ជាតិ
ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ តែអាហារូបករណ៍ទៅបរទេសមានសន្ធឹកសន្ធាប់សម្រាប់និស្សិតខ្មែរ
26, Dec 2020 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញគម្រោងប្រទេសចំនួន៣៥ប្រទេសដែលគ្រោងនឹងផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរជាង១៧០០នាក់ សម្រាប់សិក្សានៅបរទេសក្នុងឆ្នាំសិក្សា២០២១ ខាងមុខ។

 
 
ក្រសួងអប់រំបានបញ្ជាក់ថា ប្រទេសដែលគ្រោងផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរនោះមានដូចជាប្រទេសថៃ ចិន វៀតណាម ជប៉ុន ហុងគ្រី រុស្សី  គុយបា ឡាវ មីយ៉ាន់ម៉ា និង អង្គការសហប្រជាជាតិ រួមទាំងបណ្តាប្រទេសដទៃទៀត។ 
 
អាហារូបករណ៍របស់ប្រទេសថៃគឺគ្រោងផ្តល់ច្រើនជាងគេ និងផ្តល់២លើក គឺលើកទី១ចំនួន១ពាន់នាក់ និងលើកទី២ចំនួន២០០ទៅ៣០០នាក់ សម្រាប់បណ្ឌិត,បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ។ ការប្រឡងយកអាហារូបករណ៍លើកទី១នៅខែកញ្ញា ឆ្នាំ២០២១ និងលើកទី២នៅខែធ្នូ ឆ្នាំ២០២១។ 
 
អាហារូបករណ៍របស់ចិននឹងផ្តល់ឲ្យនិស្សិតខ្មែរចំនួន២០០នាក់ សម្រាប់និស្សិតដែលសិក្សាក្រោយថ្នាក់ឧត្តមសិក្សា។ ពួកគេនឹងត្រូវប្រឡងនៅខែមករា ឆ្នាំ២០២១។ ចិនក៏ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០នាក់ដែរ។ ពួកគេត្រូវប្រឡងនៅចន្លោះខែមីនា ខែមិថុនា និងខែកក្កដា ឆ្នាំ២០២១។ 
 
វៀតណាមនឹងផ្តល់អាហារូបករណ៍ឲ្យនិស្សិតបរិញ្ញាបត្រចំនួន១០០នាក់។ ពួកគេត្រូវប្រឡងនៅខែមិថុនា។ ប្រទេសជប៉ុនក៏នឹងផ្តល់អាហារូបករណ៍ដល់និស្សិតក្រោយឧត្តមសិក្សា មធ្យមសិក្សាបច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈចន្លោះពី៣០នាក់ទៅ៥០នាក់។ ពួកគេត្រូវប្រឡងនៅខែមិថុនា។ ម្យ៉ាងទៀតជប៉ុនក៏ផ្តល់អាហារូបករណ៍ដល់គ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥នាក់ផងដែរ។ ពួកគេនឹងត្រូវប្រឡងនៅខែកុម្ភៈ ឆ្នាំ២០២១។ 
 
ប្រទេសហុងគ្រីផ្តល់អាហារូបករណ៍សម្រាប់និស្សិតក្រោយឧត្តមសិក្សាចន្លោះពី១៥ទៅ៣០នាក់។ ពួកគេនឹងត្រូវប្រឡងនៅខែកុម្ភៈ។ រុស្សីនឹងផ្តល់អាហារូបករណ៍ដល់ថ្នាក់ឧត្តមសិក្សាចន្លោះពី១៥ ទៅ២០នាក់។ ពួកគេត្រូវប្រឡងនៅខែឧសភា។ 
 
គុយបាផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាចំនួន២ ទៅ៤នាក់។ ពួកគេត្រូវប្រឡងនៅខែឧសភា។ ឡាវផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥នាក់។ កាលបរិច្ឆេទប្រឡងនៅខែសីហា។ ប្រទេសមីយ៉ាន់ម៉ាផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០នាក់។ កាលបរិច្ឆេទប្រឡងនៅខែធ្នូ។
អង្គការសហប្រជាជាតិក៏នឹងផ្តល់អាហារូបករណ៍វិជ្ជាជីវៈដោយមិនកំណត់ផងដែរ។ កាលបរិច្ឆេទប្រឡងនៅខែធ្នូ ឆ្នាំ២០២១។ រួមទាំង២០ប្រទេសទៀតក៏គ្រោងនឹងផ្តល់អាហារូបករណ៍ផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញចំនួនបេក្ខជនជាង១ម៉ឺននាក់ដែលគ្រោងប្រឡងយកអាហារូបករណ៍នៅប្រទេសខាងលើនេះ៕ 
 
 
 
 

Tag:
 អប់រំ
  អាហារូបករណ៍
 និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com