ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល៖ ការប្រមូលចំណូលពន្ធជាតិក្នុងឆ្នាំ២០២០ សម្រេចបានជិត១០០ភាគរយ
17, Dec 2020 , 1:25 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖  រយៈពេលជិតមួយឆ្នាំក្នុងវិបត្តិកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីពន្ធដារ-អាករគ្រប់ប្រភេទចូលជាតិបានចំនួន២,៦៩៧លានដុល្លារ ស្មើជិត៩៥ភាគរយនៃផែនការ ខណៈក្រសួងសេដ្ឋកិច្ចរំពឹងទទួលបានត្រឹមតែ៨២,៣ភាគរយប៉ុណ្ណោះ។ ថ្លែងចេញពីកម្មវិធីស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗរបស់អគ្គនាយកដ្ឋានពន្ធដារ» នាព្រឹកថ្ងៃទី១៧ធ្នូ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានអះអាងថា អគ្គនាយកដ្ឋានពន្ធ​ដារនឹងប្រមូលប្រាក់ពន្ធបានលើស៩៥ភាគរយឬដល់ជិត១០០ភាគរយនៅបំណាច់ឆ្នាំ២០២០។



សម្រាប់ផែនការប្រមូលចំណូលចូលជាតិរបស់អគ្គនាយកដ្ឋានពន្ធដារប្រចាំឆ្នាំ២០២០ មានទំហំទឹកប្រាក់សរុប ២,៨៥០លានដុល្លារ។ ផែនការនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុម័តឱ្យអគ្គនាយកដ្ឋានពន្ធ​អនុវត្ត មុនប្រទេសជាតិជួបវិបត្តិកូវីដ-១៩។

លោក គង់ វិបុល បានបញ្ជាក់ថា ស្ថានភាពនៃវិបត្តិកូវីដ-១៩ បានជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែកម្ពុជា នៅតែសម្រេចបានលទ្ធផលល្អ ក្នុងការប្រមូលពន្ធឆ្នាំ២០២០នេះ។ បើតាមលោក វិបុល លទ្ធភាពជាក់ស្តែងនៃការប្រមូលពន្ធ នៃវិបត្តិកូវីដ-១៩នេះ សម្រេចបានរហូតដល់លើស៩៥ភាគរយ លើសការរំពឹងទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យើងថាធ្វើម៉េចប្រមូល [ពន្ធ] ឱ្យបានតែជាង៨០ភាគរយ គឺជាការជោគជ័យហើយ។ ប៉ុន្តែ ឥឡូវនេះ យើងប្រមូលចំណូលពន្ធបាន៩៤,៦៣ភាគរយ នៃផែនការហើយ»។ នេះជាការលើកឡើងរបស់លោកគង់ វិបុល ដោយបន្តថា ការប្រមូលចំណូលដែលសម្រេចបានចំនួនជិត៩៥ភាគរយនេះ គឺមិនទាន់ដល់វេលាបិទបញ្ចប់នៃការប្រមូលប្រចាំឆ្នាំ២០២០ឡើយ។

អគ្គនាយកពន្ធដាររូបនេះបានបញ្ជាក់ដូច្នេះថា៖«ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ [ខែធ្នូ] យើងនឹងអាចមានសន្ទុះចំណូលច្រើនថែមទៀត។ ដូច្នេះយើងសង្ឃឹមថា ការ [ប្រមូលចំណូលពន្ធឆ្នាំនេះ] វាអាចគ្រប់ ឬគ្រប់ចំនួន[១០០ភាគរយ] នៃផែនការ»។

បើតាមលោក គង់ វិបុល កត្តាដែលជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារ មានលទ្ធភាពប្រមូលចំណូលពន្ធបានល្អប្រសើរក្នុងស្ថានភាពប្រទេសជាតិ កំពុងជួបនឹងវិបតិ្តជំងឺកូវីដ-១៩នេះ គឺដោយសារការពង្រឹងនៃអភិបាលកិច្ចល្អនៃការប្រមូលពន្ធ ការពង្រឹងនៃកសេវាកម្មចុះបញ្ជីបង់ពន្ធតាមរយៈព័ត៌មានវិទ្យា និងយុទ្ធសាស្ត្រកៀរគរប្រាក់ចំណូលរបស់រដ្ឋាភិបាល។

កាលឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធចូលថវិកាជាតិបាន២,៦៣៤លានដុល្លារ ដែលលើសផែនការប្រមាណ ៣៤៥លានដុល្លារ។ ផែនការប្រចាំឆ្នាំ២០១៩ បានកំណត់ប្រមូលពន្ធដារឱ្យបានប្រមាណ២,២៨៨ លានដុល្លារ៕

Tag:
 ពន្ធដារ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com