ជាតិ
អត្ថបទពាណិជ្ជកម្ម
​ទ្រូ​ម៉ាន់​នី​ចាប់ដៃ​ជាមួយ​ធនាគារ​ភីភី​ស៊ី​ប៊ែ​ង (PPCBANK) ដើម្បី​សម្រួល​ដល់​ការបង់​ប្រាក់កម្ចី​
23, Sep 2020 , 5:48 pm        
រូបភាព
 (​រាជធានី​ភ្នំពេញ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០២០) - ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី  ដែលជា ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​កម្ពុជា កំពុង​សហការ​ជា​ដៃគូ​ជាមួយនឹង​ធនាគារ​ភីភី​ស៊ី​ប៊ែ​ង (PPCBank) ដើម្បី​ធ្វើ​ឲ្យ​ការបង់​ប្រាក់កម្ចី​កាន់តែ​ងាយស្រួល​ថែមទៀត​សម្រាប់​អតិថិជន​របស់​ធនាគា​រ​។​

​នៅក្នុង​ពិធី ដែល​បានរៀបចំ​នៅឯ​ការិយាល័យ​កណ្ដាលរ​បស់​ធនាគារ PPCBank ដែល​ស្ថិតនៅតាម​មហាវិថី ព្រះ​នរោត្តម នា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ ដែល​សម្រេច​ឲ្យ​មានការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ចល័ត TrueMoney Wallet និង​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​ដើម្បី​ប្រមូល​ការបង់​ប្រាក់កម្ចី​សម្រាប់​ធនាគារ​PPCBank​។​

 អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃនេះ​តទៅ ដូច្នេះ​អតិថិជន​នឹង​អាច​បង់ប្រាក់​កម្ចី​របស់​ខ្លួន​ទៅ​ឲ្យ​ធនាគារ PPCBank តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ TrueMoney Wallet និង​ភ្នាក់ងារ ទ្រូ​ម៉ាន់​នី​។ ដើម្បី​ជាការ​អបអរ​សាទរភាព​ជា​ដៃគូ​សហការ​នេះ អតិថិជន​នឹង​អាច​រីករាយ​នូវ​ការផ្ដល់ជូន​ពិសេស​រយៈពេល​៣​ខែ សម្រាប់​ការបង់​ប្រាក់កម្ចី​ដោយ​ឥតគិតថ្លៃ​សេវា ចាប់ពី​ថ្ងៃទី ២៣ ខែកញ្ញា រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។ អតិថិជន​នឹង​អាចធ្វើ​ការទូទាត់​ប្រាក់កម្ចី​តាមរយៈ​កម្មវិធី TrueMoney Wallet ឬ​តាមរយៈ​ភ្នាក់ងារ​របស់​ទ្រូ​ម៉ាន់​នី ដែលមាន​ចំនួន​រហូតដល់​ទៅជា​ង ១ ម៉ឺន ទីតាំង ទូទាំងប្រទេស​។​
 
​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​រួចហើយ លោក Shin Chang Moo នាយក​ប្រតិបត្តិ​ធនាគារ PPCBank មានប្រសាសន៍ថា​៖ “​ភាពជា​ដៃគូ និង​កិច្ចសហការ គឺជា​ផ្នែក​មួយ ដ៏​សំខាន់​របស់​ធនាគារ PPCBank ហើយ​យើង​ជឿថា ការរកបាន​នូវ​ដៃគូ​ល្អ​គឺជា​រឿង​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​។ កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​ទ្រូ​ម៉ាន់​នី នឹងធ្វើ​ឲ្យ​អតិថិជន​របស់​យើង​មាន​ភាពជឿជាក់ និង​ទុកចិត្ត​នៅពេល បង់ប្រាក់​កម្ចី​តាមរយៈ​ភាគី​ទី​បី​នេះ​”​។​

លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា អគ្គនាយិកា គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី កម្ពុជា  មានប្រសាសន៍ ថា​៖ “​យើង​ពិត​ជាមាន​មោទនភាព ដែល​បាន​ចាប់​ដៃគូ​ជាមួយនឹង​ធនាគារ PPCBank ក្នុង​ការផ្ដល់សេវា នេះ ដែល​នឹង​ជួយ​បន្ថែម​ភាពងាយស្រួល និង​គុណ​តម្លៃ​ដល់​អតិថិជន​របស់​ធ​នាគារ PPCBank ក៏ដូចជា​សម្រាប់​ខ្លួន​យើង​ផ្ទាល់​។ ការសហការ​ជា​ដៃគូ​នៅថ្ងៃនេះ​គឺជា​កម្មវិធី​សហការ​មួយ​ក្នុងចំណោម​កម្មវិធី ជាច្រើន​ទៀត ដែល​យើង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ស្រប​ពេលដែល ទ្រូ​ម៉ាន់​នី បន្ត​ពង្រីក​សេវាកម្ម​របស់ខ្លួន​”​។​

​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​បាន​ចុះ​កិច្ចព្រមព្រៀង​ដៃគូ​សហការ​ជាច្រើន​រួចមកហើយ​នៅ​កម្រិត​តំបន់​។ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ទ្រូ​ម៉ាន់​នី​បានប្រកាស​ការសហការ​ជា​ដៃគូ​ជាមួយនឹង​កម្មវិធី OnePay ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​អតិថិជន​អាចដាក់​ប្រាក់ និង​ដក​ប្រាក់​ពី​បញ្ជរ​ភ្នាក់ងារ​ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា នោះ​។​

 


 








(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com