ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីការពារជាតិកម្ពុជា រំលែកទុក្ខជាមួយវៀតណាម ចំពោះការស្លាប់កងទ័ព ដោយគ្រោះធម្មជាតិ
20, Oct 2020 , 1:05 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា (ស្តាំដៃ) និង លោក ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារប្រទេសវៀតណាម (រូបពីកាសែតកងទ័ពប្រជាជនវៀតណាម)
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា (ស្តាំដៃ) និង លោក ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារប្រទេសវៀតណាម (រូបពីកាសែតកងទ័ពប្រជាជនវៀតណាម)
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានផ្ញើលិខិតជូនទៅលោក ង៉ូ ស៊ុនលិច រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីចូលរួមរំលែកទុក្ខជាមួយបក្ស ប្រជាជន រដ្ឋ និង កងទ័ពវៀតណាម រួមទាំងក្រុមគ្រួសារនៃកម្មាភិបាលជាន់ខ្ពស់និងយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាជនពីគ្រោះធម្មជាតិ។



ក្នុងលិខិត ធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ សម្តេច ទៀ បាញ់ បានចាត់ទុកការបាត់បង់ជីវិតកងទ័ពវៀតណាម ក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រជាជន ថាជាពលីកម្មដ៏ខ្ពង់ខ្ពស់របស់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពវៀតណាម។ សម្តេច បន្តទៀតថា ពលីកម្មនេះ គឺជាការបាត់បង់ដ៏ធំធេងនិងគួរឲ្យគោរពកោតសរសើររបស់រដ្ឋាភិបាល រួមទាំងប្រជាជនវៀតណាម ហើយក៏ជាការបាត់បង់មិត្តដ៏ល្អរបស់រដ្ឋាភិបាល ប្រជាជន និង កងយោធពលខេមរភូមិន្ទកម្ពុជាផងដែរ។

សម្តេច ទៀ បាញ់ ដែលសរសេរលិខិតក្នុងនាមជាអ្នកតំណាងឲ្យកងទ័ពកម្ពុជាគ្រប់លំដាប់ថ្នាក់ ជូនទៅរដ្ឋមន្រ្តីការពារប្រទេសវៀតណាម បានបង្ហាញសមានចិត្តបែបនេះថា៖«យើងខ្ញុំ ចងចាំនូវវីរភាពដ៏អង់អាចក្លាហាន [នេះ] និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធកម្មាភិបាលជាន់ខ្ពស់និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម ដែលលះបង់ខ្ពស់ក្នុងបុព្វហេតុសង្គ្រោះមនុស្សជាតិ ឲ្យស្ថិតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត»។

មិនមែនតែភាគីកម្ពុជាទេ ដែលបង្ហាញសមានចិត្តទៅភាគីវៀតណាម ភាគីវៀតណាម ក៏បានបង្ហាញសមានចិត្តមកកាន់ភាគីកម្ពុជាដែរ ខណៈប្រទេសអ្នកជិតខាងទាំងពីរនេះ កំពុងជួបគ្រោះទឹកជំនន់ដូចគ្នា។

នៅថ្ងៃទី១៨ ខែតុលា លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានសរសេរលិខិតផ្ញើមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងន័យសួរសុខទុក្ខសម្តេចផង និងសួរសុខទុក្ខដល់ប្រជាជនកម្ពុជាទូទាំងប្រទេសផង ដែលកំពុងជួបគ្រោះទឹកជំនន់។

លោក ង្វៀន ស៊ួនហ្វុក មានប្រសាសន៍មកកាន់សម្តេច ហ៊ុន សែន តាមរយៈលិខិតសួរសុខទុក្ខនោះថា៖«ខ្ញុំ មានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំង ពេលទទួលដំណឹងថា ការអូសបន្លាយនៃការធ្លាក់ភ្លៀង បានធ្វើឲ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជា រងផលប៉ះពាល់ បង្កការជន់លិច និងការខូចខាតដ៏ធ្ងន់ធ្ងរដល់មនុស្សនិងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា»។

នាយករដ្ឋមន្រ្តីវៀតណាម សរសេរបន្តថា៖«ជំនួសមុខរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋសង្គមវៀតណាម ខ្ញុំ សូមផ្ញើការសួរសុខទុក្ខដោយស្មោះនិងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អាជ្ញាធរ និង ប្រជាជនតាមបណ្តាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះដោយអកុសល»។

ជាមួយគ្នានេះ លោក ង្វៀន ស៊ួនហ្វុក បង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រជាជនកម្ពុជា នឹងអាចជម្នះលើការលំបាកដោយទឹកជំនន់នេះ និងអាចធ្វើឲ្យជីវភាព មានភាពប្រក្រតីឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខ។

នៅកម្ពុជា មានពលរដ្ឋ២៥នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះទឹកជំនន់ ដោយគិតត្រឹមថ្ងៃទី១៩ ខែតុលាម្សិលមិញ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ចំណែក នៅវៀណាមវិញ ដោយសារតែទឹកជំនន់ខ្លាំង បានបណ្តាលឲ្យបាក់ដី ហើយសម្លាប់មនុស្ស៨៨នាក់ និងកងទ័ព១៧នាក់ទៀត ដោយគិតត្រឹមថ្ងៃ១៩ ខែតុលាម្សិលមិញដូចគ្នា៕

Tag:
 កម្ពុជា-វៀតណាម
  គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com