ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក អឿ ណា​រិ​ទ្ធ ត្រូវបាន​ដោះលែង​វិញ ក្រោយ​រក​មិន​ឃើញថា បានរួម​គំនិត​ក្បត់ជាតិ
22, Sep 2020 , 10:43 am        
រូបភាព
​​លោក សាន សុខ​សីហា អ្នកនាំពាក្យ​នគរបាល​ភ្នំពេញ អះអាងថា តុលាការ បាន​ដោះលែង​លោក អឿ ណា​រិ​ទ្ធ សកម្មជន​អតីត​គណបក្សប្រឆាំង​វិញ នៅ​ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។ លោក លើកឡើងថា ការសម្រេច​ដោះលែង​នេះ គឺ​ទំនងជា​តុលាការ រក​ភស្តុតាង​មិនឃើញ​។



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា អ្នកនាំពាក្យ​នគរបាល​ភ្នំពេញ ថ្លែង​ដូច្នេះ​ថា​៖«​ជាទូទៅ ចាប់ គឺ​ដោយសារ​តែមាន​ភស្តុតាង​ដាក់បន្ទុក តែបើ​គ្មាន​ភស្តុតាង​អ្វី​ដាក់បន្ទុក​ទេ គឺ​ដោះលែង​វិញ​ហើយ​»​។​
 
​អ្នកនាំពាក្យ​នគរបាល​រូបនេះ និយាយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃ​ម្សិលមិញ (២១​កញ្ញា​) ថា លោក អឿ ណា​រិ​ទ្ធ រង​ការសង្ស័យ​ពី​ការផ្តល់​ថវិកា​ដល់​សក​ម្ម​ជន​ដទៃ​នៃ​អតីត​គណបក្សប្រឆាំង ដើម្បី​ជា​ជំនួយ​ពួកគេ ក្នុងការ​ចូលរួម​នឹង​ផែនការ​ក្បត់ជាតិ​និង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ អ្នកនាំពាក្យ​ដដែល បន្តថា កម្លាំង​សមត្ថកិច្ច ទទួលបញ្ជា​ពី​ព្រះរាជអាជ្ញា ឲ្យ​ចាប់​លោក អឿ ណា​រិ​ទ្ធ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​]​។ 
 
​លោក អឿ ណា​រិ​ទ្ធ ដែល​ធ្លាប់ជា​ជំនួយការ​របស់​អ្នកស្រី មូរ សុខ​ហួរ អនុប្រធានអតីតគណបក្សប្រឆាំង ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​២០ ខែកញ្ញា ហើយ​ត្រូវ​បញ្ជូនទៅ​តុលាការ​៕ 
 

Tag:
 អឿ ណា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com