ជាតិ
សង្គមជាតិ
ក្រោយ​ចាប់​នារី​ថៃ​ម្នាក់​នាំចូល​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម អាជ្ញាធរ​ខ្មែរ ចាប់​បុរស​ថៃ​ម្នាក់ទៀត​ជាមួយ​គ្រឿងញៀន​៥០​គីឡូក្រាម
11, Dec 2020 , 11:42 am        
រូបភាព
ជនល្មើសជនជាតិថៃជួយដូរគ្រឿងញៀនចូលកម្ពុជា (រូបពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន)
ជនល្មើសជនជាតិថៃជួយដូរគ្រឿងញៀនចូលកម្ពុជា (រូបពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន)
ដោយ:
​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ បាន​ចាប់​បុរស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ សុរ​:​ឆៃ ខាំ​កែវ (SURACHAI KHAMKAEW) អាយុ​៣៧​ឆ្នាំ ជាមួយ​គ្រឿងញៀន​៥០​គីឡូក្រាម ដែល​នាំចូល​មកពី​ថៃ​។ បុរស​ជនជាតិ​ថៃ​រូបនេះ ត្រូវ​ចាប់ខ្លួន​នៅក្បែរ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

 
​គេហទំព័រ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ផ្សាយ​នៅ​ថ្ងៃទី​១០ ខែធ្នូ​ម្សិលមិញ​ថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នេះ គឺ​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​របស់​នា​យ​ឧត្ដមសេនីយ៍  នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោកនាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។ 
 
​នគរបាលជាតិ អះអាងថា វត្ថុតាង ដែល​សមត្ថកិច្ច​ចាប់បាន រួមមាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ៥០​កញ្ចប់​ធំ ដែល​ទម្ងន់​៥០​គីឡូក្រាម និង រថយន្ត LEXUS ៤៧០ ពណ៌​ទឹកមាស​១​គ្រឿង​។ ប្រភព​ដដែល បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ 
 
​កាលពី​ថ្ងៃទី​៥ ខែធ្នូ សមត្ថកិច្ច ក៏បាន​ចាប់បាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែរ ឈ្មោះ ផាត់ ភុំ​រតនា​
 ដែល​នាំ​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម ចូល​ម​កម្ពុជា​។ សមត្ថកិច្ច បាន​ចាប់​ស្ត្រី​ជនជាតិ​រូបនេះ នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​។   
 
​របាយការណ៍​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ហាញថា រយៈពេល​៩​ខែ គឺ​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០ សមត្ថកិច្ច បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ជាង​១,៣​ពាន់​ករណី និង​ចាប់​មនុ​ស្សបាន​២,២​ពាន់​នាក់​៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com