ជាតិ
សេដ្ឋកិច្ច
គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ស្នើឱ្យឈ្មួញផ្អាកយកត្រីវៀតណាម
26, Dec 2020 , 10:22 am        
រូបភាព
លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម និងជា ប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា
លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម និងជា ប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា
ភ្នំពេញ៖ លោក ហាស់ សារ៉េត ប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា បានស្នើឱ្យឈ្មួញត្រីគ្រប់រូបផ្អាកយកត្រីរបស់រៀតណាម ដោយងាកមកប្រមូលទិញត្រីរបស់កសិករដែលចិញ្ចឹមនៅតាមបណ្តាខេត្ត យកមកចែកចាយលក់បន្តនៅលើទីផ្សារនានាវិញ។ ការស្នើដល់ឈ្មួញឱ្យងាកមកទិញត្រីក្នុងស្រុកវិញនេះ គឺធ្វើឡើងបន្ទាប់វារីវប្បករចិញ្ចឹមត្រីនានា លើកឡើងពីបញ្ហាតម្លៃត្រីចិញ្ចឹមក្នុងស្រុកកំពុងចុះថោកខ្លាំង មិនដែលធ្លាប់ពីមុនមក  ព្រោះតែការនាំចូលត្រីពីវៀតណាមដ៏លើសលុប។


 
បើតាមលោក ហាស់ សារ៉េត  កាលព្រឹកថ្ងៃទី២៥ធ្នូ  គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា  បានជួបប្រជុំលើកដំបូងជាមួយឈ្មួញទិញត្រីប្រភេទពីវៀតណាមប្រមាណ១០នាក់ និងសមាគមវារីប្បករនៅកម្ពុជា ដើម្បីដោះស្រោយចំពោះលើបញ្ហាតម្លៃត្រីចិញ្ចឹមក្នុងស្រុកដែលបានធ្លាក់ថ្លៃយ៉ាងគំហុកក្នុងរយៈពេលមួយខែមកនេះ។  សម្រាប់ដំណោះស្រោយនៃបញ្ហាត្រីចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃខ្លាំងបែបនេះ លោក សារ៉េត បានស្នើឱ្យឈ្មួញគ្រប់រូបផ្អាកយកត្រីរបស់វៀតណាមចំពោះប្រភេទត្រីណា ដែលវារីវប្បករខ្មែរ ចិញ្ចឹមបាន ដូចជាត្រីប្រា ត្រីពោ ត្រីស្តោ និងត្រីអណ្តែងជាដើម មកចែកចាយលក់បន្តនៅទីផ្សារ។


 
ប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ឈ្មួញត្រីបានទទួលយកសំណើរបស់ខ្ញុំហើយ ក្នុងការផ្អាកយកត្រីរបស់វៀតណាមសិន ហើយងាកមកជួយទិញរបស់វារីវប្បករយើងក្នុងតម្លៃសមរម្យណាមួយវិញ»។ ជាមួយគ្នានេះ លោក សង្ឃឹមថាតម្លៃត្រីនានារបស់វារីវប្បករក្នុងស្រុក នឹងមានតម្លៃល្អប្រសើរឡើងវិញ ក្នុងរយៈពេលមួយសប្តាហ៍ទៀត យ៉ាងយូរ។ 
 
ពាក់ព័ន្ធនឹងសំណើរបស់គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជាក្នុងការឱ្យឈ្មួញផ្អាកយកត្រីរបស់វៀតណាម មកលក់លើទីផ្សារពិបាកណាស់ ប្រសិនបើការនាំចូលត្រីពីវៀតណាមច្រើននៅមានរាល់ថ្ងៃបែបនេះ។ នេះជាការលើកឡើងរបស់ លី សុខា វារីវប្បករចិញ្ចឹមត្រីពោ នៅក្នុងខេត្តតាកែវ។ 


