ជាតិ
ពីនេះ ពីនោះ
តារាចម្រៀង ខាត់ សុឃីម ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈលើប្រធានបទ«ចង្ក្រានស្អាត និងសុខភាព»របស់អង្គការ SNV
× ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) កំពុងធ្វើការជាមួយ អ្នកនាង ខាត់ សុឃីមដើម្បីលើកកម្ពស់ការយល់ដឹងអំពីចង្ក្រានដែលមានប្រសិទ្ធិភាព សុវត្ថិភាព និងស្អាត ក្នុងន័យ ជួយការពារបញ្ហាសង្គម សុខភាពនិងការចំណាយរបស់សហគមន៍ក្នុងតំបន់ ក៏ដូចជាជួយពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ តារាចម្រៀង ខាត់ សុឃីម ត្រូវបានតែងតាំងជា ទូតសុច្ឆន្ទៈលើប្រធានបទ ចង្ក្រានស្អាត និងសុខភាពរបស់អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) ប្រចាំប្រទេសកម្ពុជា។
ក្នុងនាមជាសិល្បករលេចធ្លោម្នាក់ដែលមានបុគ្គលិកលក្ខណៈផ្សារភ្ជាប់នឹងប្រជាជនកម្ពុជានៅជនបទ អ្នកនាង ខាត់ សុឃីម អាយុ ៤០ ឆ្នាំត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់អង្គការ SNV ។ អ្នក នាងនឹងធ្វើការដើម្បីលើកកម្ពស់គំនិតនៃការចម្អិនអាហារស្អាតតាមរយៈការប្រើប្រាស់ចង្ក្រានស្អាតនិងមានសុខភាពល្អ។ ដំណើរទស្សនៈកិច្ច តាមខេត្តនឹងត្រូវបានរៀបចំឡើងទៅកាន់ខេត្តគោលដៅរបស់អង្គការ SNVដើម្បីស្វែងយល់ពីការអនុវត្តការចំអិនម្ហូបនៅតាមទីជនបទ។ ក្រុមការងារអង្គការ SNV នឹងចាប់យកសកម្មភាពទាំងនោះ ពិសេសសារអប់រំដើម្បីលើកកម្ពស់ការយល់ដឹងដល់ទស្សនិកជនទូទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅលើកំរិតអន្តរជាតិ ទូតសុឆន្ទៈរបស់អង្គការ SNV លើប្រធានបទនេះ គឹមាន តារាដ៏ល្បី លោកស្រី Julia Robert ជាទូតសុឆន្ទៈ ។
អ្នកនាង ខាត់ សុឃីម ចាប់ផ្តើមអាជីពច្រៀងតាំងពីឆ្នាំ ១៩៨៥ ដែលត្រូវបានគេស្គាល់ថាជាអ្នកចំរៀងប្រពៃណីនិងជាតារាកំប្លែង ចេញពីត្រកូលខាត់ ដែលមានសមាជិកគ្រួសារ ឪពុកម្តាយ បងប្អូនប្រុសស្រី កើតមកជាអ្នកតន្ត្រី ពួកគេសុទ្ធតែជាអ្នកចំរៀងនិងអ្នកលេងភ្លេងប្រពៃណី។
អ្នកនាង ខាត់ សុឃីម បានមានប្រសាសន៍ថា៖«នាងខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ព្រោះវានឹងជួយសហគមន៍ឱ្យយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ចង្ក្រានស្អាតនិងមានសុខភាពល្អសម្រាប់ជាប្រយោជន៍ដល់សុខុមាលភាពនិងបរិស្ថានល្អ»។ អ្នកនាងចង់ជួយផ្លាស់ប្តូរអាកប្បកិរិយារបស់មនុស្សពីទម្លាប់ធ្វើម្ហូបជាមួយចង្ក្រានដែលមិនមានសុវត្ថិភាព។
អង្គការ SNV បានធ្វើការដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងសុខភាពរបស់ប្រជាជនកម្ពុជានៅតាមជនបទចាប់តាំងពីឆ្នាំ ២០០៥ ដែលបច្ចុប្បន្នតាមរយៈកម្មវិធីពន្លឿនទីផ្សារចង្ក្រានទំនើបនៅក្នុងតំបន់ទន្លេមេគង្គដែលឧបត្ថម្ភថវិកាដោយកម្មវិធីអេនឌេវ (EnDev) ។ កម្មវិធីនេះកំពុងអនុវត្តសកម្មភាពផ្សេងៗគ្នា ដែលសកម្មភាពមួយក្នុងចំណោមនោះគឺការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់អវិជ្ជមាននៃការចំអិនតាមបែបប្រពៃណីនិងការណែនាំអំពីចង្ក្រានស្អាតនិងមានសុខភាពល្អដល់ប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com