ជាតិ
សង្គមជាតិ
ពលរដ្ឋខ្មែរ២១រូប ដែលជាប់គាំងនៅមីយ៉ាន់ម៉ា នឹងមកដល់កម្ពុជានៅថ្ងៃ២២ ធ្នូ
22, Dec 2020 , 10:22 am        
រូបភាព
រូបភាពពី​​ទទក​
រូបភាពពី​​ទទក​
ដោយ:
ភ្នំពេញ៖ ពលរដ្ឋខ្មែរ២១នាក់ ដែលជាប់គាំងនៅមីយ៉ាន់ម៉ា នឹងមកដល់កម្ពុជាវិញ នាថ្ងៃទី២២ ខែធ្នូ នេះ ក្រោមការសម្របសម្រួលរវាងឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ពលរដ្ឋ២១រូប ដែលនឹងត្រឡប់មកកម្ពុជាវិញនោះ ជានិស្សិត ព្រះសង្ឃ និងដូនជី ដែលទើបតែបញ្ចប់ការសិក្សា និងបញ្ចប់ទស្សនកិច្ចសិក្សានៅប្រទេសមីយ៉ាន់ម៉ា។ មូលហេតុដែលពួកគេជាប់គាំងនៅមីយ៉ាម៉ានេះ ដោយសារតែអាជ្ញាធរប្រទេសសាមី រឹតត្បិតការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
 
បើតាមលោក កុយ គួង ពួកគេកំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមជើងយន្តហោះCharter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា(Myanmar Airways International) លេខ ៨M ៤០១ RGN-PNH។ ពួកគេនឹងមកដល់កម្ពុជាវេលា ម៉ោង១២កន្លះថ្ងៃត្រង់ថ្ងៃនេះ។ 
 
អ្នកនាំពាក្យក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិរូបនេះបានបញ្ជាក់ថា នៅពេលដែលពលរដ្ឋទាំងនោះមកដល់កម្ពុជាវិញ ពួកគេតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យគ្រប់១៤ថ្ងៃ រហូតទាល់តែលទ្ធផលអវិជ្ជមានកូវីដ-១៩ ទើបពួកគេអាចវិលត្រឡប់ទៅគេហដ្ឋានវិញ៕ 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com