 
វារីវប្បករដែលមានត្រីពោជិត៥តោន ពេញសាច់ និងពេញទម្ងន់ ត្រូវបញ្ចេញលក់នៅលើទីផ្សាររូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«បើចង់ជួយកសិករពិតមែន គួរណាស់ខាងគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ស្នើឱ្យក្រសួងផ្អាកឬបិទការនាំចូលត្រីពីវៀតណាម! មិនមែនស្នើសុំឈ្មួញឱ្យផ្អាកយកត្រីរបស់រៀតណាម ហើយមកទិញត្រីនោះទេ។ លោក សុខា បន្តនិយាយដូច្នេះ៖ «ត្រីវៀតណាម មានគេលួចដឹកចូលដល់កន្លែងបោះដុំក្នុងដីខ្មែររាល់ថ្ងៃ! ហើយត្រីវៀតណាម គឺថោកជាងត្រីខ្មែរ...អ៊ីចឹងឈ្មួញឯណា សុខចិត្តយកត្រីរបស់វារីវប្បករយើងទៅលក់បន្ត ដោយទទួលបានប្រាក់ចំណេញតិចនោះ»។ 
 
បញ្ហាត្រីកំពុងធ្លាក់ថ្លៃខ្លាំង ហើយគ្មានឈ្មួញមកទិញក្នុងស្រះ ដែលវារីវប្បករនានាកំពុងជួបប្រទះនេះ  លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានដាក់សំណើទៅរដ្ឋមន្ត្រីកសិកម្ម តាមរយៈគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្នុងការបិទ ឬផ្អាកការនាំចូលនូវប្រភេទត្រីមួយចំនួនពីវៀតណាម ផងដែរ។ បើតាមលោក សុខ រ៉ាដែន ការដាក់សំណើសុំផ្អាកការនាំចូលត្រីពីវៀតណាមនោះមាន ប្រភេទត្រីអណ្តែង ត្រីប្រា ត្រីពោ និងត្រីស្តោ ដើម្បីជួយស្តារឡើងវិញនូវតម្លៃត្រីចិញ្ចឹមរបស់វារីវប្បករក្នុងស្រុក និងសិក្សាអំពីលទ្ធភាពនៃផ្គត់ផ្គង់ត្រីនៅលើទីផ្សារពីសំណាក់ប្រជាកសិករចិញ្ចឹមត្រីនៅក្នុងប្រទេស។ 
 
ប្រភេទត្រីនីមួយៗសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ននេះ លោក សុខ រ៉ាដែន និយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ខ្ញុំហ៊ានអះអាងថា ចំពោះត្រីប្រា វារីវប្បករយើង គឺអាចផ្គត់ផ្គងគ្រប់តម្រូវការទីផ្សារបានទាំងស្រុង។ ដូច្នេះ ខ្ញុំសុំកុំឱ្យមានការនាំចូលនូវប្រភេទនេះទៀត។ ហើយចំពោះការចិញ្ចឹមត្រីពោ និងត្រីផ្សេងៗទៀត ក៏យើងមានសន្ទុះកើនឡើងខ្លាំងផងដែរ»។ 
 
ជាមួយនឹងគ្នានេះ លោក រ៉ាដែន ក៏បានលើកឡើងថា ក្រោយមានការអន្តរាគមន៍ពីគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា មានឈ្មួញចំនួនបានសម្រេចចិត្តផ្អាកយកត្រីរបស់វៀតណាមហើយងាកមកយកត្រីរបស់វារីវប្បករក្នុងស្រុកនានា សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារផងដែរ។ លោកបានបញ្ជាក់ថា ឈ្មួញឬពាណិជ្ជករ បានយល់ព្រមប្រមូលទិញត្រីអណ្តែង ត្រីស្តោ ត្រីរ៉ស់ និងត្រីក្រាញ់ ពីវារីវប្បករទាំងក្នុងសមាគម និងក្រៅសមាគម៕ 
 
 
 

Tag:
 កសិកម្ម
  ត្រី
  វារីវប្បករ
 
© រក្សាសិទ្ធិដោយ thmeythmey.com