ពីនេះ ពីនោះ
សុខភាព
បញ្ហា​សក់ស្កូវ​មែន​ទេ​? កុំ​រំលង​អាហារ​ទាំងនេះ​
04, Oct 2020 , 6:59 pm        
រូបភាព
​សក់ស្កូវ​អាចជា​បញ្ហា​គួរឱ្យ​រំខាន​មួយ ជាពិសេស​ប្រសិនបើ​វា​កើតឡើង​ក្នុងពេល​យើង​មាន​វ័យក្មេង​នៅឡើយ​។ បញ្ហា​សក់ស្កូវ​មុន​វ័យ​អាច​បណ្ដាលមកពី​បរិមាណ​នៃ​មេឡានីន​ដែល​ផលិត​ដោយ​ឬ​ស​សក់​ធ្លាក់ចុះ​ទាប​។ ជួនកាល​សារធាតុ​គីមី​ដែល​អ្នក​បាន​ប្រើប្រាស់​លើ​សក់​ក៏​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​សក់​ឆាប់​ស្កូវ ៖

 
១. អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​
 
​ប្រូតេអ៊ីន គឺ​ចាំបាច់​ណាស់​សម្រាប់​ការលូតលាស់​នៃ​សក់​និង​រក្សា​សុខភាព​សក់​ល្អប្រសើរ​។ ការទទួល​ទាន​របប​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ពិតជា​អាចជួយ​ឱ្យ​សក់​ក្រាស់​និង​មាន​ភាព​ទាក់ទាញ​។​
 
២. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​
 
​ជាតិ​ដែល​សំខាន់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ដែល​ទទួលខុសត្រូវ​ក្នុងការ​ដឹកជញ្ជូន​ម៉ូលេគុល​អុកស៊ីសែន​។ ហើយ​ការផ្គត់ផ្គង់​អុកស៊ីសែន​គ្រប់គ្រាន់​ទៅកាន់​ស្បែកក្បាល​នឹង​ជួយ​រក្សា​សុខភាព​សក់​ល្អប្រសើរ​។​
 
៣. កុំ​ភ្លេច​អាហារ​មាន​ផ្ទុក​អ៊ីយ៉ូដ​
 
​រួមមាន​ត្រី បន្លែ​សមុទ្រ ស្ត្រ​បឺ​រី និង​ដំឡូងបារាំង​ជាដើម​។ អ៊ីយ៉ូដ​ជា​ជាតិ​រ៉ែ​សំខាន់​សម្រាប់​ការផលិត​មេឡានីន​ផ្ដល់ឱ្យ​សក់​នូវ​ពណ៌​ខ្មៅស្រស់​ស្អាត​។​
 
៤. បន្លែ​បៃតង​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ជាតិ​ស​សៃ រួមទាំង​វីតាមីន B ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ស្បែកក្បាល​។ ហើយ​ស្បែក​ក្បាលមាន​សុខភាព​ល្អ ក៏ដូចជា​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ជួយ​ទប់ស្កាត់​បញ្ហា​សក់​គ្រប់​ប្រភេទ រួមទាំង​សក់ស្កូវ​។ វីតាមីន B12 ក្នុង​បន្លែ​បៃតង​ក៏​ចាំបាច់​សម្រាប់​ការផលិត​អ័រម៉ូន​សុខភាព​ល្អ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​សក់​ឆាប់​ស្កូវ​ផងដែរ​។​
 
៥. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ព្រមទាំង​សេ​លេ​ញ៉ូ​ម​ដែលជា​ជាតិ​រ៉ែ​ចាំបាច់​សម្រាប់​ការផលិត​អ័រម៉ូន​បាន​ត្រឹមត្រូវ​ក្នុង​រាងកាយ​និង​រក្សា​សុខភាព​សក់​ល្អប្រសើរ​។ លើសពីនេះទៅទៀត​សេ​លេ​ញ៉ូ​ម​ថែមទាំង​ជួយ​ការពារ​រាល់​កោសិកា​ពី​សកម្មភាព​នៃ​រ៉ាឌីកាល់​សេរី​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com