COVID-19
ជាតិ
មន្ទីរពេទ្យឯកជន មិនមានសិទ្ធិព្យាបាលអ្នកឆ្លងសង្ស័យកូវីដ-១៩ឡើយ
26, Dec 2020 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាលណែនាំឲ្យកន្លែងសម្រាកព្យាបាលឯកជនទាំងអស់ បញ្ជូនអ្នកមានរោគសញ្ញាសង្ស័យឆ្លងកូវីដ-១៩ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តនិងពេទ្យមិត្តភាពខ្មែរ-សូវៀត មិនត្រូវអនុញ្ញាតឲ្យជនសង្ស័យព្យាបាលនៅកន្លែងរបស់ខ្លួនឡើយ។ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់កុំឲ្យមានការរាតត្បាតកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងសហគមន៍។

 
កាលលពីថ្ងៃទី២៥ធ្នូនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានចេញលិខិតជម្រាបជូនដល់ម្ចាស់សេវាពិនិត្យឯកជនទាំងអស់ថា ប្រសិនបើរកឃើញនរណាម្នាក់ចូលក្នុងករណីសង្ស័យកូវីដ-១៩ ត្រូវពន្យល់អ្នកជំងឺឲ្យដឹងអំពីជំងកូវីដ-១៩បន្ថែម ហើយដាក់នៅដោយឡែក។ 
 
ទន្ទឹមនឹងនេះ ម្ចាស់សេវាពិនិត្យឯកជនត្រូវសហការជាមួយក្រសួងឬមន្ទីរសុខាភិបាល ដើម្បីបញ្ជូនជនសង្ស័យទៅពេទ្យបង្អែកខេត្តនិងពេទ្យមិត្តភាពខ្មែត-សូវៀត។ ក្រសួងសង្កត់ធ្ងន់ថា «មិនអនុញ្ញាតឲ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺ ដែលសង្ស័យថាជាជំងឺកូវីដ-១៩ នៅតាមកន្លែងពិនិត្យព្យាបាលឯកជនរបស់ខ្លួនឡើយ»។ 
 
ក្រសួងសុខាភិបាលក៏អំពាវនាវឲ្យម្ចាស់សេវាពិនិត្យឯកជនទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការអនាម័យ ទីកន្លែងស្អាត ពាក់ម៉ាស់ លាងដៃសម្លាប់មេរោគជាដើម។ លើសពីនេះ គ្រូពេទ្យនិងបុគ្គលិកទាំងអស់ដែលបានប៉ះពាល់អ្នកជំងឺដែលសង្ស័យឆ្លងកូវីដ-១៩នោះ ត្រូវធ្វើចត្តាឡីស័ក យកសំណាកទីពិនិត្យ និងតាមដានសុខភាពជាប្រចាំ។ 
 
និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ គឺសញ្ញាដូចជា គ្រុនក្ដៅយ៉ាងតិច៣៧.៥អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ ហត់ ពិបាកដកដង្ហើម។ ជាមួយគ្នាដែរ បុគ្គលដែលមានប្រវត្តិធ្វើដំណើរឆ្លងខេត្ត ឬក្រៅប្រទេសនៅអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា។ ក្រៅពីនេះ គឺអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឬរស់នៅតំបន់ដែលមានឆ្លងកូវីដ-១៩ចូលសហគមន៍៕  
 

Tag:
 សុខាភិបាល
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com