ជាតិ
កណ្តុរហិតមីន «ម៉ាហ្គាវ៉ា» បានមេដាយមាសពីស្ថាប័នអង់គ្លេស ក្រោយបេសកកម្ម៧ឆ្នាំនៅកម្ពុជា
26, Sep 2020 , 3:51 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។
រូបភាពពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។
ភ្នំពេញ៖ កណ្ដុរហិតមីន «ម៉ាហ្គាវ៉ា» របស់អង្គភាពស៊ីម៉ាក់ និងអង្គការបែលហ្ស៊ិក APOPO បានទទួលមេដាយមាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA)នៃប្រទេសអង់គ្លេស ក្រោយបានកម្ចាត់មីនរយៈពេល៧ឆ្នាំ ។ នេះបើតាមវេបសាយ PDSA។

 
ម៉ាហ្គាវ៉ា (Magawa) ជាសត្វកណ្ដុរដំបូងដែលទទួលបានមេដាយខ្ពស់បំផុតពីអង្គការPDSA ក្នុងរយៈពេល៧៧ឆ្នាំ។ មេដាយមាសនេះ ប្រគល់ជូនចំពោះសត្វក្លាហាន និងលះបង់ជួយជីវិតមនុស្យ។

កណ្ដុរម៉ាហ្គាវ៉ា ឬ Hero Rat បានកម្ចាត់មីនរយៈពេល៧ឆ្នាំ ដោយបានរកឃើញគ្រាប់មីនចំនួន៣៩គ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២៨គ្រាប់ លើផ្ទៃដី១៤១ម៉ែត្រការ៉េ នៅខេត្តសៀមរាប និងខេត្តព្រះវិហារ។ ប្រភេទសត្វកណ្ដុរពូជពីអាហ្រ្វិកនេះ អាចសម្អាតមីន លើផ្ទៃដីដប៉ុនតារាង Tennis ក្នុងរយៈពេល៣០នាទី ខណៈមនុស្សត្រូវចំណាយពេល៤ថ្ងៃ។


 
ម៉ាហ្គាវ៉ា ត្រូវបានហឹកហាត់ដោយអង្គការក្រៅរដ្ឋាភិបាល APOPO ដែលមានទីស្នាក់ការកណ្តាល នៅក្នុងប្រទេសតង់ហ្សានី ក្នុងតំបន់អាហ្រ្វ៊ិកខាងកើត។ APOPO គឺជាអង្គការ ដែលបង្វឹកកណ្តាលជាច្រើនក្បាល ដូចម៉ាហ្គាវ៉ាដែរ ដើម្បីស្វែងរកអាវុធជាតិផ្ទុះ។ ប្រភេទកណ្តុរអាហ្រ្វ៊ិកនេះ គឺងាយស្រួលក្នុងការបង្វឹក និងឆ្លាតជាងកណ្តុរធម្មតា។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានCNN ម៉ាហ្គាវ៉ា គឺធំជាងកណ្តុរធម្មតា និងមិនដែលធ្លាប់ដើរពីលើគ្រាប់មីនឡើយ។
 
បន្ទាប់ពីឆ្លងកាត់សង្រ្គាមស៊ីវិលជាច្រើនឆ្នាំ កម្ពុជាត្រូវបានបន្សល់ទុកមីន និងគ្រឿងផ្ទុះជាច្រើនគ្រាប់។ មនុស្សជាច្រើននាក់ បានបាត់បង់ជីវិត និងពិការ ដោយសារអាវុធ ដែលកប់ទុកក្នុងដីទាំងនោះ។ តាមរបាយការណ៍របស់ US Congressional Research Service  ប្រទេសកម្ពុជានៅមានមីនមិនទាន់ផ្ទុះប្រមាណ ៣លានទៀត គិតត្រឹមឆ្នាំ២០១៩៕
 

Tag:
 កណ្ដុរ
  ស៊ីម៉ាក់ មេដាយមាស
© រក្សាសិទ្ធិដោយ thmeythmey.com