពុងដំណើរតាមទីតាំងរៀងៗខ្លួន ដោយរដ្ឋាភិបាល មិនទាន់មានគម្រោងកសាងសាលាយុត្តិធម៌ ដើម្បីដាក់សាលាដំបូងនិងសាលាឧទ្ធរណ៍ឲ្យនៅជាមួយគ្នា ដូចនៅភ្នំពេញនិងនៅព្រះសីហនុនោះទេ។ លោក ជិន ម៉ាលីន អះអាងថា ជាទិសដៅ រដ្ឋាភិបាល ក៏ចង់បង្កើតសាលាយុត្តិធម៌ នៅបាត់ដំបងនិងនៅត្បួងឃ្មុំដែរ ដើម្បីដាក់សាលាដំបូងនិងសាលាឧទ្ធរណ៍ ឲ្យនៅជាមួយគ្នា៕

Tag:
 តុលាការភ្នំពេញ
  សាលាឧទ្ធរណ៍
  ទីតាំងថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com