ជាតិ
មហោស្រពបង្ហើរខ្លែងខ្មែរ លើកទៅធ្វើនៅថ្ងៃ២៣ខែធ្នូវិញ រូបពីហ្វេសប៊ុក នាយកដ្ឋាន អភិវឌ្ឍន៍វប្បធម៌
× ភ្នំពេញ៖ ដោយសារការផ្ទុះឡើងជាថ្មី នៃមេរោគកូវីដ-១៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកការរៀបចំមហោស្រពបង្ហើរខ្លែងខ្មែរ ក្នុងក្របខណ្ឌទូទាំងប្រទេស ពីថ្ងៃទី១០ ខែធ្នូ ទៅធ្វើនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វិញ ដោយត្រូវប្រារព្ធនៅខេត្តបាត់ដំបង លើវិញ្ញាសាខ្លែងឯក ឬខ្លែងព្នង ដដែល។ នេះបើតាមលោក រឿង សារ៉េត ប្រធានស្ដីទីនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌។
រឿង សារ៉េត បានប្រាប់សារព័ត៌មានថ្មីៗថា មហោស្រពបង្ហើរខ្លែងខ្មែរ ត្រូវលើកថ្ងៃប្រារព្ធ ទៅធ្វើនៅថ្ងៃ២៣ខែធ្នូវិញ ដោយសារតែការរាលដាលជំងឺកូវីដ-១៩។ ប្រធានស្ដីទីនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌រូបនេះ បានពន្យល់បន្ថែមដូច្នេះថា៖«យើងបានទទួលការណែនាំពីលោកជំទាវរដ្ឋមន្ត្រី [រដ្ឋក្រសួងវប្បធម៌] ហើយ លោក [ជំទាវ] ថាឱ្យលើកទៅថ្ងៃទី២៣វិញ តែក្នុងខែ [ធ្នូនេះ] ដដែល»។
សូមបញ្ជាក់ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំងអស់ ត្រូវជ្រើសរើសសម្រិតសម្រាំងបេក្ខជន២រូប ដែលមានទេពកោសល្យផលិត «ខ្លែងមានលក្ខណៈវិចិត្រកម្ម» ខ្លែងមានបណ្ដោយស្លាបប្រវែង២ម៉ែត្រ ដល់២,២ម៉ែត្រ ពាសដោយក្រដាសយ៉ាងល្អស្អាត មានគូររូបតំណាងឱ្យរាជធានី-ខេត្តតាមរចនាប័ទ្មខ្មែរ និងត្រូវតាមខ្នាតដែលបានកំណត់។ សំឡេងឯកត្រូវតែពីរោះរណ្ដំ សោភ័ណភាពល្អ (វិចិត្រកម្ម) បង្ហើរឡើងនិងដាក់ចុះបានល្អ។ ចំណែកខ្លែងច្នៃប្រឌិតផ្សេងៗ ត្រូវមានទម្រង់ និងបច្ចេកទេសផលិតល្អ សោភ័ណភាពល្អ បង្ហើរឡើងនិងដាក់ចុះបានល្អ។
ខ្លែងឯកឬខ្លែងព្នង របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត នឹងត្រូវទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ ប្រចាំឆ្នាំ២០២០។ ចំណែក ខ្លែងច្នៃប្រឌិតរបស់បេក្ខជនស្វៃរិន ត្រូវទទួលបានចំណាត់ថ្នាក់ លេខ១ លេខ២ និង លេខ៣ ប្រចាំឆ្នាំ២០២០២៕
Tag:
ខ្លែង
មហោស្រព
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com